បបរកន្លះត្រឡោកដូង

ហែម ញ៉ រស់នៅភូមិខ្នាយ (ពីមុនហៅភូមិរវាង) ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ ហែម ញ៉ ភេទប្រុស មានអាយុ ៦៣ឆ្នាំ និងជាកសិកររស់នៅភូមិខ្នាយ (ពីមុនហៅភូមិរវាង) ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ញ៉ មានប្រពន្ធឈ្មោះ ចិត ហន និងមានកូនប្រុសស្រីចំនួនប្រាំមួយនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ញ៉ រៀនត្រឹមថា្នក់ទី៣ នៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក៏មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ ធ្វើឲ្យប្រជាជនស្លាប់, រងរបួស និងខូតខាតផ្ទះសំបែង។ នៅពេលនោះ គ្រួសារញ៉ បានរត់គេចខ្លួន និងធ្វើដំណើរតាមរទេះគោទៅរស់នៅភូមិដំបូកខ្ពស់។

នៅពេលខ្មែរក្រហមបានឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ គ្រួសារញ៉ បានត្រលប់មករស់នៅក្នុងភូមិវិញ។ គ្រួសារគាត់ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ ដោយត្រូវរស់នៅរួម និងហូបរួម។ ញ៉ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យច្រូតស្រូវ ក្នុងកងយុវជននៅភូមិឫស្សីជុំ ដោយមានសមាជិកក្រុម១២នាក់។

មួយឆ្នាំក្រោយមក ញ៉ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការក្នុងកងចល័ត ដោយត្រូវរែកដី និងលើកទំនប់នៅកោះស្លា។ ញ៉ និយាយថា នៅទីនោះ គាត់ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ជួនកាល គាត់ហូបបបរតែកន្លះត្រឡោកដូងប៉ុណ្ណោះ ដោយសារទឹកជំនាន់នៅជុំវិញកោះស្លា។

បន្ទាប់ពីធ្វើការនៅកោះស្លា ញ៉ ត្រូវបានបញ្ជូនទៅធ្វើការនៅភូមិទូកមាស អស់រយៈពេលប្រាំខែ ដោយត្រូវជីកប្រឡាយដែលបន្តពីភូមិក្រាំងទឹកទៅភូមិព្រែកត្នោត។ ខ្មែរក្រហមកំណត់សមាជិកបីនាក់ ជីកប្រឡាយឲ្យបានបីម៉ែត្រក្នុងមួយថ្ងៃ។  ញ៉ ត្រូវធ្វើការតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ព្រឹក ទើបអាចសម្រាកហូបអាហារ និងបន្តធ្វើការពីម៉ោង១ថ្ងៃ រហូតដល់ម៉ោង១០យប់អធ្រាត្រ។

ក្រោយមក ញ៉ ត្រលប់មកធ្វើការនៅកោះស្លាវិញ។ នៅពេល ញ៉ មានជំងឺគ្រុនចាញ់ គាត់បានទៅបើកថ្នាំរាងដូចអាចម៍ទន្សាយនៅកន្លែងសង្គមកិច្ច ក្នុងភូមិទូកមាស។

នៅរបបខ្មែរក្រហម ញ៉ ថាប្រជាជនមួយចំនួនត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការ មានពី១២គូទៅដល់៣០គូ ក្នុងពេលតែមួយ។ អ្នកទាំងនោះត្រូវបង្ខំឲ្យប្តេជ្ញាចិត្តថាស្រលាញ់គ្នានៅចំពោះមុខអង្គការ។

ក្រៅពីនោះ ញ៉ និយាយថានៅពេលគាត់ទៅប្រជុំនៅអង្គភាពកងវីរលេខ៩ ដែលមានទីតាំងនៅផ្លូវបំបែកទៅភូមិពន្លៃ។ ក្រោយពីប្រជុំចប់ ខ្មែរក្រហមបានដកមនុស្សមួយចំនួនយកទៅរៀនសូត្រ ដោយមិនឃើញវិលត្រលប់មកវិញនោះទេ។ សមាជិកចល័តទាំងនោះ ត្រូវបានខ្មែរក្រហមចោទថាខ្ជិលច្រអូស។

ក្រោយពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ញ៉ និយាយថា គាត់បានបាត់បង់បងប្អូនពីរនាក់ គឺឈ្មោះ ចេង និង ណាត ដោយសារខ្មែរក្រហមយកទៅសម្លាប់៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin