កុមារកងទ័ព

សែម អេង[1] មានអាយុ៣៧ឆ្នាំ (២០០១) រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមវាយកាន់កាប់បានទីក្រុងភ្នំពេញ។ ឪពុករបស់ អេង បាននាំសមាជិកគ្រួសារទៅរស់នៅតំបន់ទួលកី តាមរយៈការចាត់តាំងរបស់មេកង។ អេង ទៅរស់នៅទីនោះ អង្គការចាត់តាំងឱ្យគាត់ធ្វើស្រែ និងកាប់ដី។ អេង បានបញ្ជាក់ប្រាប់ថា នៅរបបខ្មែរក្រហមការធ្វើការងារកសិកម្មនៅតំបន់នោះ គឺមិនប្រើកម្លាំងរបស់សត្វគោ និងក្របីនោះទេ គឺប្រើកម្លាំងរបស់មនុស្សជំនួស។ មិនត្រឹមតែប៉ុណ្ណោះ ទិន្នផលស្រូវគឺខ្មែរក្រហមជាអ្នករក្សាទុក មិនមែនជាកម្មសិទ្ធិឯកជនរបស់ប្រជាជនណាម្នាក់ឡើយ។

នៅរបបខ្មែរក្រហម កុមារមិនបានសិក្សាជ្រៅជ្រះនោះទេ មានតំបន់តិចណាស់ដែលកុមារបានរៀនអក្សរ។ អេង បាននិយាយថា នៅអំឡុងពេលដែលគាត់ទៅរស់នៅតំបន់ទួលកី គាត់មិនដែលបានរៀនអក្សរឡើយ ព្រោះត្រូវចំណាយពេលដើម្បីធ្វើការងារតាមតួនាទីដែលអង្គការចាត់តាំង។ នៅក្នុង​រយៈពេលមួយថ្ងៃ គាត់ចំណាយពេល៨ម៉ោង នៅកន្លែងការងារ ដែលរាប់ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់ និងនៅពេលថ្ងៃចាប់ពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច។ នៅពេលនោះ ការងាររបស់ អេង ត្រូវយាមនៅមន្ទីរពេលយប់ឡើង ដូច្នេះហើយគាត់មិនមែនបំពេញការងារត្រឹមតែ៨ម៉ោងត្រឹមនោះទេ។ យោងតាមសៀវភៅ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» បានសរសេរបញ្ជាក់ថា ប្រជាជនស្ទើរគ្រប់រូបធ្វើការងារច្រើនជាង១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយគ្មានពេលសម្រាកឬទទួលទានអាហារបានគ្រប់គ្រាន់ទេ។ ប្រជាជនជួនកាលត្រូវធ្វើការពីព្រលឹមស្រាងៗរហូតដល់ពាក់កណ្ដាលយប់ទើបឈប់សម្រាក។[2]

នៅពេលខ្មែរក្រហមវាយរំដោះទីក្រុងភ្នំពេញបានពីរបប លន់ នល់ ដំបូងឡើយ នៅពេលយប់ឡើងគឺតែងតែមានអ្នកចាំយាមមន្ទីរជាប់ជានិច្ច ព្រោះតែខ្មែរក្រហមខ្លាចមានជនបង្កប់នៅក្នុងកង។ ក្រុមកុមារ ធ្វើការជាមួយ អេង មានគ្នាចំនួន១២នាក់ អាយុប្រហាក់ប្រហែលគ្នា។ ដូចជាការសង្ស័យរបស់ខ្មែរក្រហម មានជនបង្កប់ចំនួន២នាក់ ដែលលាក់ខ្លួននៅក្នុងកងដែល អេង រស់នៅ។ ទាំង២នាក់នោះ បានធ្វើសកម្មភាពបោកគ្រាប់បែកបណ្ដាលឱ្យមានមនុស្សចំនួន៣នាក់បាត់បង់ជីវិត និងរបួសចំនួន៨នាក់។ ខ្មែរក្រហម បានចាប់ខ្លួនអ្នកទាំង២នាក់នោះ ហើយបានសម្លាប់ចោលភ្លាមៗ។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបានផ្លាស់ប្ដូរ អេង ចេញពីតំបន់ទួលកី ឱ្យទៅរស់នៅតំបន់កំពង់យោលវិញ។ នៅទីនោះ អេង បានចូលរួមធ្វើជាកងទ័ព និងគ្រូពេទ្យនៅមន្ទីរវរសេនាធំ១២ ដែលចាំជួយនៅសមរភូមិក្រោយ។ ក្រៅពីនោះគាត់មានការងារផ្សេងបន្ថែមទៀតគឺ ដេញសត្វកណ្ដុរកុំឱ្យចូលកាត់បំផ្លាញស្រូវ, កាត់ស្មៅ និងជានីរសាររត់សំបុត្រ។ ការងាររបស់ អេង នៅពេលនោះមិនច្បាស់លាស់ឡើយ គឺស្រេចទៅលើការចាត់តាំងរបស់អង្គការ។

នៅឆ្នាំ១៩៧៧ អេង បានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ នៅជិតនឹងស្តាតចាស់។ ក្រោយពីរស់នៅភ្នំពេញបានមួយរយៈ អេង ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៨ អេង បានទៅដល់ភូមិភាគបូព៌ា ធ្វើជាគ្រូពេទ្យថ្មើរជើងចាំជួយព្យាបាលទាហានដែលរបួសមកពីសមរភូមិ។ អេង បានបញ្ជាក់ថា គាត់មិនធ្លាប់បានរៀនជំនាញពេទ្យពីមុនមកនោះទេ។ ដំបូងឡើយ ខ្មែរក្រហមបានចាត់តាំងឱ្យ អេង ទទួលការងារជាអ្នកដួសបាយ ឬបបរសម្រាប់អ្នកជំងឺ និងគ្រូពេទ្យ ក្រោយមកទើបមានពេទ្យម្នាក់ឈ្មោះ ស្នា ជាប្រធានបានបង្រៀនគាត់ពីរបៀបសង្រ្គោះបឋម, របៀបព្យាបាលជំងឺ និងការចាក់ថ្នាំ។ អេង ធ្វើការងារនៅទីនោះបានមួយរយៈ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[3] អេង មានសេរីភាព មករស់នៅខេត្តតាកែវវិញ៕

[1] ឯកសារលេខ D25120, សែម អេង (កុមារកងទ័ព), បទសម្ភាសដោយ គឹម កែវកន្និដ្ឋា, នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០១,​ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០), ទំព័រ ៤៧។

[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព (ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។


អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin