មាស ឃា ៖ ខ្ញុំមិនដែលបានទទួលដំណឹងពីឱពុកម្តាយនិងបងប្អូនទេ ចាប់តាំងពីខ្ញុំមកធ្វើការនៅរោងចក្រសំឡីគនៅក្រុងភ្នំពេញ ក្នុងរបបខ្មែរក្រហម

«ចាប់តាំងពីខ្ញុំចាកចេញពីស្រុកកំណើតពីខេត្តស្វាយរៀងមកធ្វើការនៅភ្នំពេញ ខ្ញុំមិនដែលទទួលដំណឹងពីបងប្អូន និងឪពុកម្តាយ ហើយខ្ញុំក៏មិនដែលបានទៅលេងស្រុកកំណើតដែរ រហូតដល់ឆ្នាំ១៩៩៣»។

ខ្ញុំឈ្មោះ មាស ឃា[1] កើតឆ្នាំ១៩៦២​ នៅភូមិបារាយ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ជ័យ រ៉ក និងមានកូនចំនួន៣នាក់។ ខ្ញុំមានឪពុកឈ្មោះ មាស ជុំ និងម្តាយឈ្មោះ ពៅ ផាន់។ ឪពុកម្តាយខ្ញុំស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ហើយក្នុងចំណោមបងប្អូនរបស់ខ្ញុំទាំង៥នាក់គឺនៅរស់តែខ្ញុំម្នាក់ប៉ុណ្ណោះ ក្រៅពីនោះបានស្លាប់ក្នុងរបបខ្មែរក្រហមអស់ហើយ។ កាលពីកុមារ ខ្ញុំបានចូលរៀននៅសាលាក្នុងភូមិបានមួយរយៈ ក៏ទទួលដំណឹងថា លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ទើបខ្ញុំឈប់រៀន។

នៅពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យទៅនៅកងកុមារភូមិបារាយ។ ការងាររបស់ខ្ញុំគឺជីកប្រឡាយ ដោយចល័តពីទីកន្លែងមួយទៅទីកន្លែងមួយទៀត ហើយឆ្លៀតពេលទំនេរខ្មែរក្រហមបានឱ្យខ្ញុំចូលរៀន ប៉ុន្តែខ្ញុំបានរៀនមួយរយៈខ្លីប៉ុណ្ណោះ។ ពេលធ្វើនៅចល័តកុមារ ខ្ញុំដឹងថាខ្មែរក្រហមយកមនុស្សចេញពីកង ហើយបាត់ខ្លួនជាបន្តបន្ទាប់ដែរ។ នៅក្នុងតំបន់ដែលខ្ញុំរស់នៅគឺមានគុកមួយឈ្មោះ «គុកទប់ខ្សាច់» គឺជាកន្លែងឃុំឃាំង និងសម្លាប់អ្នកទោសដែលខ្មែរក្រហមបានចោទថា «បានប្រព្រឹត្តកំហុស និងប្រឆាំងអង្គការបដិវត្តន៍»។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានជ្រើសរើសខ្ញុំ និងកុមារឈ្មោះ រិន ដែលរស់នៅក្នុងភូមិជាមួយខ្ញុំយកទៅធ្វើការនៅភ្នំពេញ។ ខ្ញុំមកជិះឡាននៅព្រៃគគីរ រួមជាមួយកុមារប្រុស-ស្រី១០០នាក់ទៀត ដោយមានឡានចំនួន៦គ្រឿងនៅរង់ចាំដឹកកុមារ។ ខ្ញុំត្រូវដេកនៅតាមផ្លូវមួយយប់។ ខ្ញុំបានទៅដល់ភ្នំពេញនៅថ្ងៃបន្ទាប់ ហើយខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅរោងចក្រផលិតសំឡីគ នៅម្តុំវត្តទួលទំពួង ដែលមានកុមារសរុបទាំងអស់ប្រមាណ៥០នាក់ ដោយមានប្រធានកងឈ្មោះ ថា គឺជាអ្នកគ្រប់គ្រង។ ខ្មែរក្រហមឱ្យខ្ញុំទៅសម្រាកនៅផ្ទះមួយកន្លែង រួចហើយរៀបចំបាយឱ្យខ្ញុំនិងកុមារផ្សេងទៀតហូប។ រៀងរាល់ថ្ងៃបន្ទាប់ពីខ្ញុំហូបអាហាររួច ខ្ញុំត្រូវចូលធ្វើការដោយវាយបំបែកផ្លែគទុំយកសំឡី ចំណែកគ្រាប់គខ្ញុំត្រូវយកទៅទុកមួយឡែក។ ខ្ញុំប្រមូលសំឡីគទាំងនោះទៅច្រកចូលក្នុងបាវ រួចហើយទើបខ្មែរក្រហមយកឡានមកដឹកសំឡីទៅកៀបបន្តទៀត។ ខ្ញុំមិនដឹងថាខ្មែរក្រហមយកសំឡីគដែលកៀបរួចហើយទៅណាទេ។

ខ្ញុំធ្វើការនៅកន្លែងផលិតសំឡីគនៅពេលថ្ងៃ ហើយពេលយប់ប្រធានកងដឹកខ្ញុំនិងកុមារផ្សេងទៀតនៅក្នុងកង ទៅវាយអុងម៉ុងនៅសង្កាត់ច្រាំងចំរេះ (ឫស្សីកែវ)។ ខ្ញុំវាយអុងម៉ុងរហូតដល់ម៉ោង១១យប់ ទើបប្រធានកងឱ្យខ្ញុំ និងកុមារផ្សេងទៀតឈប់សម្រាក រួចហើយដឹកយើងត្រឡប់មកដេកនៅទួលទំពួងវិញ។ ខ្ញុំធ្វើការងារទាំងនេះរាល់ថ្ងៃ និងមានការហត់នឿយយ៉ាងខ្លាំង។

នៅពេលប្រជុំការងារនៅរោងចក្រគម្តងៗ ក៏មានការសួរនាំប្រវត្តិរូបខ្ញុំថាមកពីខាងណា? ពេលនោះខ្ញុំបានឆ្លើយប្រាប់ថា មកពីខេត្តស្វាយរៀង។ ពេលស្តាប់ឮខ្ញុំឆ្លើយដូច្នេះ អ្នកធ្វើការនៅក្នុងកងរបស់ខ្ញុំបាននិយាយថា «ពួកស្វាយរៀងក្បត់ជាតិ» ប៉ុន្តែខ្មែរក្រហមមិនបានចាប់ខ្លួនខ្ញុំឡើយ ប្រហែលដោយសារខ្ញុំនៅវ័យក្មេង។ ទោះបីយ៉ាងណា ពេលនោះខ្មែរក្រហមក៏មានការចាប់ខ្លួនមនុស្សដែលមានវ័យច្រើនជាងខ្ញុំដែរ រួចហើយបញ្ជូនទៅពេជ្រនិល។ ខ្ញុំមិនដឹងថាអ្នកដែលខ្មែរក្រហមចាប់ខ្លួនទាំងនោះមានវាសនាយ៉ាងណានោះទេ។

នៅពេលកងទ័ពវៀតណាមវាយចូលមកនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានរត់គេចខ្លួនចេញពីរោងចក្រសំឡីគ សំដៅទៅទិសខាងលិចជាប់ព្រំដែនខ្មែរ-ថៃ។ អំឡុងពេលនោះ មានមនុស្សច្រើនណាស់មកពីអង្គភាព និងតំបន់ផ្សេងៗលាយចម្រុះគ្នាបានរត់ភៀសខ្លួនដូចខ្ញុំដែរ ដោយសារតែស្ថានភាពច្របូកច្របល់ខ្លាំង។ ពេលខ្ញុំទៅដល់ព្រំដែនថៃ គឺមានអង្គការអន្តរជាតិនៅរង់ចាំជួយខ្ញុំនិងជនភៀសខ្លួនផ្សេងទៀត និងបានបញ្ជូនខ្ញុំទៅនៅជំរំជនភៀសខ្លួនស្រះកែវ ក្នុងទឹកដីប្រទេសថៃ។ បន្ទាប់មក ខ្ញុំបានផ្លាស់ទៅជំរំជនភៀសខ្លួនខាវអ៊ីដាង ដោយទទួលបានរបបអង្ករហូបប្រចាំខែ និងសម្ភារប្រើប្រាស់មួយចំនួន។ ខ្ញុំបានចូលរៀនអក្ខរកម្មនៅជំរំជនភៀសខ្លួនខាងអ៊ីដាង រហូតចេះអាន និងសរសេរបានខ្លះៗ។ ក្រោយមក ខ្ញុំបានដាក់ពាក្យសម្ភាសន៍ទៅរស់នៅប្រទេសទី៣ ប៉ុន្តែខ្ញុំសម្ភាសន៍ធ្លាក់។ នៅឆ្នាំ១៩៩៣ ខ្ញុំក៏បានត្រឡប់មករស់នៅស្រុកកំណើតនៅស្រុកចន្រ្ទា ខេត្តស្វាយរៀងវិញ។

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ, ផាន់ សុជា សម្ភាសន៍ជាមួយ មាឃ ឃា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបារាយ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៥។


អត្ថបទដោយ សោម ប៊ុនថន

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin