ប្តីស្លាប់នៅកោះស្លា

ម៉ី ញ៉ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ ម៉ី ញ៉ ភេទស្រី មានអាយុ ៦៩ឆ្នាំ មានភូមិកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ញ៉ ចូលរៀននៅសាលាព្រៃត្រសក់។ ក្រោយមក ញ៉ បានឈប់រៀន និងធ្វើស្រែជាមួយឪពុកម្ដាយ។

នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ហើយរបប លន់ នល់ ក៏ត្រូវបានបង្កើតឡើង។ នៅក្នុងរបប លន់ នល់ ញ៉ បានរៀបការជាមួយប្តីឈ្មោះ ឌី ចុង។ នៅឆ្នាំ១៩៧២ គ្រួសារញ៉ បានចាកចេញពីភូមិទៅភូមិត្រពាំងព្រីង ដោយសារការទម្លាក់គ្រាប់បែក និងវត្តមានរបស់កងទ័ពធីវគី ដែលចូលមកប្រមូលសម្ភារមានតម្លៃរបស់ប្រជាជនក្នុងភូមិ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច និងជម្លៀសប្រជាជនមកពីទីក្រុងភ្នំពេញ ដែលក្នុងនោះរួមមានទាំងម្ដាយក្មេករបស់ញ៉ ឈ្មោះ យាយខៀវ ដែរ។ ម្ដាយក្មេករបស់គាត់ ត្រូវខ្មែរក្រហមចាត់ទុកជាប្រជាជនថ្មី ចំណែក ញ៉ ជាប្រជាជនចាស់។ ញ៉ និយាយថា ប្រជាជនថ្មីជាច្រើន ត្រូវបានខ្មែរក្រហមធ្វើបាប និងវាយសម្លាប់។

នៅពេលខ្មែរក្រហមសួរអំពីប្រវត្តិរូប និងសន្យាថានឹងរក្សាតំណែងចាស់នៅរបប លន់ នល់ បងប្រុសរបស់គាត់ ឈ្មោះ ម៉ក់ ដែលទៅធ្វើការនៅទីក្រុងភ្នំពេញ បានប្រាប់ខ្មែរក្រហមតាមត្រង់ ថាខ្លួនជាទាហាន លន់ នល់ មានតំណែងជាសក្តិមួយ។ ក្រោយមក បងប្រុសគាត់បានបាត់ខ្លួន។ ចំណែក ប្រពន្ធនិងកូនរបស់បងប្រុសរូបនោះ ក៏ត្រូវបានខ្មែរក្រហមហៅទៅជួបជុំគ្រួសារនៅភូមិកំពង់ស្វាយ ដោយមិនឃើញត្រលប់មកវិញនោះទេ។

នៅរបបខ្មែរក្រហម ញ៉ ត្រូវធ្វើការរោងបាយសហករណ៍ និងធ្វើពលកម្ម ដូចជាជីកប្រឡាយ, ធ្វើជីលេខមួយ, រែកដី និងធ្វើស្រែ។ ញ៉ និយាយថា គាត់ត្រូវធ្វើការពីព្រលឹមទល់ព្រលប់ និងហូបចុកមិនគ្រប់គ្រាន់។ នៅរោងបាយ មានតែបបរ និងបាយប៉ុណ្ណោះ។ ក្រោយពីរែកដីបានតាមការកំណត់ នៅម៉ោង៧យប់ ញ៉ ត្រូវទៅដាំបាយ និងបបរឲ្យប្រជាជនហូប។ កូនរបស់គាត់ ត្រូវធ្វើការឲ្យបានតាមការកំណត់ ទើបខ្មែរក្រហមឲ្យសម្រាកហូបបាយ។ ដោយឡែក ប្តីរបស់គាត់ ដែលខ្មែរក្រហមបញ្ជូនទៅរែកដីនៅកោះស្លា តែងតែផ្ញើដំឡូង និងក្តួចឲ្យគាត់និងកូនហូប។

នៅឆ្នាំ១៩៧៨ ញ៉ ទទួលដំណឹងថាប្តីរបស់គាត់ បានស្លាប់ដោយសារជំងឺនៅកោះស្លា។ ញ៉ បានធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងភូមិទូកមាស។ ញ៉ ត្រូវបន្តធ្វើពលកម្មទាំងឈឺរហូតដល់របបខ្មែរក្រហមដួលរលំជានៅខែមករា ឆ្នាំ១៩៧៩៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin