កម្ពុជាគឺជាប្រទេសមួយដែលមិនចេះសាបសូន្យឡើយ
ខណៈពេលដែលពិធីបុណ្យភ្ជុំបិណ្ឌកំពុងប្រារព្ធ នេះគឺជាពេលវេលាដ៏សមរម្យមួយដើម្បីរំឭក និងគោរពចំពោះបុព្វការីជន និងវីរបុរសកម្ពុជាដែលបានរែកពុនបន្ទុកដ៏ធំធេង ក្នុងការថែរក្សាប្រជាជាតិយើង ក៏ដូចជាចំពោះវីរកងទ័ព និងប្រជាជនកម្ពុជា ព្រមទាំងក្រុមគ្រួសារ ដែលបានពលីជីវិតដើម្បីជាតិកម្ពុជាតាំងពីអតីតកាលរហូតមកទល់ពេលបច្ចុប្បន្ន។ យើងត្រូវតែចងចាំពីការលះបង់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនរងគ្រោះនៃជម្លោះ និងសង្គ្រាមនាពេលកន្លងមក។ ជាងនេះទៅទៀត យើងត្រូវតែចងចាំពីវីរកងទ័ពដែលបានពលីជីវិតក្នុងជម្លោះនាពេលថ្មីៗនេះជាមួយប្រទេសថៃ។
ប្រទេសជាតិយើង ជំពាក់គុណវីរកងទ័ពទាំងនេះ និងក្រុមគ្រួសាររបស់គាត់ ហើយការពលីជីវិតរបស់វីរកងទ័ព និងប្រជាជនកម្ពុជា ក្នុងអំឡុងជម្លោះជាមួយប្រទេសថៃនាពេលថ្មីៗនេះ យើងត្រូវតែបន្តប្តេជ្ញាចិត្តស្វះស្វែងរកយុត្តិធម៌សម្រាប់ពលិកម្មរបស់វីរកងទ័ពទាំងនោះ។ រាល់យុត្តិធម៌ទាំងអស់ ត្រូវផ្តោតចម្បងទៅលើការចងចាំ ដូច្នេះចាប់ពីថ្ងៃនេះតទៅ យើងអាចចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ តាមរយៈការចងចាំអំពីវីរកងទ័ពដែលបានពលីជីវិត និងចូលរួមជាមួយក្រុមគ្រួសាររបស់វីរកងទ័ពទាំងនេះ ក្នុងការធ្វើឱ្យជាសះស្បើយផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ វីរកងទ័ពទាំងអស់សុទ្ធតែមានក្រុមគ្រួសារ ហើយការបាត់បង់ជីវិតនៃវីរកងទ័ព មិនត្រឹមតែជាសោកនាដកម្មដែលជះឥទ្ធិពលទៅលើក្រុមគ្រួសារសាច់ញាតិ និងអ្នកជិតស្និទ្ធរបស់វីរកងទ័ពតែប៉ុណ្ណោះទេ ប៉ុន្តែជះឥទ្ធិពលទៅលើសហគមន៍ទាំងមូលថែមទៀតផង។
ការចងចាំចំពោះវីរកងទ័ពដែលបានពលីជីវិត នឹងនៅតែស្ថិតនៅដក់ជាប់ក្នុងចិត្តយើងជារៀងរហូត ដោយមិនត្រឹមតែជាការរំឭកដ៏សង្វេគថា ពេលខ្លះសន្តិភាពទាមទារនូវការពលីជីវិតដ៏ឧត្ដុង្គឧត្តមបំផុតពីសំណាក់ប្រជាជនកម្ពុជាដ៏អស្ចារ្យប៉ុណ្ណោះទេ វាក៏ជាការរំឭកនិងបំផុសគំនិតថា កម្ពុជាគឺជាប្រទេសមួយដែលមិនចេះសាបសូន្យឡើយ។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥