អោម មុត៖ នារីស្រែអំបិល ខេត្តកំពត

នៅឆ្នាំ១៩៧៥ មុត ត្រូវបានយាយ សេង ដកចេញពីនីរសារបញ្ជូនឲ្យទៅធ្វើការងារនៅស្រែអំបិលក្នុងខេត្តកំពត រហូតដល់ពេលវៀតណាមចូលមករំដោះនៅឆ្នាំ១៩៧៩។ មុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖
អោម មុត[1] ភេទស្រី អាយុ៧៨ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ មុត មានស្រុកកំណើតនៅភូមិព្រៃខ្វាវ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មុត មានប្ដីឈ្មោះ កែវ សួង អាយុ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មុត មានកូនចំនួន៥នាក់ ។ មុត មានឪពុកឈ្មោះ អោម ង៉ែត (ស្លាប់តាំងពីអាយុ៤៥ឆ្នាំ ដោយសារជំងឺរបេង) និងម្ដាយឈ្មោះ កង ម៉ៃ មានស្រុកកំណើតនៅភូមិព្រៃខ្វាវ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មុត មានបងប្អូនបង្កើតចំនួន៩នាក់ (ប្រុស៥នាក់ ស្រី៤នាក់)។ ម៉ុត ជាកូនទី៧ នៅក្នុងគ្រួសារ។
កាលពីក្មេង មុត រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់) អាចចេះអាន និងចេះសរសេអក្សរ បន្តិចបន្តួច។ បន្ទាប់ពីចូលរៀនបានរយៈពេល១ឆ្នាំ ឪពុករបស់មុត បានទទួលមរណៈភាពដោយសារជំងឺរបេង ហើយគ្រួសារមានជីវភាពខ្វះខាត និងគ្មានលុយចំណាយផ្សេងៗ មុត បានសម្រេចចិត្តឈប់រៀនជួយការងារម្ដាយធ្វើស្រែ។ នៅឆ្នាំ១៩៧០ ឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ចេញពីមុនតំណែង។ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេច នរោត្ដម សីហនុ បានរយៈពេល១ឆ្នាំ ខ្មែរក្រហមបានធ្វើដំណើរចូលមកក្នុងភូមិព្រៃខ្វាវ ហើយបានឃោសនាប្រាប់ឲ្យប្រជាជនដែលរស់នៅក្នុងភូមិព្រៃខ្វាវ ឲ្យចូលរួមជាមួយកងទ័ពបដិវត្តន៍ ដើម្បីវាយផ្ដួលរលំរបប លន់ នល់។ លុះដល់ឆ្នាំ១៩៧២ មុត ត្រូវបានខ្មែរក្រហមបំបែកចេញពីម្ដាយឲ្យទៅរស់នៅក្នុងកងកុមារ។ ពេលចូលទៅរស់នៅក្នុងកងកុមារ មុត ត្រូវបានខ្មែរក្រហមប្រើឲ្យទៅលើកទំនប់កាត់ភ្លុក និងជីកព្រែកភ្នំកក់ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។ នៅឆ្នាំ១៩៧៣ ទាហានអាមេរិកាំងបានបើកយន្តហោះជាច្រើនគ្រឿងមកទម្លាក់គ្រាប់បែកនៅភូមិព្រៃខ្វាវ។ គ្រាប់បែកដែលទាហានអាមេរិកាំងទម្លាក់មកភាគច្រើនបេ៥២(B៥២)។
នៅអំឡុងពេលនោះដោយសារខ្វះកម្លាំងកងទ័ព មុត ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើកងទ័ពលេខ១០១។ ដោយឃើញ មុត នៅក្មេងពេកខ្មែរក្រហមបានបញ្ជូន មុត ទៅកន្លែងនីរសារឃុំស្ដុក ដើម្បីចាំរត់សំបុត្រពីឃុំមួយ ទៅឃុំមួយទៀត ដែលគ្រប់គ្រងដោយ យាយ សេង (ស្លាប់)។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មុត ត្រូវបានយាយ សេង ដកចេញពីនីរសារបញ្ជូនឲ្យទៅធ្វើស្រែអំបិលនៅត្រើយកោះ ខេត្តកំពត ដែលគ្រប់គ្រងដោយឈ្មោះ ជឿន។ ក្រោយពីធ្វើការងារនៅស្រែអំបិលបានរយៈពេល៣ឆ្នាំ មុត និងកងនារីចំនួន៥០០០នាក់ទៀត ត្រូវបានខ្មែរក្រហមដឹកតាមរថភ្លើងនាំទៅទស្សនកិច្ចរោងចក្រផលិតកងឡាន និងរោងចក្រតម្បាញនៅទីក្រុងភ្នំពេញ។ បន្ទាប់ពីទស្សនកិច្ចចប់ មុត និងកងនារីទាំងអស់ បានជិះរថភ្លើងត្រឡប់មកខេត្តកំពតវិញ។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម សហការជាមួយកងទ័ពរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា បានដឹកនាំកម្លាំងវាយចូលមកដល់ខេត្តកំពត។ ពេលនោះដោយឃើញស្ថានភាពមិនអាចទប់ទល់បាននិងខ្លាចកងទ័ពវៀតណាមចាប់វះពោះ មុត និងកងនារីស្រែអំបិលទាំងអស់ បានរត់ចេញពីខេត្តកំពត សំដៅឡើងភ្នំគិរីរម្យ ហើយបានធ្វើដំណើរបន្តចេញពីគិរីរម្យ សំដៅទៅក្រុងព្រះសីហនុ។ លុះធ្វើដំណើរដល់ក្រុងព្រះសីហនុ មុត បានឃើញកងទ័ពវៀតណាមជាច្រើនឈរជើងនៅក្រុងព្រះសីហនុ រួចបាននាំគ្នាធ្វើដំណើរត្រឡប់មកភ្នំគិរីរម្យវិញ។ ក្រោយពេលធ្វើដំណើរត្រឡប់មកវិញ ដោយសារតែគ្មានអាហារហូបចុក មុត បានដើរបេះស្លឹកឈើយកមកហូប ដើម្បីបានរស់រានមានជីវិត។ មុត បានបន្តដំណើររហូតដល់ស្រុកកណ្ដៀង រួចបានជួបជាមួយកងពលលេខ៣ ដែលគ្រប់គ្រងដោយ តា សេង។ បន្ទាប់មក តា សេង បានដឹកនាំកងនារីទាំងអស់សំដៅទៅខេត្តកោះកុង។
លុះនៅឆ្នាំ១៩៨៣ មុត ត្រូវបាន តា សេង ជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងដឹកជញ្ជូន ដើម្បីដឹកជញ្ជូនគ្រាប់ចេញពីខេត្តត្រាង ប្រទេសថៃ យកទៅដាក់នៅកងពលលេខ២ និងកងពលលេខ៣ ដែលមានទីតាំងក្នុងខេត្តកោះកុង។ បន្ទាប់ពីជញ្ជូនគ្រាប់រួចរាល់ ក្រុមរបស់មុត ចំនួន១២នាក់ ត្រូវបាន តា សេង ផ្លាស់ឲ្យទៅរស់នៅជាមួយប្រជាជននៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយធ្វើស្រែប្រជាជន។ ក្នុងចំណោមក្រុម១២នាក់ មុត ចង់ចាំឈ្មោះបានចំនួន៦នាក់(ទី១ឈ្មោះ បងនី(ប្រធានក្រុម), ទី២ឈ្មោះ រីម, ទី៣ឈ្មោះ ខន, ទី៤ឈ្មោះ ក្អិត,ទី៥ឈ្មោះ សយ, ទី៦ឈ្មោះ លៀង រី។
បន្ទាប់ពីជួយប្រជាជនប្រមូលផលស្រូវរួចរាល់ ក្រុមមុតចំនួន១២នាក់ បានចាប់ដៃគ្នាទៅចាប់ដីនៅឈូកអាង ដើម្បីធ្វើស្រែរួមគ្នា ដោយចងការលុយរដ្ឋពីកងពលទី៣ ចំនួនមួយម៉ឺនយកមកធ្វើស្រែ ដែលគ្រប់គ្រងដោយ តា ស៊ូ និងតា សែម ។ មុត បាននិយាយបន្តថា លុះស្រូវទុំបម្រុងនឹងច្រូត ទាហានប៉ារ៉ាបានធ្វើបាតុកម្ម និងវាយមកលើក្រុមមុត ដោយចោទប្រកាន់ក្រុមមុតថា សុទ្ធតែនារីសមាគមន៍មានកាំភ្លើងកាន់គ្រប់ដៃ។ បន្ទាប់ពីមានការជួយសម្របសម្រួលដោយតា ស៊ូ និងតា សែម សភាពការណ៍បានស្ងប់ស្ងាត់វិញ។
នៅឆ្នាំ១៩៩១ មុត បានសុំបងនី ទៅលេងម្ដាយនៅស្រុកកំណើត ដោយធ្វើដំណើរតាមរថយន្តចេញពីស្រុកថ្មពួកទៅចុះនៅស្វាយស៊ីសុផុន ហើយបន្តធ្វើដំណើរចេញពីស្វាយស៊ីសុផុនទៅសម្រាកនៅខេត្តបាត់ដំបង ទើបធ្វើដំណើរបន្តតាមរថយន្តទៅទីក្រុងភ្នំពេញ ហើយបានបន្តដំណើរចេញពីទីក្រុងភ្នំពេញឆ្ពោះទៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពេលធ្វើដំណើរចូលមកដល់ភូមិកំណើត មុត បានឃើញផ្លូវដែលធ្លាប់តែជិះពិបាកពីមុន ត្រូវបានអភិវឌ្ឍទៅជាផ្លូវលំយ៉ាងធំ។ លុះធ្វើដំណើរទៅដល់មុខផ្ទះ មុត បានដើរយំសំដៅទៅរកម្ដាយ ព្រោះនឹកម្ដាយពេក។ បន្ទាប់ពីម្ដាយបានឃើញ មុត នៅរស់រានមានជីវិត ម្ដាយមុតមានអារម្មណ៍ត្រេកអរដល់ថ្នាក់និយាយអីមិនចេញគិតតែពីអង្គុយយំព្រោះគិតថា មុត បានស្លាប់ក្នុងរបបខ្មែរក្រហម។ ពេលចូលទៅដល់ក្នុងផ្ទះម្ដាយ មុត បាននិយាយរៀបរាប់ពីការបាត់បង់ជីវិតរបស់បងប្រុស ដែលត្រូវបានខ្មែរក្រហមចាប់យកសម្លាប់។ មុត មកលេងម្ដាយបានរយៈពេលមួយអាទិត្យ បានឡើងរថយន្តត្រឡប់ទៅធ្វើស្រែនៅភូមិជម្លៀសដៃវិញ ។
នៅឆ្នាំ១៩៩២ មុត បានរៀបការមានគ្រួសារ។ បន្ទាប់ពីរៀបការរួច មុត និងប្ដី បានចាប់ដៃគ្នាប្រកបរបរធ្វើស្រែរហូតមកដល់សព្វថ្ងៃ៕
អត្ថបទដោយ ចាន់ ណារិទ្ធ
[1] ឯកសារលេខBMI0093, តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឡុង ដានី ជាមួយ អោម មុត នៅថ្ងៃទី០៧ ខែឆ្នូ ឆ្នាំ២០១០