តូ សេម៖ ប្រធានពេទ្យតំបន់៤១ ក្នុងរបបខ្មែរក្រហម

របបខ្មែរក្រហម ឆ្នាំ១៩៧៥-១៩៧៩ មានគ្រូពេទ្យព្យាបាលអ្នកជំងឺជូនប្រជាជននៅតាមមូលដ្ឋានដែលខ្មែរក្រហមគ្រប់គ្រង។ ប៉ុន្តែពេទ្យមិនមានគ្រប់តំបន់ទេ ជាពិសេសនៅជនបទ, តាមសហករណ៍ និងការដ្ឋាន។ ទោះបីជាមានគ្រូពេទ្យក៏គ្មានថ្នាំព្យាបាលត្រឹមត្រូវដែរ ភាគច្រើនមានតែថ្នាំមួយប្រភេទ គឺថ្នាំគ្រាប់ដូចអាចម៍ទន្សាយ។
តូ សេម[1] ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិចំការព្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិត្រពាំងគល់ ឃុំត្រពាំងធំ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ជួន ស្លាប់តាំងពីខ្ញុំអាយុ៣ឆ្នាំ, ម្តាយឈ្មោះ ម៉ម ស៊ែម ស្លាប់ក្នុងឆ្នាំ១៩៧៩។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ទី១តូ សើ, ទី២ តូ ស៊ីម, ទី៣ តូ រ៉ម, ទី៤ខ្ញុំ តូ សេម និងទី៥ តូ ស៊ន់ ហើយខ្ញុំមានប្តីឈ្មោះអ៊ុំ ស៊ីម។
កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៥ កាលសម័យនោះខ្ញុំបានរៀនភាសាបារាំង គ្រាន់ចេះសរសេរបន្តិចបន្តូច។ ខ្ញុំ រៀនតាមបងស្រីរបស់ខ្ញុំដែលធ្វើជាគ្រូពេទ្យ។ បន្ទាប់មកបងស្រីបានផ្លាស់ពីភ្នំពេញ ទៅខេត្តកំពត។ ខ្ញុំបានទៅតាមបងស្រី ហើយគាត់បានឲ្យចូលរៀននៅសាលាតាអេងថ្នាក់ទី៧ រហូតដល់ឆ្នាំ១៩៦៨ ទើបឈប់រៀន។ ក្រោយមកបងខ្ញុំឱ្យខ្ញុំរៀនពេទ្យដូចគាត់ដែរ ហើយខ្ញុំបានចូលរៀនពេទ្យធ្មប រៀននៅខេត្តតាកែវ ប៉ុន្តែខ្ញុំរៀនពេទ្យមិនចេះក៏ឈប់រៀន។ ខ្ញុំឡើងមកទីក្រុងភ្នំពេញ ដើម្បីរៀនកាត់ដេរវិញ។
នៅឆ្នាំ១៩៦៨ នៅសាលាកាត់ដេរវិចិត្រសិល្បៈ បង់ថ្លៃសាលារៀនមួយចេះចំនួន២៥០០រៀល។ ខ្ញុំរៀនបានរយៈពេល៦ខែ ទើបចេញពីទីក្រុងភ្នំពេញ មកបើកហាងកាត់ដេរនៅអង្គតាសោម ខេត្តតាកែវ។
នៅឆ្នាំ១៩៧០ ខ្ញុំបានឡើងទៅទីក្រុងភ្នំពេញ ដើម្បីរំឭកជំនាញកាត់ដេរ ច្នៃម៉ូតខោអាវ នៅសាលាកាត់ដេរវិចិត្រសិល្បៈ ដែលធ្លាប់រៀនរយៈពេលកន្លងមក។ នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ពីតំណែង បានធ្វើឲ្យប្រជាជននាំគ្នាធ្វើបាតុកម្ម។
ខ្ញុំបានដឹងថា កូនរបស់តាម៉ុក បានទៅលេងផ្ទះបងប្អូនគាត់ ហើយនិយាយពីការតស៊ូ, ការសាមគ្គីគ្នា និងឱ្យប្រជាជនរត់ចូលក្នុងព្រៃ បើមានថ្នាំពេទ្យមានរបស់ប្រើប្រាស់ផ្សេងៗត្រូវយកតាមខ្លួន។ បងខ្ញុំគាត់ជាពេទ្យស្រាប់ បានយកថ្នាំទុកសម្រាប់លេបក្នុងព្រៃពេលឈឺគ្រុន។ ចំណែកតាម៉ុក ត្រូវជាពូជីដូនមួយខាងម្តាយខ្ញុំ។ តាមុត និងយាយខុម គាត់នៅផ្ទះជាមួយខ្ញុំ។ នៅក្នុងព្រៃអត់មានមន្ទីរពេទ្យទេ ខ្ញុំបានចូលធ្វើជាគ្រូពេទ្យ។ ខ្ញុំទៅរស់នៅភ្នំដំរីរមៀល ដំបូងយើងនាំគ្នាតស៊ូមានតាមុត, យាយខុម, យាយយុត និងយាយចែម។
នៅពេលនោះ ខ្ញុំមានអាយុប្រហែល២៤ឆ្នាំ ចូលធ្វើជាកងទ័ព មានយុវជន យុវនារីជាច្រើននាក់ ហើយបែងចែកតាមផ្នែកផ្សេងៗគ្នា។ ចំណែកខ្ញុំនៅខាងនារីដឹកជញ្ជូនគ្រាប់ នៅតំបន់១៣ ភូមិភាគនិរតី ខេត្តកំពង់ស្ពឺ។ តំបន់២៥ ខេត្តកណ្តាល មាន៥ស្រុក គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក[2], រួមទាំងតំបន់៣៣។ តាមុត នៅខាងកងទ័ព, យាយខុម និងយាយយុត នៅខាងកងនារី, ចំណែកតាសោម នៅខាងគណៈតំបន់។ មុនចេញទៅកាត់ដេរ ខ្ញុំត្រូវរៀនសូត្រខាងពេទ្យធ្មប។ ព្រោះខ្ញុំខ្ជិល រៀនបន្ទាប់មកបានខ្មែរក្រហមវាយបែក ហើយគ្រួសារខ្ញុំក្លាយជាប្រជាជនថ្មី។ នៅពេលនោះមានអ្នកមានអំណាចធំៗដូចជា តាម៉ុក, តានួន ជា និងខៀវ សំផន បានមកបង្រៀនវគ្គនយោបាយតាមកងពល។
ខ្ញុំអត់បាននៅភ្នំដំរីរមៀលទេ គឺខ្ញុំត្រូវដឹកអ្នកជំងឺមកសម្រាកពេទ្យនៅតំបន់តាំងពោធ៍ ជាមន្ទីរពេទ្យធំខាងនិរតី ស្ថិតខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំង។ ខ្ញុំបានជួបជាមួយតា ជួន ជឿន ហើយតាជឿន បានចាត់តាំងខ្ញុំឲ្យទៅធ្វើការជាមួយពេទ្យស្រីៗបួននាក់ទៀតមានឈ្មោះណាន់, ឈ្មោះ អូន បែកគ្នាមិនដឹងស្លាប់ឬរស់? ចំណែកពីរនាក់ទៀតមានឈ្មោះ លី និងផាត គាត់នៅប៉ៃលិន ផ្ទះគាត់នៅផ្សារប៉ាហ៊ី ហៅថាផ្សារថ្មី។
ខ្ញុំរៀនពេទ្យបានប្រហែលពីរឆ្នាំតាជួន ជឿន ឲ្យខ្ញុំទៅមើលថែអ្នកជំងឺ ហើយបន្ទប់មកខ្វះគ្រូពេទ្យគាត់បានចាត់តាំងខ្ញុំឲ្យទៅរៀនផ្នែកវះកាត់។ ក្រោយមកខ្ញុំត្រូវបានផ្លាស់ប្តូរទៅផ្នែកកាត់ដេរវិញ រហូតដល់ឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៥ ដដែល ខ្ញុំបានរៀបការជាមួយស្វាមីឈ្មោះ អ៊ុំ ស៊ីម។ គាត់គឺជាប្រធានមន្ទីរជាមួយតាម៉ុក ព្រោះប្តីខ្ញុំគាត់ធ្លាប់បានបួសរៀនខាងសាលាបាលី និងមានសញ្ញាបត្រឌីប្លូមហើយគាត់គឺជាស្មៀន សរសេរឯកសារផ្សេងៗ។ មុនរៀបការប្តីខ្ញុំបានទំនាក់ទំនងទៅបើកសម្ភារហៅថាអង្គការ គាត់ឃើញខ្ញុំជានារីកាត់ដេរ ហៅថានារីកាត់ដេរ បន្ទាប់មកគាត់បានទៅប្រាប់មេៗ មិនយូរប៉ុន្មានហៅខ្ញុំទៅរៀបការ គ្មានភ្លេង ពិធីស្តីដណ្តឹងអ្វីទេ។ មុនពេលរៀបការខ្ញុំបានប្រកែក ប៉ុន្តែម្តាយខ្ញុំគាត់ត្រូវជាបងប្អូនតាប៉ុក ហើយតាម៉ុក បានប្រាប់ម្តាយខ្ញុំថាឲ្យកូនមានប្តីហើយ។ ម្តាយខ្ញុំប្រាប់តាម៉ុកថា «អញមិនដែលស្គាល់អ្នកធំអ្នកតូចទេ ឲ្យតែកូនស្រលាញ់»។
ក្រោយថ្ងៃរំដោះទី១៧ ខែមេសា ឆ្នាំ១៩៧៥ រយៈពេលបីខែ បានខ្ញុំរៀបការ មានចំនួនមួយគូ។ អង្គការបានរៀបចំតុអង្គុយ សាមីខ្លួនអង្គុយទល់មុខគ្នា មានភ្ញៀវចាស់ៗ និងមេៗកងទ័ពអង្គុយសងខាង ចំណែកខ្ញុំអង្គុយចំកណ្តាល។ តាឌុច គាត់បានចូលរួមចំណែកប្រពន្ធគាត់ឈ្មោះ រុំ ធ្វើការងារកាត់ដេរដូចខ្ញុំដែរ។ នៅពេលនោះខ្ញុំបានចុះមកខាងរ៉ាម ជិតដល់តំបន់តាំងពោធិ៍ នៅកន្លែងមន្ទីរភូមិភាគរបស់តាម៉ុក ហើយខ្ញុំជាអ្នកទទួលខុសត្រូវនៅមន្ទីរតាម៉ុក ជំនួយប្តី។ បន្ទាប់មកខ្ញុំបានទៅតំបន់១៣ នៅទីរួមខេត្តតាកែវ។ ខ្ញុំនៅទីនោះបានរយៈពេលមួយខែ ទទួលបានដំណឹងថាភូមិភាគកណ្តាល និងភូមិភាគបូព៌ាខាងខេត្តកំពង់ចាម ក្បត់ជាមួយនឹងអង្គការ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានតួនាទីជាអ្នកទទួលបន្ទុករៀបចំ និងរើសម្ភារកងទ័ព ម្យ៉ាងទៀតជាអ្នកដាំបាយសម្រាប់ទទួលអ្នកមកពីរៀន។ ក្នុងឆ្នាំ១៩៧៦ ប្តីរបស់ខ្ញុំត្រូវបានបញ្ជូនទៅព្រំដែនប្រទេសវៀតណាម ចំណែកខ្ញុំនៅមន្ទីរភូមិភាគ ដើម្បីចែកអង្ករ និងស្បៀងសម្រាប់ប្រជាជនខ្វះខាត។ បន្ទាប់មកក្នុងរយៈពេល១០ថ្ងៃក្រោយ អង្គការបានផ្លាស់ខ្ញុំទៅខេត្តកំពង់ចាម។ នៅអំឡុងពេលនោះដោយសារតែនៅភូមិភាគឧត្តរមានបញ្ហាជាប់ជានិច្ច តាម៉ុក បានហៅប្តីរបស់ខ្ញុំ ឡើងមក រួចបញ្ជូនបន្តទៅភូមិភាគពាយ័ព្យតាមរយៈរថយន្ត កងកម្លាំងបានដឹកបុរសៗទៅមុន បន្ទាប់មកទើបនាំកូន និងប្រពន្ធទៅតាមក្រោយ។ នៅក្នុងឆ្នាំ១៩៧៦ អង្គការបានដកខ្ញុំចេញពីខេត្តកំពង់ចាម ឱ្យទៅភូមិភាគពាយ័ព្យ ព្រោះតែនៅអំឡុងពេលនោះមានបញ្ហាក្បត់។ នៅពេលចេញដំណើរទៅភូមិភាគពាយ័ព្យ ខ្ញុំបានជួបជាមួយ តាម៉ុក។
នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានតួនាទីជាគ្រូពេទ្យ។ នៅពេលនោះមានអ្នកជំងឺមួយចំនួនសម្រាកព្យាបាលនៅមន្ទីរពេទ្យរាប់ខែ។ មានអ្នកជំងឺបានប្រាប់មកខ្ញុំថា៖ «ឈឺល្មមទេ សំខាន់ខ្វះអាហារហូបចុក»។ នៅតំបន់នោះមានគ្រូពេទ្យចំនួនប្រមាណជាប្រាំរយនាក់ ប៉ុន្តែមានតួនាទីនៅផ្នែកផ្សេងៗគ្នា ខ្លះនៅផ្នែកសេដ្ឋកិច្ច ផ្នែកជួសឈាម និងមានផ្នែកផ្សេងៗទៀត។ នៅមន្ទីរពេទ្យដោយសារតែអ្នកជំងឺច្រើននាក់បានបាត់បង់ជីវិត អ្នកខ្លះស្លាប់ដោយសារជំងឺ ខ្លះទៀតស្លាប់ដោយសារដាច់អាហារ។ ខ្ញុំបានរាយការណ៍ពីបញ្ហានេះទៅកាន់ថ្នាក់លើ ដើម្បីឱ្យគិតពីបញ្ហាស្បៀងអាហារសម្រាប់អ្នកឈឺ។ ក្រោយពីការរាយការណ៍នោះរួចរាល់ ខ្ញុំបានសហការជាមួយផ្នែកសេដ្ឋកិច្ច ទើបទទួលបានស្បៀងអាហារមួយចំនួន ដូចជាអង្ករ, ចេក, ដំឡូង សម្រាប់ការផ្គត់ផ្គង់ដល់អ្នកជំងឺ។ រយៈពេលមួយខែបន្ទាប់ពីទទួលបានអាហារអាការៈរបស់អ្នកជំងឺចាប់ផ្ដើមធូរស្បើយ ទឹកមុខស្រស់ថ្លា មានសាច់ មានឈាមឡើយវិញ ហើយបានសុំចេញពីមន្ទីរពេទ្យត្រឡប់ទៅសហករណ៍វិញ។ ថុល មានតួនាទីជាប្រធានពេទ្យតំបន់ ត្រូវបានអង្គការចាប់ឃុំឃាំង ប៉ុន្តែមិនដឹងអំពីមូលហេតុ និងកន្លែងឃុំខ្លួនឡើយ។ ខ្ញុំបានឃើញ កែ ពក ជាប្រធានភូមិភាគ ចុះពិនិត្យការងារនៅស្រុកជើងព្រៃ និងស្រុកទឹកឆា ក្នុងខេត្តកំពង់ចាម។ អង្គការបានចាត់តាំងឱ្យខ្ញុំ និងគ្រូពេទ្យមួយចំនួន ចុះទៅព្យាបាលជំងឺនៅសហករណ៍។ ស្ថានភាពរបស់ប្រជាជននៅក្នុងកងចល័ត គឺមានភាពលំបាកព្រោះគ្មានអាហារបរិភោគគ្រប់គ្រាន់ និងខ្វះខាតសម្ភារប្រើប្រាស់ និងសម្លៀកបំពាក់។ នៅឆ្នាំ១៩៧៨ ខ្ញុំមានផ្ទៃពោះ និងបានសម្រាលកូននៅព្រៃទទឹង។ នៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ១៩៧៨ ខ្ញុំត្រូវចាកចេញពីខេត្តកំពង់ចាម ទៅខេត្តកំពង់ធំ តំបន់៤៣ ព្រោះនៅទីនោះមិនមានគ្រូពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺឱ្យអ្នកជំងឺ។ នៅអំឡុងពេលនោះស្រុកទេសមានសភាពការមិនស្រួល ប្តីរបស់ខ្ញុំ បាននាំរត់គេចខ្លួនទៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រោយមកប្ដីរបស់ខ្ញុំចាប់ផ្តើមមានជំងឺ ទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ពេទ្យបានប្រាប់ថាគាត់មានជំងឺថ្លើម និងឈាមសស៊ីឈាមក្រហម ហើយបានត្រឡប់ទៅស្រុកអន្លង់វែងវិញបានចំនួនប្រមាណជា៣-៤ខែ គាត់បានស្លាប់។
ប្តីរបស់ខ្ញុំ មានអាយុ៥៨ឆ្នាំ បានស្លាប់នៅក្នុងសម័យ អ៊ុន តាក់ ក្នុងឆ្នាំ១៩៩១ ដោយសារជំងឺ។ បន្ទាប់ពីស្លាប់ សពប្តីខ្ញុំត្រូវបានអង្គការមូនិធិជាអ្នកយកទុកដាក់ ហើយសមាជិកគ្រួសារមិនដឹងថាតម្កល់ទុកនៅទីណានោះទេ ហើយក៏មិនបានធ្វើពិធីបុណ្យឱ្យគាត់ដែរ៕
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា,ឯកសារលេខ PTI0089 សម្ភាសដោយៈ ឡុង ដានី, កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ តូ សេម ភេទស្រី អាយុ៦៥ឆ្នាំ ភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បទសម្ភាសថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣។
[2]មជ្ឈមណ្ឌលឯកសារកម្ពុជា, ផេង ពង្សរ៉ាស៊ី និងអ្នកឯទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ឆ្នាំ២០២០។ ត្រង់ជំពូកទី៤ ភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ទំព័រទី៣៤ ភូមិភាគនិរតី(ភូមិភាគ៤០៥)។