គ្រួសារបងប្រុសខ្ញុំបានបាត់ខ្លួន

(កំពត)៖ វ៉ិន ថៃ ភេទប្រុស មានអាយុ ៥៨ឆ្នាំ និងជាគ្រូបង្រៀន។ ថៃ មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ថៃ មានបងប្អូនប្រាំមួយនាក់ ក្នុងនោះបងប្រុសម្នាក់របស់គាត់ និងប្រពន្ធកូនរបស់បងប្រុសរូបនោះ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។
នៅមុនឆ្នាំ១៩៧០ ថៃ បានចូលរៀនថ្នាក់មតេ្តយ្យ នៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ ថៃ បានឈប់រៀនដោយសាររដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាច។ អំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ នៅពេល ថៃ កំពុងឃ្វាលគោ និងធ្វើស្រែជាមួយឪពុកម្ដាយ គាត់បានឃើញកងទ័ពវៀតកុងចូលមកប្រទេសកម្ពុជា ដោយធ្វើដំណើរក្នុងព្រៃឆ្ពោះទៅវត្តក្រាំងទឹក។ ក្រោយមក យន្តហោះប្រភេទបេ-៥២ បានទម្លាក់គ្រាប់បែកនៅវត្តក្រាំងទឹក និងភូមិកំពង់ស្វាយ។
នៅឆ្នាំ១៩៧៥ បងប្រុសរបស់គាត់ ឈ្មោះ ហុង ដែលរៀន និងធ្វើជាប៉េអឹមនៅទីក្រុងភ្នំពេញ បានរត់គេចខ្លួនទៅប្រទេសវៀតណាម។ បងប្រុសគាត់បានទុកប្រពន្ធ និងកូនពីរនាក់នៅក្នុងភូមិកំណើត។ ក្រោយមក ថៃ ទទួលដំណឹងថាបងប្រុសបានបាត់ខ្លួននៅភូមិទាន់ហន់។ ចំណែក ប្រពន្ធកូនរបស់បងគាត់ក៏បាត់ខ្លួនដែរ។ ថៃ និយាយថា ប្រជាជនណាដែលខ្មែរក្រហមហៅទៅកសាង ឬទៅរៀនសូត្រ គឺបាត់ខ្លួនមិនឃើញវិលវិញនោះទេ។
នៅសហករណ៍ ថៃ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ និងចាត់តាំងឲ្យធ្វើការក្នុងកងកុមារ នៅវត្តព្រៃត្រសក់។ នៅទីនោះ ថៃ ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ចំណែក បងប្អូនរបស់គាត់ផ្សេងទៀត ត្រូវទៅធ្វើការក្នុងកងកុមារ និងកងចល័ត។ ចំណែក ឪពុកម្ដាយរបស់គាត់ ត្រូវទៅធ្វើស្រែនៅសហករណ៍ផ្សេង។
នៅឆ្នាំ១៩៧៧ ថៃ ត្រូវបានខ្មែរក្រហមបញ្ជូនទៅជីកប្រឡាយជាក្រុមនៅវត្តក្រាំងទឹក និងត្រូវរែកដី និងពង្រាបដី ក្នុងមួយថ្ងៃឲ្យបានមួយម៉ែត្រការ៉េ នៅភូមិគោកវែង។ នៅពេល ថៃ មានជំងឺក្អក ខ្មែរក្រហមបានយកគាត់ទៅចាក់ថ្នាំ និងឲ្យគាត់បន្តធ្វើការ ដោយគ្មានពេលសម្រាក។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ថៃ បានត្រលប់មកភូមិកំណើត និងចូលរៀនថ្នាក់ទី២ នៅភូមិទូកមាស។ ជាចុងក្រោយ ក្នុងនាមជាគ្រូបង្រៀន ថៃ សង្ឃឹមថា ការរៀនសូត្រពីរបបខ្មែរក្រហម នឹងដាស់តឿនសតិអារម្មណ៍ប្រជាជន និងអ្នកជំនាន់ក្រោយឲ្យចូលរួមទប់ស្កាត់កុំឲ្យមានរបបបែបនេះសាជាថ្មី៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥