ប្រជាជននៅក្នុងកងចល័ត
(ក្រចេះ)៖ ប្រជាជនដែលធ្វើការនៅក្នុងកងចល័ត មានបន្ទុកការងារច្រើនជាងនៅក្នុងកងផ្សេងៗ។ ថ្វីត្បិតតែការងារមិនដូចគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺរបបអាហាររបស់ប្រជាជន។ ប៊ូ ស៊យ អាយុ៧៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ស៊យ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការនៅក្នុងកងចល័ត។
នៅក្នុងរបបខ្មែរក្រហម ស៊យ មានអាយុ២៥ឆ្នាំ ហើយអង្គការបានចាត់តាំងឲ្យគាត់ធ្វើការងារដូចជាជីកប្រឡាយ លើកទំនប់ និងធ្វើស្រែ។ នៅអំឡុងពេលនោះ គាត់ធ្វើការងារនៅក្នុងកងចល័ត និងត្រូវចេញទៅធ្វើការងារឆ្ងាយៗមិនសូវមានពេលនៅផ្ទះនោះទេ។ របបអាហារនៅតំបន់នោះ គឺមិនខុសពីតំបន់ផ្សេងៗប៉ុន្មានទេ គឺមានតែបបររាវ ជាមួយនឹងសម្លម្ជូរត្រកួន ឬព្រលឹត។ ដោយសារតែមានការខ្វះខាតអាហារហូបចុក ប្រជាជនមួយចំនួនបានសម្រេចចិត្តចាប់សត្វក្ដាម ខ្យង និងសត្វដទៃទៀតហូបដើម្បីចម្អែតក្រពះ។
នៅក្នុងរបបខ្មែរក្រហម មានប្រជាជនស្លូតត្រង់ជាច្រើន បានស្លាប់ដោយសារតែការចោទប្រកាន់ខុស។ ប្រជាជនដែលត្រូវខ្មែរក្រហមចាប់ខ្លួនទៅ គឺមិនដែលឃើញវត្តមានត្រលប់ទៅផ្ទះវិញនោះទេ។ អ្នកទាំងនោះត្រូវបានចាប់យកទៅសម្លាប់ចោល ដោយគ្មានការសួរនាំរឿងរ៉ាវអ្វីឡើយ។ អ្នកទាំងអស់នោះ ត្រូវបានចោទប្រកាន់ថាជាខ្មាំងដែលប្រឆាំងនឹងអង្គការ ឬអ្នកទាំងនោះមានប្រពន្ធ ឬប្ដីជាជនជាតិវៀតណាម។ ប្រជាជនជាច្រើននាក់ដែលខ្មែរក្រហម ហៅឈ្មោះឲ្យឡើងឡាន ត្រូវនាំខ្លួនទៅសម្លាប់ ទាំងដែលម្ចាស់ខ្លួនមិនបានដឹងថាខ្លួនមានកំហុសអ្វីឡើយ។
ប្រជាជនត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាកគ្រប់គ្រាន់ទេ។ ប្រជាជនម្នាក់ៗត្រូវធ្វើការងាររៀងៗខ្លួន និងធ្វើឲ្យគ្រប់តាមផែនការដែលអង្គការបានកំណត់ ប្រសិនជាធ្វើមិនហើយ នោះនឹងត្រូវពិន័យដោយការបង្អត់អាហារ។ ជាក់ស្ដែង ស៊យ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យគាត់ទៅភ្ជួរដីចម្ការ និងដាំអំពៅចំនួនពីរហិចតានៅស្រែដូង ខាងជើងភូមិគោលាប់ ក្នុងរយៈពេលមួយសប្ដាហ៍ជាមួយនឹងសមាជិកម្នាក់ទៀត។ ស៊យ និងសមាជិកខិតខំធ្វើការងារនោះរួចរាល់តាមកំណត់ដែលអង្គការដាក់ឲ្យ។
ស៊យ ធ្លាប់បានឃើញការបំផ្លាញរូបសំណាក់ព្រះពុទ្ធរូប ព្រះវិហារ និងការចាប់ព្រះសង្ឃផ្សឹក នៅស្រុកពារាំង ខេត្តព្រៃវែង។ ខ្មែរក្រហម បានប្រើឲ្យប្រជាជនវាយកម្ទេចរូបបដិមា ទម្លាក់ទឹកស្រះ ហើយព្រះវិហារមួយចំនួនយកទៅធ្វើជាកន្លែងដាំបាយ ជាសហករណ៍សម្រាប់ឲ្យប្រជាជនស្នាក់នៅ ឬជាឃ្លាំងសម្រាប់ដាក់សម្ភារផ្សេងៗ។ ចំណែកវត្តខ្លះទៀត ត្រូវបោះបង់ចោលគ្មានមនុស្សចេញចូល និងគ្មានព្រះសង្ឃគង់នៅ។ មិនត្រឹមតែវត្តអារាមប៉ុណ្ណោះទេ សូម្បីតែសាលាក៏ត្រូវបំផ្លាញចោល គ្មានគ្រូបង្រៀន និងគ្មានសិស្សទៅសិក្សា។ ខ្មែរក្រហម តែងតែស្វែងរកអ្នកមានចំណេះដឹងយកទៅសម្លាប់ចោល។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់មិនមានសិទ្ធិក្នុងការបញ្ចេញមតិរិះគន់ទៅលើការដឹកនាំរបស់អង្គការឡើយ។ នៅពេលយប់ខ្មែរក្រហមតែងតែបញ្ជូនឈ្លបតាមដានពីសកម្មភាពរបស់ប្រជាជន។
បច្ចុប្បន្ន ស៊យ មានបញ្ហាភ្នែក និងឈឺចង្កេះជាប្រចាំ៕
សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ