យុទ្ធជន កងការពារមន្ទីរតំបន់២៣ ភូមិភាគបូព៌ា

ញៀប ជួន ភេទប្រុស អាយុ១៧ឆ្នាំ (បាត់ខ្លួននៅឆ្នាំ១៩៧៨)[1]។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជួបសម្ភាសជាមួយឈ្មោះ ញៀប នេត អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។[2] ជួន មានម្ដាយឈ្មោះ គឹម ស៊ុម មានមុខរបរធ្វើស្រែ និងមានបងប្អូនចំនួន៧នាក់ ក្នុងនោះស្រី៣នាក់។ ជួន ជាកូនទី៣ក្នុងគ្រួសារដែលមានស្រុកកំណើតនៅភូមិត្បែង ឃុំគគីរសោម ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយទាប) ខេត្តស្វាយរៀង។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់ ញៀប ជួន៖
កាលពីកុមារភាព ជួន រៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាគគីរសោម ហើយនៅខែមីនា ឆ្នាំ១៩៧០ ជួន បានឈប់រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាម និងរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង។ ក្រោយពីឈប់រៀន ជួន មកជួយធ្វើការងារស្រែចម្ការឪពុកម្ដាយ និងជួយឃ្វាលក្របីវិញ។ នៅឆ្នាំ១៩៧១ បន្ទាប់ពីរដ្ឋប្រហារ ប្រទេសជាតិកើតមានសង្គ្រាមរវាងកម្លាំងចលនាតស៊ូខែ្មរក្រហម ជាមួយទាហាន លន់ នល់ ហើយតំបន់មួយចំនួនបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ចលនារំដោះខ្មែរក្រហម។
នៅពេលនោះគ្រួសារជួន និងប្រជាជនក្នុងភូមិសុទ្ធតែមានរណ្តៅត្រង់សេ ឬលេណដ្ឋានសម្រាប់ត្រៀមលាក់ខ្លួន ព្រោះមានគ្រាប់ផ្លោង និងមានយន្ដហោះរបស់សហរដ្ឋអាមេរិកមកទម្លាក់គ្រាប់ រ៉ុកែ្កតសម្លាប់យោធាចលនាតស៊ូខ្មែរក្រហម និងប្រជាជនស្លូតត្រង់។ នៅពេលនោះ ឪពុករបស់ជួន ចាំថាគ្រាប់រ៉ុក្កែតបានធ្លាក់ចំផ្ទះមួយគ្រួសារឈ្មោះ កែវ ឡឹក បណ្តាលឲ្យស្លាប់សមាជិកចំនួន៦នាក់, ងាប់ក្របីអស់មួយក្រោល និងបំផ្លាញផ្ទះសម្បែង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត។ ចំណែកគ្រួសារជួន និងប្រជាជនផ្សេងទៀតរស់នៅលំបាកវេទនា ភ័យខ្លាចមិនបានចេញទៅប្រកបរបររកស៊ី និងធ្វើស្រែចម្ការ ហើយនៅពេលឮសំឡេងយន្តហោះម្តងៗ តែងនាំគ្នាពួនក្នុងលេណដ្ឋានដើម្បីសុវត្ថិភាព។
ក្រោយមកនៅឆ្នាំ១៩៧៣ ជួន និងយុវជនមួយចំនួនក្នុងភូមិត្បែងដោយឃើញពីទុក្ខលំបាករបស់ប្រជាជនបាននាំគ្នាស្ម័គ្រចិត្ដចូលបម្រើជាយោធាចលនាខែ្មរក្រហម តាមរយៈការឃោសនាពីឈ្មោះ ប្រាជ្ញ សុខ ជាគណៈឃុំគគីរសោម។ ពេលចូលបដិវត្តន៍ដំបូង អង្គការបានចាត់តាំង ជួន ឲ្យធ្វើជាកងឈ្លបភូមិ ហើយរយៈពេលប្រហែលមួយឆ្នាំ ជួន ត្រូវបានបញ្ជូនឲ្យធ្វើជាយុទ្ធជន កងការពារមន្ទីរតំបន់២៣។ នៅពេលនោះ ជួន បានមកលេងគ្រួសារម្តងម្កាល និងប្រាប់បងប្អូន ឪពុកម្តាយថាអង្គការមិនអនុញ្ញាតឲ្យមកលេងផ្ទះញឹកញាប់ពេកទេ ព្រោះជាប់ភារកិច្ចការពារមន្ទីរ។ ការងាររបស់ជួន ក្រៅពីការពារមន្ទីរគាត់ត្រូវទៅចូលរួមជាមួយយុទ្ធជនដទៃទៀតដើម្បីប្រយុទ្ធជាមួយទាហាន លន់ នល់ នៅតាមសមរភូមិនានាដើម្បីពង្រីកតំបន់រំដោះខ្មែរក្រហមតាមការចាត់តាំងរបស់គណៈស្រុក ឈ្មោះតាសាលាវ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខែ្មរក្រហមបានឡើងកាន់អំណាច និងបានបិទបញ្ចប់រាល់សង្រ្គាមស៊ីវិលទាំងអស់នៅក្នុងប្រទេស។ ឪពុកបានទទួលដំណឹងថា ជួន ត្រូវអង្គការចាត់តាំងជាយុទ្ធជន កងការពារមន្ទីរតំបន់២៣ ដដែល។ អំឡុងរបបខ្មែរក្រហមកាន់អំណាច ជួន មិនដែលមកលេងគ្រួសារ និងសរសេរសំបុត្រមកសួរសុខទុក្ខគ្រួសារនោះទេ។
ចាប់ពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៧៨ មានព្រឹត្ដិការណ៍ចាប់ខ្លួន សោ ភឹម ប្រធានភូមិភាគបូព៌ា និងការបោសសម្អាតកម្មាភិបាលជាបន្ដបន្ទាប់ ហើយចាប់តាំងពីពេលនោះមក ជួន បានបាត់ដំណឹងរហូតដល់ពេលបច្ចុប្បន្ន។ នៅពេលសួរពីការរំពឹងការរស់រានមានជីវិតរបស់ជួន ឪពុកផ្តល់ចម្លើយថា កូនរបស់គាត់គ្មានសង្ឃឹមរស់ទេ ព្រោះរបបខ្មែរក្រហមបានកន្លងទៅជាច្រើនឆ្នាំមិនឃើញកូនត្រលប់មកផ្ទះវិញ។ នៅរៀងរាល់ពេលមានពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌម្តងៗ គ្រួសារតែងតែឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជួន និងកូនៗដែលបានស្លាប់ និងបាត់ខ្លួនក្នុងរបបខ្មែរក្រហម។
ឯកសារអ្នកទោសជាប់ឃុំឃាំង ញៀប ជួន ភេទប្រុស មានអាយុ១៧ឆ្នាំ, មានកម្ពស់១,៥០ ម៉ែត្រ និងប្រវែងដងខ្លួន០,៨០ ម៉ែត្រ គឺជាយុទ្ធជន កងការពារមន្ទីរតំបន់២៣ ត្រូវបានអង្គការឃាត់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៨ និងឃុំខ្លួននៅផ្ទះលេខ៤២, បន្ទប់ធំ២, បន្ទប់តូច៥ [មន្ទីរស-២១ ឬ គុកទួលស្លែង]។[3] បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរស-២១ បញ្ជាក់ថា ញៀប ជួន ត្រូវបានសម្លាប់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៨។[4]
ក្នុងរបបខ្មែរក្រហមឪពុករបស់ជួន ត្រូវបានអង្គការតម្រូវឲ្យរស់នៅក្នុងសហករណ៍សង្ឃ័រ ស្រុករំដួល (បច្ចុប្បន្នក្រុងស្វាយរៀង) តំបន់២៣ ហើយក្រោយមកត្រូវបានជម្លៀសទៅតំបន់ក្រាំងយ៉ូវ, កោះខែល ក្នុងខេត្តកណ្តាល។ នៅពេលសម្ភាសឪពុករបស់ជួន គឺជាអាចារ្យវត្ត នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នៅរបបខ្មែរក្រហមឪពុករបស់ជួន បានបាត់បង់កូន ចំនួន៣នាក់ ឈ្មោះញៀប ចេង, ញៀប ជួន និងញៀប ចែម៕
អត្ថបទដោយ អេង សុខម៉េង
[1] K00356, ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង, ញៀប ជួន ជាយុទ្ធជន កងការពារមន្ទីរតំបន់២៣, ឯកសារចំនួន១ទំព័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] SVI0018, បទសម្ភាសន៍របស់ ឡុង ដានី ជាមួយ ញៀប នេត ត្រូវជាឪពុករបស់ ញៀប ជួន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៥, ឯកសារចំនួន២០ទំព័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] K00356, ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង, ញៀប ជួន ជាយុទ្ធជន កងការពារមន្ទីរតំបន់២៣, ឯកសារចំនួន១ទំព័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[4] ឯកសារបញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅមន្ទីរស-២១ “ឆ្នាំ១៩៧៦-១៩៧៨” មជ្ឈមណ្ឌលឯកសារកម្ពុជា, តំណភ្ជាប់៖ https://d.dccam.org/Archives/Documents/Confessions/pdf/List_Executed%20S-21%20Prisoners_1975-1978%20_Kh.pdf, នៅលេខរៀង៧៩៧៥, ទំព័រ៤៧៩ មានឈ្មោះ ញៀប ជួន ជាយុទ្ធជន កងការពារមន្ទីរតំបន់២៣។