កែប តូច ៖ កុមារលះបង់នៅក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ កែប តូច[1] បច្ចុប្បន្នអាយុ ៦៣ ឆ្នាំ ជាស្ត្រីម្នាក់ដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត។ ខ្ញុំជាកូនពៅក្នុងចំណោមបងប្អូន៧ នាក់ (ស្រី ៥ ប្រុស ២) ដែលមានស្រុកកំណើតនៅខេត្តតាកែវ។ ឪពុកខ្ញុំឈ្មោះ កែប ឆន និងម្ដាយខ្ញុំឈ្មោះ ភី (គាត់បានចែកឋានទៅហើយ)។ ខ្ញុំមានស្វាមីឈ្មោះ ដាំ វ៉ាន់ឃុត (គាត់ក៏ស្លាប់ដែរ) ហើយយើងមានកូន ៥ នាក់ (ស្រី ២ ប្រុស ៣)។ មូលហេតុដែលគ្រួសារខ្ញុំបានផ្លាស់ពីតាកែវមករស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងដោយសារសម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសផ្ដល់ការឧបត្ថម្ភដល់ប្រជារាស្ត្រណាដែលមានបំណងចង់មករស់នៅទីនេះ។ ព្រះអង្គបានផ្ដល់ទាំងផ្ទះ ដីភូមិ ដីស្រែចម្ការ សត្វចិញ្ចឹម ដំណាំដាំដុះ និងប្រាក់បៀវត្សរ៍ប្រចាំខែ។ ដូច្នេះហើយ ឪពុកខ្ញុំក៏សម្រេចចិត្តដឹកនាំគ្រួសារទាំងមូលមកចាប់ផ្ដើមជីវិតថ្មីនៅទីនេះ រហូតខ្ញុំបានធំដឹងក្ដីនៅទីនេះ។ ខ្ញុំនៅចាំបានយ៉ាងច្បាស់នូវទិដ្ឋភាពដ៏អ៊ូអរមួយ គឺនៅពេលដែលសម្ដេចព្រះនរោត្តម សីហនុ យាងមកសម្ពោធ បុរីអូរស្វាយ។ ពេលនោះ មនុស្សម្នាចាស់ក្មេងយ៉ាងច្រើនកុះករបានមកចាំទទួលព្រះអង្គ ហើយសម្ដេចក៏បានយាងតាមរថយន្តទ័ព និងបោះក្រណាត់ និងថវិកាចែកជូនប្រជាជនតាមភូមិ។
ជីវិតដ៏សុខសាន្តនេះបានប្ដូរទៅជាភាពលំបាកវេទនាបំផុតនៅពេលដែលប្រទេសធ្លាក់ចូលក្នុងរបបខ្មែរក្រហម។ អង្គការបានជម្លៀសគ្រួសារខ្ញុំពីភូមិអូររុន ទៅភូមិអូរននោង បន្ទាប់មកទៅស្រុកសៀមប៉ាង។ ក្នុងសម័យនោះ ការហូបចុកគឺជាបញ្ហាប្រឈមដ៏ធំ។ អាហាររបស់អង្គការមិនអាចឲ្យឆ្អែតបានឡើយ ហើយបើចង់បាន បាយក្ដាំងបរិភោគខ្ញុំត្រូវតែរែកទឹកដាក់ពាងឲ្យពេញជាមុនសិន។ ឪពុកខ្ញុំត្រូវតែទៅលួចដំឡូង, ផ្លែល្វា និងគល់ចេកខ្លះមកលាយបន្ថែមដើម្បីបានរស់តទៅមុខទៀត។ ខ្ញុំនៅចាំថា បងខ្ញុំពេលឃ្លានខ្លាំងពេក គាត់បានយកកន្ទក់មកស្ងោរជាមួយត្រកួន។ មួយឆ្នាំៗ គ្រួសារខ្ញុំខំធ្វើស្រែចម្ការណាស់ ប៉ុន្តែស្រូវអង្ករទាំងនោះត្រូវបានអង្គការយកទៅទុកទាំងអស់ មិនអាចបរិភោគបានឡើយ។
ក្រៅពីការអត់ឃ្លាន ខ្ញុំមិនបានរស់នៅជុំគ្រួសារនោះទេ គឺត្រូវបានអង្គការបញ្ជូនទៅ ក្រុមកុមារលះបង់។ នៅទីនោះសមាជិកគ្រួសារត្រូវទៅជីក ឫសពោន, ឬឫសសំរោង មកដុតចែកគ្នាបរិភោគដើម្បីទប់ទល់នឹងភាពស្រេកឃ្លាន។ អង្គការក៏បានបង្រៀនអក្សរខ្ញុំតែពេលយប់ៗ ប្រហែលមួយម៉ោងប៉ុណ្ណោះ ធ្វើឲ្យខ្ញុំមិនចេះអក្សររហូតមកដល់សព្វថ្ងៃនេះ។ ចំណែកឯការស្លៀកពាក់វិញ ខោអាវពណ៌សក៏ត្រូវតែយកទៅត្រាំរុក្ខជាតិម្យ៉ាងឲ្យចេញជាពណ៌ខ្មៅ ទើបអាចស្លៀកពាក់បាន។
អ្វីដែលខ្ញុំមិនអាចបំភ្លេចបាន គឺទង្វើដ៏ឃោរឃៅរបស់អង្គការ។ ខ្ញុំធ្លាប់ឃើញអង្គការយកមនុស្សទៅសម្លាប់។ ខ្ញុំនៅចាំរឿងលោក ពូរី ដែលអង្គការបានកុហកគាត់ថា ទៅយកសម្ភារ ហើយថ្ងៃបន្ទាប់ ឪពុកខ្ញុំបានប្រទះឃើញគាត់ត្រូវបានគេ ចងក នឹងមែកឈើ ហើយត្រូវវះយកថ្លើមទៀតផង។ ឪពុកខ្ញុំភ័យតក់ស្លុតរហូតដល់ឈឺជ្រុះសក់ ហើយបានហាមខ្ញុំ និងម្ដាយដាច់ខាតមិនឲ្យនិយាយរឿងនេះប្រាប់អ្នកដទៃ។ ខ្ញុំក៏បានឃើញបងស្រី កែប ស្រ៊ុន និងបងប្រុស កែប រឿន ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការក្នុងពិធីដែលតម្រូវឲ្យប្ដេជ្ញាថា «យកគ្នាមិនលែង» ដោយស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅ។ បន្ទាប់ពីខ្ញុំចេញពីក្រុមកុមារឈានមុខមក ខ្ញុំបានចូលក្រុមកងចល័ត ប្រហែល ២ខែ កងទ័ពវៀតណាមបានចូលមក ហើយគ្រួសារខ្ញុំក៏នាំគ្នារត់ភៀសខ្លួន។ យើងត្រូវបានខ្មែរក្រហមជម្លៀសចេញពីអូរននោង ឆ្លងកាត់សៀមប៉ាង ឆ្លងទន្លេមេគង្គ ទៅកាន់ភូមិព្រះរំកិល រហូតដល់កំពង់ស្រឡៅ និងអូរដូង។ ការធ្វើដំណើរនោះ យប់នៅទីណាគឺដេកនៅទីនោះ។ មានពេលមួយនៅអូរតាឡាស់ ពេលឮដំណឹងថាវៀតណាមមកជិតដល់ ខ្ញុំភ័យរត់ពួន ហើយក្មួយខ្ញុំឈ្មោះ ណាង ស្រែកយំមិនឈប់សោះ ខ្ញុំត្រូវតែយកក្រមាញាត់មាត់ នាងដើម្បីកុំឲ្យឮសំឡេង។ ក្រោយមក ពេលគ្រាប់កាំភ្លើងផ្ទុះនៅពីក្រោយ ខ្ញុំរត់ចុះទន្លេ ទាំងភ័យខ្លាចវៀតណាមចាប់បាន។ ប៉ុន្តែបងស្រីខ្ញុំបានបញ្ជាក់ថា វៀតណាមមករំដោះយើងទេ មិនមែនមកសម្លាប់ទេ។
ទីបំផុត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសហការជាមួយកងទ័ពវៀតណាមបានវាយរំដោះប្រទេស។[2] ពេលនោះវៀតណាមបានហៅយើងមកជួបជុំគ្នា ហើយប្រកាសឲ្យបងប្អូនវិលត្រឡប់ទៅស្រុកភូមិរបស់ខ្លួនវិញ។ ខ្ញុំ និងគ្រួសារក៏បានវិលត្រឡប់មករស់នៅភូមិអូររុនវិញ រហូតមកដល់សព្វថ្ងៃ។
ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏ជូរចត់ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងចំពោះជម្លោះដែលធ្លាប់កើតមានរវាងកម្ពុជា និងថៃ។ ខ្ញុំមិនចង់ឃើញប្រទេសទាំងពីរឈ្លោះប្រកែកគ្នានោះទេ ហើយគ្រាន់តែឮថាមានសង្គ្រាមបែបនេះ ខ្ញុំកើតទុក្ខដេកពុំដែលលក់ឡើយ។ ខ្ញុំពិតជាដឹងគុណដល់ប្រធានាធិបតី ដូណាល់ ត្រាំ និងបណ្ដាប្រទេសនានាដែលបានជួយឲ្យមានបទឈប់បាញ់នេះកើតឡើង។ ខ្ញុំក៏សូមអរគុណដល់ កងទ័ពកម្ពុជា ទាំងជួរមុខ និងជួរក្រោយ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារទឹកដី។ កូនប្រសារខ្ញុំឈ្មោះ ឡម វាសនា ក៏ជាទាហានម្នាក់ដែរ ធ្វើឲ្យខ្ញុំមានក្ដីបារម្ភជាខ្លាំងអំឡុងពេលផ្ទុះសង្គ្រាម ៥ ថ្ងៃនោះ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតែលះបង់ការពារជាតិ។ ជាចុងក្រោយ ខ្ញុំសូមសំណូមពរដល់ពិភពលោក សូមធ្វើយ៉ាងណាកុំឲ្យសង្គ្រាមនេះងើបមកម្ដងទៀតឲ្យសោះ។ ប្រទេសខ្ញុំត្រូវការសន្តិភាព ប្រទេសខ្ញុំមិនត្រូវការសង្គ្រាមទេ។
បច្ចុប្បន្ននេះ ខ្ញុំមានបញ្ហាសុខភាពដោយសារវ័យចាស់ទៅហើយគឺមានជំងឺ ឈឺសន្លាក់ ចុករោយដៃជើង និងភ្នែកមើលពុំសូវច្បាស់៕
[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ កែប តូច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៥, សម្ភាសដោយ ស្រេង លីដា បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។
អត្ថបទដោយ ស្រេង លីដា