នួន រឿន យុទ្ធជនកងទ័ពខ្មែរក្រហម រំឭកអំពីមូលហេតុចូលធ្វើជាកងទ័ពខ្មែរក្រហម និងបទពិសោធន៍នៅក្នុងកងចល័តបុរសក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ នួន រឿន[1] កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធជាមួយឈ្មោះ ម៉េង ហ៊ាង និងមានកូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ឪពុករបស់ខ្ញុំឈ្មោះ សួង នួន និងម្ដាយឈ្មោះ អ៊ុង ឈឹម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅពេលដែលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំរៀននៅសាលាបឋមសិក្សានាងអង​។ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ចាស់។ ក្រោយមកទៀត ខ្ញុំបានបួសរៀននៅវត្តព្រះគ្រូ អ៊ុក បាន៤វស្សា។ ខ្ញុំលាចាកសិក្ខាបទនៅអាយុ១៦ឆ្នាំ។

ខ្ញុំទៅរៀនធ្វើជាងមាសនៅភ្នំពេញ ដោយបានស្នាក់នៅម្ដុំផ្សារអូឡាំពិក រហូតដល់ឆ្នាំ១៩៦៨។ នៅឆ្នាំ១៩៦៩ ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ និងបើកមុខរបរធ្វើជាជាងមាសនៅផ្ទះតែម្ដង។ ខ្ញុំធ្វើមាសយកទៅលក់នៅទីរួមខេត្តកំពង់ចាម ដើម្បីសម្រួលដល់ជីវភាពគ្រួសារ។ នៅឆ្នាំ១៩៧០ ខ្ញុំបានឃើញ អ្នកភូមិជាច្រើនបានចូលរួមធ្វើបាតុកម្ម ដង្ហែតាមដងផ្លូវមកពីទិសខាងលិច។ នៅពេលនោះ ខ្ញុំក៏បានចូលរួមដង្ហែក្បួនជាមួយបាតុករផ្សេងទៅដល់សាលាដំបូងខេត្តកំពង់ចាម។ នៅពេលទីដល់ទីកន្លែងប្រមូលផ្ដុំបាតុករនៅទីរួមខេត្ត ខ្ញុំមិនបានឡើងឡានបន្តជាមួយអ្នកផ្សេងទៀតដង្ហែទៅភ្នំពេញនោះទេ។ ខ្ញុំសម្រេចចិត្តវិលត្រឡប់មកភូមិវិញ។ នៅឆ្នាំ១៩៧០ មានការចុះមកប្រមូលយុវជនចូលបម្រើជាទាហាន លន់ នល់។ នៅពេលនោះ ខ្ញុំមិនចង់ចូលធ្វើជាទាហាន និងបានរត់ចេញពីភូមិទៅខាងកោះសូទិន។ នៅពេលនោះ ខ្ញុំស្នាក់នៅពកស្នែងជាមួយបងប្អូនរបស់ខ្ញុំ។ ស្នាក់នៅមិនទាន់បានប៉ុន្មានផង ខ្ញុំឃើញការចូលមកដល់របស់កងទ័ពខ្មែរក្រហមនៅក្នុងភូមិ។ ខ្ញុំទទួលបានការបញ្ចុះបញ្ចូលឲ្យស្ម័គ្រចិត្តចូលធ្វើជាកងទ័ពខ្មែរក្រហម។ ដោយមិនមានជម្រើសអ្វី និងមិនអាចរត់មកភូមិវិញ​ដោយសារវត្តមានទាហាន លន់ នល់ ខ្ញុំបានចូលធ្វើជាកងទ័ពរំដោះខ្មែរក្រហម។ នៅពេលនោះ មានយុវជនប្រហែល១០០នាក់ រួមទាំងរូបខ្ញុំផ្ទាល់ ត្រូវបានបញ្ជូនទៅខាងជីហែដែលជាតំបន់រំដោះខ្មែរក្រហម។ បន្ទាប់ពីបានមកដល់ជីហែ យុវជនប្រហែល១០០នាក់ ត្រូវបានប្រគល់ឲ្យកងទ័ពកម្លាំងយៀកកុង ដើម្បីបង្ហាត់បង្រៀនពីក្បួនទ័ពនៅខេត្តព្រៃវែង។ នៅឆ្នាំ១៩៧២ ខ្ញុំត្រូវបានបញ្ជូនទៅហ្វឹកហ្វឺនក្បួនទ័ពនៅភូមិឆ្កែកូន ក្នុងខេត្តព្រៃវែង។ ខ្ញុំរៀនក្បួនទ័ព រួមមាន៖ ប្រយុទ្ធរបៀបទប់ទល់ ប្រយុទ្ធរបៀបប្រដេញ និងការប្រើប្រាស់កាំភ្លើងគ្រប់ប្រភេទ។

នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិម្ដុំកំពង់ត្របែក។ ខ្ញុំត្រូវបានបញ្ជូនទៅវាយនៅសមរភូមិជាបន្តបន្ទាប់ទៀត។ នៅឆ្នាំ១៩៧៥ ខ្ញុំបានសុំឈប់ធ្វើជាកងទ័ព ដើម្បីមកមើលម្ដាយនៅភូមិវិញ។ បន្ទាប់ពីមកដល់ភូមិវិញ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅការដ្ឋានភូមិកៀនជ្រៃ។ នៅឆ្នាំ១៩៧៦ ខ្ញុំរៀបការប្រពន្ធ និងធ្វើការនៅកងចល័តសហករណ៍។ ខ្ញុំគឺជាប្រធាន និងមិត្តនារី សៅ គឺជាអនុប្រធាន។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានចូលមកគ្រប់គ្រងភូមិឃុំគគរ។ ដោយឃើញសភាពការណ៍ល្អ ខ្ញុំសុំឲ្យមិត្តនារី សៅ ធ្វើជាប្រធានជំនួសវិញម្ដង។ ខ្ញុំត្រូវទៅធ្វើការជាប្រធានកងចល័តវ័យកណ្ដាលវិញម្ដង ដោយមើលលើការងារភ្ជួររាស់ ដាំពោត និងដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់មូលដ្ឋាន។ បើទោះបីជាមានការដាំដុះដំណាំកសិកម្មបានច្រើនយ៉ាងណាក៏ដោយ ប្រជាជន រួមទាំងរូបខ្ញុំផង គឺមិនមានអាហារហូបចុកគ្រប់គ្រាន់ទេ។ នៅពេលនោះដែល កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានចាប់អ្នកភូមិ ជនជាតិភាគតិចចាម និងកម្មាភិបាលមូលដ្ឋានយកទៅសម្លាប់កាន់តែច្រើនឡើង។

នៅឆ្នាំ១៩៧៨ ប្រពន្ធខ្ញុំបង្កើតបានកូនម្នាក់។ ខ្ញុំព្យាយាមដើរលួចជីកដំឡូងយកមកស្ងោរដើម្បីឲ្យប្រពន្ធកូនហូប។ ប៉ុន្តែថ្ងៃមួយ កងឈ្លបបានឃើញ និងចាប់ខ្ញុំយកមកសួរចម្លើយ។ ខ្ញុំខំឆ្លើយថា ខ្ញុំជីកដំឡូងព្រៃទេ មិនមែនដំឡូងដាំទេ។ បន្ទាប់មក ខ្ញុំត្រូវបានដោះលែង។ យ៉ាងណាក៏ដោយ ខ្ញុំត្រូវបានខ្មែរក្រហមឃ្លាំមើលគ្រប់ពេលវេលា។ នៅដើមឆ្នាំ១៩៧៩ ខ្ញុំ និងប្រពន្ធកូន បានរួចផុតពីសេចក្ដីអត់ឃ្លាន និងស្លាប់។ ខ្ញុំ និងគ្រួសារប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ។

អត្ថបទដោយ ស៊ាង ចិន្តា


[1] បទសម្ភាសន៍ជាមួយ នួន រឿន នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅខែឧសភា ឆ្នាំ២០២២; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin