ភ្ជុំបិណ្ឌគ្រួសារខ្ញុំ

ញៀន ខាំមុន្នី (រូបខាងស្តាំ) និង ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង ។

ជារៀងរាល់ឆ្នាំ ខែវស្សា​នៃ​រដូវ​បុណ្យភ្ជុំបិណ្ឌ ​បាន​ឈាន​ចូល​មកដល់ ខ្ញុំ​តែងតែ​រឭក​នូវ​រឿងរ៉ាវ​អនុស្សាវរីយ៍​ជាច្រើន​រវាង​គ្រួសារ​ខ្ញុំ និង​ទន្លេមេគង្គ ដែល​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​តាំងពី​កុមារភាព​របស់ខ្ញុំ​រហូតមកដល់​បច្ចុប្បន្ន​។ មុននឹង​ចូលដល់​សាច់រឿង​នៃ​ការចងចាំ​របស់ខ្ញុំ ខ្ញុំ​សូម​រំឭក​ពី​ជីវ​ប្រវត្តិ​របស់​ឪពុក​ខ្ញុំ​ជាមុន​សិន ដើម្បី​យល់​កាន់តែច្បាស់​ថា ហេតុអ្វី​បានជា​គ្រួសារ​យើង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ​? ឪពុក​របស់ខ្ញុំ​ឈ្មោះ ស្រេង ទិត្យ បច្ចុប្បន្ន​មាន​អាយុ ៥៥ ឆ្នាំ​។ តាមការរៀបរាប់របស់ឪពុកខ្ញុំដើមឡើយ គាត់​ជា​អ្នករស់នៅ​ភូមិ​ក្រឡា​ពាស ឃុំ​ព្រះ​រំកិល ដែល​ស្ថិតនៅ​ត្រើយម្ខាងភូមិអូររុន ឃុំអូរស្វាយ ​នៃ​ដង​ទន្លេមេគង្គ​។ នៅពេល​ឪពុក​ខ្ញុំ​មាន​អាយុ ២៣ ឆ្នាំ ក្នុង​ដំណើរ​អ៊ុំទូក​មកលេង​ភូមិ​អូរ​រុន វាសនា​ក៏បាន​នាំ​ឱ្យ​គាត់​បាន​ជួប និង​ចាប់ចិត្ត​ស្រឡាញ់​ម្ដាយ​របស់ខ្ញុំ ដែល​មានឈ្មោះថា នុត ស៊ីថុន​។

មួយឆ្នាំ​ក្រោយមក យើង​ទាំងពីរ​ក៏បាន​រៀបចំ​ពិធីសែនព្រេន ហើយ​ចាប់ផ្ដើម​កសាង​ជីវិត​គ្រួសារ​នៅ​ភូមិ​អូរ​រុន​នេះឯង​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ម្ដាយ​ខ្ញុំ​ក៏​សម្រាល​បាន​បងប្រុស​របស់ខ្ញុំ ដែលមាន​ឈ្មោះថា ស្រេង លី​សៀន​។ ប៉ុន្តែ​កម្ម​អកុសល ប្រាំ​ឆ្នាំ​បន្ទាប់ បងប្រុស​របស់ខ្ញុំ​ក៏​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ស្វិត​ដៃជើង ហើយ​ក៏បាន​បាត់បង់​ជីវិត​ទៅ​ ពេលនោះខ្ញុំ​​នៅក្នុង​ផ្ទៃ​ម្ដាយខ្ញុំឡើយ​។ពេលខ្ញុំធំដឹងក្ដី ខ្ញុំ​នៅ​ចាំបាន​យ៉ាង​ច្បាស់​នូវ​ទិដ្ឋភាព​មួយ​កាលពី​ខ្ញុំ​មាន​អាយុ​ប្រហែល៤ ទៅ ៥ ឆ្នាំ​។ ក្នុង​រដូវ​បុណ្យភ្ជុំបិណ្ឌ ឪពុកម្ដាយ​ខ្ញុំ​បាន​រៀបចំ​ម្ហូបអាហារ និង​ផ្លែឈើ​ដើម្បី​យកទៅ​ជូន​យាយ (ម្ដាយ​របស់​ឪពុក​ខ្ញុំឈ្មោះ ញៀន ខាំមុន្នី) ដែល​រស់នៅ​ភូមិ​ក្រឡា​ពាស ត្រើយម្ខាង​នៃ​ទន្លេ​។ ពេលនោះ គ្មាន​អ្វី​ក្រៅពី​ទូក​ចែវ​តូច​មួយ ​ដែលជា​មធ្យោបាយ​ធ្វើដំណើរ​របស់​យើង​ឡើយ​។ ឪពុក​ខ្ញុំ​បាន​អ៊ុំទូក​ឆ្លងកាត់​ផ្ទៃ​ទន្លេមេគង្គ​ដ៏​ធំ​ល្វឹងល្វើយ​។ នោះ​ជា​លើកដំបូង​ហើយ ដែល​ភ្នែក​របស់ខ្ញុំ​បាន​ឃើញ​នូវ​ផ្ទៃ​ទឹក​ដ៏​ធំធេង,​ ព្រៃឈើលិចទឹក, ឆ្នេរខ្សាច់ពណ៍ស, សត្វស្លាបជាច្រើន ដែលហើរទាំងហ្វូងៗបែបនេះ​។ ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ហើយក៏​យក​ដៃ​ទៅ​រាទឹក​លេង​។ ពេលនោះ ឪពុក​ខ្ញុំ​ក៏​ពោល​ឡើង​ថា​៖ «​បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យកដៃ​រាទឹក​!»។ ខ្ញុំ​ក៏​ឈប់​លេង តែ​មួយភ្លែត​ក្រោយមក ដោយសារ​ភាព​ក្មេងខ្ចី ខ្ញុំ​ក៏​លេង​ទឹកម្តង​ទៀត ទើប​ម្ដាយ​ខ្ញុំ​វាយដៃ​ខ្ញុំ​តិចៗ​។

ខ្ញុំ​អង្គុយ​ទាំង​អន្ទះសា ក្នុង​ចិត្ត​ពោរពេញ​ដោយភាពមិនអស់ចិត្ត​។ នៅពេល​ឪពុក​ខ្ញុំ​ចែវទូក​ទៅដល់​កន្ទុយ​កោះឈើទាល​តូច ស្រាប់តែ​យើង​ប្រទះឃើញ​សត្វ​ស្រកាកែវ​មួយ​ក្បាល កំពុង​ហើរ​ត្រដរខ្យល់ ជាប់​នឹង​មង​រហែក​​។ ឪពុក​ខ្ញុំ​ក៏បាន​ស្រាយ​ចំណង​ចេញពី​ជើង​សត្វ​ស្រកាកែវ​ដ៏​កំសត់​នោះ​។ ម្ដាយ​ខ្ញុំ​បាន​និយាយ​ទៅកាន់​ឪពុក​ថា «​ខែ​បុណ្យ​ខែទាន ដោះលែង​វា​ទៅ កុំ​ធ្វើបាប​វា​អី​»​។ ប៉ុន្តែ​ឪពុក​ខ្ញុំ​មិនទាន់​ព្រលែង​វា​ភ្លាម​ទេ គាត់​ក៏បាន​ប្រគល់​សត្វ​ស្រកាកែវ​នោះ​មក​ឱ្យ​ខ្ញុំ​។ ខ្ញុំ​ចាប់​លេង​វា​ទាំង​រំភើប​រីករាយ​ជា​ខ្លាំង​។ មួយសន្ទុះ​ក្រោយមក សត្វ​ស្លាប​នោះ​ក៏​រើ​ចេញពី​ដៃ​ខ្ញុំ ហើយ​ហោះ​ចេញទៅ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សើច​ផង យំ​ផង​ក្នុងពេល​តែមួយ​។

ពេលទៅដល់​ភូមិ​ក្រឡា​ពាស យើង​បាន​រៀបចំ​បាយ​សម្ល​ជូន​យាយ​រួចរាល់ ហើយ​បាន​សម្រាក​នៅទីនោះ​ពីរ​ថ្ងៃ​។ ពេល​ត្រឡប់មកវិញ ឪពុកម្ដាយ​ខ្ញុំ​មិនបាន​ឱ្យ​ខ្ញុំ​មក​ជាមួយ​ទេ ដោយ​តម្រូវឱ្យ​ខ្ញុំរស់​នៅ​ជាមួយ​យាយ​។ ប្រហែលជា​ប្រាំ​ខែ​ក្រោយមក មីង​វិត, មីង​ថុល និង​ពូ​ឡេ ក៏បាន​មក​យក​ខ្ញុំ​ត្រឡប់​ទៅផ្ទះ​វិញ​ព្រោះតែ​ការនឹករឭក​។ ពេលនោះ​គឺ​រដូវប្រាំង ទឹកទន្លេ​ក៏​រីងស្ងួត អាចឱ្យ​យើង​ដើរ​ឆ្លងកាត់​បាន​។ ចំពោះ​កន្លែង​ដែលមាន​ទឹក​ជ្រៅ មីង និង​ពូ​របស់ខ្ញុំ បាន​យក​ដូងទុំ​ពីរ​ផ្លែ​ចង​ជាប់គ្នា ហើយ​ដាក់​ខ្ញុំ​ពីលើ រួច​ក៏​ហែល​ឆ្លងទៅ​ផ្ទះ​។ ប៉ុន្មាន​ឆ្នាំ​បន្តបន្ទាប់ ឪពុក​ខ្ញុំ​ក៏បាន​ទិញ​ម៉ាស៊ីន​កាណូត​ថ្មី​មួយគ្រឿង​។ ការធ្វើដំណើរ​ទៅសួរសុខទុក្ខ​យាយ​ក៏​ផ្លាស់ប្តូរ​។ ខ្ញុំ​នៅ​ចាំបាន​ថា​ពេលនោះ​ខ្ញុំ​មាន​អាយុ​ប្រហែល​៧​ឆ្នាំ​។ លើក​នេះ យាយ​របស់ខ្ញុំ​មិនបាន​រស់នៅ​ក្នុង​ភូមិ​ដូច​កាលពីមុន​ទេ គាត់​បាន​ទៅ​រស់នៅលើ​កោះ​ខាំ ដើម្បី​ដាំ​ដំណាំ​ស្រូវ​នៅទីនោះ​។ នៅពេលដែល​ឪពុកម្ដាយ​ខ្ញុំ​យក​បាយ​សម្ល​ ជូន​យាយ​រួចរាល់ យាយ​ក៏​បបួល​ខ្ញុំ​ទៅ​បេះ​ផ្លែត្រសក់​ទុំ​។ ខ្ញុំ​ក៏​ដើរ​ទៅតាម​យាយ​យ៉ាង​សប្បាយចិត្ត​។ ទៅ​មិនបាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​ខ្ញុំ​ឮ​សំឡេង​ម៉ាស៊ីន​កាណូត​បើក​ចេញពី​កំពង់​។ ខ្ញុំ​ដឹង​ច្បាស់​ណាស់ នេះ​ជា​សំឡេង​ម៉ាស៊ីន​កាណូត​របស់​ប៉ា​! ខ្ញុំ​ក៏​រត់ចេញមក​មើល តែ​អ្វីៗ​ហួសពេល​ទៅហើយ ទូក​ម៉ាស៊ីន​បាន​ចេញទៅ​បាត់​ស្រមោល​។ ភ្លាមៗ​នោះ ខ្ញុំ​ក៏​ស្រែកយំ​យ៉ាង​ខ្លាំង​។ ខ្ញុំ​បានរស់នៅជាមួយ​យាយ​​មួយខែ ទើប​ឃើញ​ប៉ា ​បើក​កាណូត​ទៅ​ទទួលយក​ខ្ញុំ​ត្រឡប់មកវិញ ព្រោះតែ​ខ្ញុំ​ត្រូវ​ចូលរៀន​។

ចាប់ពីពេលនោះ​មក គ្រួសារ​យើង​តែងតែ​យក​បាយ​សម្ល ​ទៅ​ជូន​យាយ​ជារៀងរាល់ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ សមាជិក​ដ៏​សំខាន់​ម្នាក់​ក្នុង​ដំណើរ​នេះ​បាន​បាត់​វត្តមាន​។ គឺអ្នកម្ដាយ​របស់ខ្ញុំ​បាន​ចាក​ឆ្ងាយ​ពី​ពួកយើង​ទាំងអស់គ្នា​ជា​រៀង​រហូត​ហើយ។ ចាប់តាំងពី​ពេលនោះ​មក ឆ្នាំ​ខ្លះ​ខ្ញុំ​បាន​ទៅជា​មួយ​ឪពុក ឆ្នាំ​ខ្លះទៀត​ក៏​អត់​បាន​ទៅ​។ ប៉ុន្តែ​សម្រាប់​ឪពុក​ខ្ញុំ គាត់​មិនដែល​ខកខាន​សូម្បី​តែ​មួយឆ្នាំ​ឡើយ​។

នៅ​ឆ្នាំ​២០២៥​នេះ ទោះបីជា​ខ្ញុំ​មានការ​ងារ​រវល់​យ៉ាងណាក៏ដោយ ក្តី​នឹករឭក​ចំពោះ​យាយ​នៅតែមាន​ពេញ​ក្នុង​ចិត្ត​។ ការធ្វើដំណើរ​ទៅលេង​យាយ​នាពេល​បច្ចុប្បន្ន មាន​ភាពងាយស្រួល​ជាង​កាល​ខ្ញុំ​នៅ​កុមារ​ឆ្ងាយ​ណាស់​។ កាលនោះ ឱ្យតែ​មក​ម្ដងៗ គឺ​ហត់នឿយ​ខ្លាំង​ណាស់ ព្រោះ​គ្មាន​កាណូត​ម៉ាស៊ីន​ទំនើប​នោះទេ​។ ប៉ុន្តែ​ពេលនេះ ដោយមាន​ទូក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សាខា​ខេត្តស្ទឹងត្រែង ការធ្វើដំណើរ​បាន​ក្លាយទៅជា​ងាយស្រួល និង​ឆាប់រហ័ស​។ ខ្ញុំ​អាច​មក​សួរសុខទុក្ខ​យាយ​នៅពេល​ណាក៏បាន ហើយ​ភាពងាយស្រួល​នេះ មិនមែន​សម្រាប់តែ​បុគ្គលិកដូចជា​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ផ្តល់ភាពងាយស្រួលដល់​ប្រជាជន​ទូទៅ​ដែល​រស់នៅក្នុង​តំបន់​នេះ​ទាំងមូល​។

ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដ៏​ប្រពៃ​នេះ ដែល​ជា​ពេលវេលា​ដ៏​មានតម្លៃ​សម្រាប់​ការ​ជួបជុំ​គ្រួសារ, ការ​ធ្វើបុណ្យ​ទាន និង​ការ​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​អ្នកមានគុណ ខ្ញុំតំណាងឲ្យប្រជាជននៅក្នុងស្រុកបុរីអូរស្វាយទាំងមូល ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះលោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ទូក​ចម្លង​ដែល​លោកពូ បាន​ផ្តល់​ជូនបាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​មានតម្លៃ​សម្រាប់ប្រជាជន​ក្នុង​រដូវកាល​ដ៏​​សំខាន់​នេះ​។ ទូកចម្លងបាន​ធ្វើ​ឱ្យ​បំណងប្រាថ្នា​របស់​កូនចៅ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ស្រុកកំណើត ដើម្បី​នាំ​ចង្ហាន់ និង​ទេយ្យទាន​ទៅ​ជូន​ឪពុកម្តាយ ជីដូនជីតា បាន​ក្លាយ​ជា​ការពិត​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព​ជាង​មុន​។ ក្នុងនាមជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ខ្ញុំ​សូម​ឧទ្ទិស​នូវ​អានិសង្ស​ដែល​កើត​ចេញ​ពី​អំណោយ​ដ៏​ថ្លៃថ្លា​នេះ សូមប្រសិទ្ធពរ​ជ័យ​សិរីមង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ដល់​លោកពូ និង​បុគ្គលិក​គ្រប់​រូប​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សូម​ឱ្យ​បាន​ប្រកប​តែ​សេចក្ដីសុខ និង​សេចក្ដី​ចម្រើន​តរៀងទៅ​។ សូម​អនុមោទនា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។[1]

[1] ដោយស្រេង លីដា, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin