កងឈ្លបតាមដានកិច្ចការប្រជាជនថ្មី

ព្រុំ ក្រូច រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ ព្រុំ ក្រូច ភេទប្រុស មានអាយុ ៦០ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ក្រូច មានប្រពន្ធឈ្មោះ ហ៊ុន ងុយ, មានបងប្អូនប្រាំនាក់ និងកូនប្រាំពីរនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រូច បានឃើញមានការទម្លាក់គ្រាប់បែកនៅតាមភូមិ។ ដោយសារសង្គ្រាម ក្រូច មិនបានរៀនសូត្រនោះទេ។

នៅឆ្នាំ១៩៧៥ ក្រូច ដែលជាប្រជាជនចាស់ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងឈ្លបក្នុងភូមិ។ ចំណែកឪពុកម្ដាយ និងបងប្អូនរបស់គាត់ ធ្វើការនៅកោះស្លា ដោយត្រូវជីកប្រឡាយ, រែកដី និងដកស្ទូង។

នៅពេលព្រឹក ក្រូច ត្រូវដើរពិនិត្យ និងតាមដានកិច្ចការរបស់ប្រជាជនថ្មី ដែលជម្លៀសមកពីទីក្រុងភ្នំពេញ។ នៅម៉ោង១១ព្រឹក ក្រូច សម្រាកហូបបាយ និងបន្តការងារនៅម៉ោង១ថ្ងៃរហូតដល់ពេលល្ងាច។ ក្នុងរបបខ្មែរក្រហម ក្រូច មិនបានធ្វើការជីកប្រឡាយ រែកដី ឬដកស្ទូង ដូចប្រជាជនដទៃនោះទេ។ ប្រជាជនថ្មី ត្រូវជីកប្រឡាយឲ្យបានប្រាំម៉ែត្រក្នុងមួយថ្ងៃ ចំណែកអ្នកដែលធ្វើមិនបានតាមការកំណត់នឹងត្រូវខ្មែរក្រហមយកទៅកសាង ឬត្រូវស្តីបន្ទោស។ ក្រូច និយាយថា ប្រជាជនថ្មីដែលកងឈ្លបចាប់ចង ត្រូវវាយនឹងកាំភ្លើង ឬគល់ឫស្សី។

នៅរបបខ្មែរក្រហម ក្រូច ថាមានការហូបចុកមិនគ្រប់គ្រាន់ ដោយមានតែបបរមួយចានចង្កឹះសម្រាប់ហូបក្នុងមួយពេលប៉ុណ្ណោះ។ ជួនកាល គាត់ត្រូវបានបង្អត់អាហារដោយសារទៅរោងបាយមិនទាន់ និងធ្វើការទាំងឈឺ។ ក្រូច បន្តថា នៅពេលប្រជាជនមានជំងឺ គឺត្រូវសុំថ្នាំរាងដូចអាចម៍ទន្សាយពីខាងសង្គមកិច្ចមកហូប។

ក្រោយមក ក្រូច បានធ្វើជាកងទ័ពខ្មែរក្រហមរហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ ក្រូច មិនបានបាត់បង់សមាជិកគ្រួសារនោះទេ៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin