ឌុច សាវុធ៖ រៀបរាប់អំពីផលវិបាកនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ឌុច វុធ កើតក្នុងឆ្នាំ១៩៥៦ អាយុ ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិធ្មា ឃុំ ក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀនច្រើននោះទេ គឺរៀននៅសាលាក្នុងវត្តអារាម។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំបានចេញពីផ្ទះធ្វើដំណើរដល់ស្រុកទឹកឈូខាងជើង ខេត្តកំពត នៅទីនោះខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ ក្នុងតំបន់ដែលខ្ញុំធ្វើដំណើរទៅដល់។
នៅឆ្នាំ១៩៧៤ដដែល ខ្មែរក្រហមបានចាត់ខ្ញុំឲ្យចូលធ្វើជាកងទ័ពនៅខេត្តកំពត ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់ថាជារបបខ្មែរក្រហម ចាប់ផ្តើមគ្រប់គ្រងអំណាចបន្ទាប់ពីផ្តួលរំលំកងទ័ព លន់ នល់ ដោយជោគជ័យទាំងស្រុងក្នុងខែមេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់ ដោយបោកបញ្ឆោតកុហកប្រជាជននៅតាមទីក្រុង និងទីប្រជុំជនឲ្យចាកចេញត្រឹមរយៈពេលពីរបីថ្ងៃ ដើម្បីបោសសម្អាតខ្មាំង និងខ្លាចមានយន្តហោះទម្លាក់គ្រាប់បែកមកវាយប្រហារទីក្រុង។ ពេលនោះប្រជាជនបានចេញពីទីក្រុងអស់។ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅប្រចាំការនៅ ភូមិស្វាយស្រែធំ ខេត្តកំពត។ បន្ទាប់ពីនោះមកខ្មែរក្រហមបានបញ្ជូនខ្ញុំទៅកងវរខេត្តវិញម្ដង និងបានចាត់ខ្ញុំទៅយាមនៅតំបន់ខាងលិចភ្នំបូកគោវិញ ព្រោះខ្លាចមានប្រជាជនរត់ចូលក្នុងព្រៃ ដើម្បីរកអាហារហូប។ មួយវិញទៀត ខ្មែរក្រហមខ្លាចមានប្រជាជនបះបោរភៀសខ្លួន។ បន្ទាប់មក ខ្មែរក្រហមបានចាត់ខ្ញុំទៅប្រចាំការយាមការពារនៅតាមបន្ទាត់ព្រំដែនវៀតណាម ត្រង់ចំណុចខេត្តតាកែវ។ ចំពោះការហូបចុកវិញ ខ្ញុំពុំមានការខ្វះខាតអ្វីឡើយ ពីព្រោះខ្ញុំគឺជាកងទ័ពត្រូវការពារតាមតំបន់ព្រំដែន។
ក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានកងទ័ពវៀតណាមបាញ់ចំភ្លៅខាងឆ្វេងបាក់ឆ្អឹង ដេកនៅក្នុងថ្លុកឈាមអស់រយៈពេលប្រហែលកន្លះម៉ោងទើបមានទាហាននៅកងជាមួយគ្នា មកជួយសែងយកទៅព្យាបាល។ ក្នុងឆ្នាំ១៩៧៩ ខ្ញុំឈប់ធ្វើជាទាហាន ព្រោះមានកងទ័ពវៀតណាមចូលមកជាបណ្ដើរៗ ខ្ញុំបានភៀសខ្លួនចូលក្នុងព្រៃជាច្រើនខែ។
រហូតដល់ឆ្នាំ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ខ្ញុំត្រូវបានក្រុមគ្រួសាររៀបចំទុកដាក់ឲ្យមានប្រពន្ធ។ ខ្ញុំ រៀបការមិនទាន់បានមួយខែផង ខ្ញុំ និងភរិយាបានចាកចេញពីផ្ទះមករកការងារធ្វើនៅភ្នំពេញ។ ពេលមកដល់ភ្នំពេញដំបូងខ្ញុំ និងភរិយា បានធ្វើការស៊ីឈ្នួល រែកទឹកលក់តាមផ្ទះ។ បន្ទាប់មកបានផ្លាស់ប្តូរទៅធ្វើការងារនៅខេត្តបន្ទាយមានជ័យ តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ ខ្ញុំបានរស់នៅតាមជំរំមានប្រជាជនជាច្រើនគ្រួសាររស់នៅ ក្រោមការឧបត្ថម្ភពីកាកបាទក្រហមអន្តរជាតិ។ រហូតដល់ឆ្នាំ១៩៩៣ ទើបខ្ញុំ និងភរិយា ធ្វើដំណើរមករស់នៅភូមិកំណើតវិញ និងប្រកបការងារធ្វើស្រែចម្ការហូតមកដល់សព្វថ្ងៃ។
ព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានរំឭកឲ្យខ្ញុំចងចាំរឿងរ៉ាវភ័យខ្លាចតក់ស្លុតពេលប្រយុទ្ធគ្នា និងការសម្លាប់រង្គាល ក្នុងពេលអតីតកាល ទោះបីជាខ្ញុំគ្មានកូនចៅ បងប្អូនធ្វើជាទាហាន ប៉ុន្តែខ្ញុំមានការព្រួយបារម្មណ៍ចំពោះការបាត់បង់អាយុជីវិតកងទ័ពខ្មែរកម្ពុជា និងទុក្ខវេទរបស់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លើសពីនេះទៅទៀតអ្វីដែលធ្វើឲ្យខ្ញុំកាន់តែមានការព្រួយបារម្មណ៍នោះគឺ ទាហានខ្មែរដែលត្រូវទាហានថៃចាប់យកទៅមិនដឹងពេលណាគេដោះលែងមកវិញ។
សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺសន្លាក់ដៃ សន្លាក់ជើង ជំងឺងងឹតភ្នែក ជំងឺក្រពះពោះវៀន។ កក្តាដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពីមូលហេតុដូចជា កាលពីកុមារភាពប្រទេសកើតសង្គ្រាមឥតឈប់ធ្វើឱ្យ ខ្ញុំហូបចុកមិនគ្រប់គ្រាន់ និងកង្វះអាហាររូបត្ថម្ភ និងពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើន។ ចំពោះការព្យាបាលជំងឺរបស់ខ្ញុំវិញ កន្លងមកក្នុងឆ្នាំ២០២៣ ក្រុមការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបាន អញ្ជើញក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិបាក់នឹម ពេលនោះ ខ្ញុំក៏បានចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពដែលរៀបចំ ដោយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ថែមទាំងមានការចែកជូនកូនសៀវភៅ សុខភាព ដែលមានរៀបរាប់អំពីជំងឺទាំង១០ប្រភេទ ក្នុងសៀវភៅនោះផ្តល់សារប្រយោជន៍ចំណោះដឹងអំពីសុខភាពជាច្រើនដល់រូបខ្ញុំ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិ។ ក្នុងចំណោមជំងឺទាំង១០ប្រភេទនេះ ខ្ញុំបានកើតជំងឺ២ប្រភេទ។ សព្វថ្ងៃនេះ ខ្ញុំមិនបានទៅព្យាបាលជំងឺឆ្ងាយនោះទេ ខ្ញុំព្យាបាលនៅក្នុងភូមិស្រុកដែលខ្ញុំរស់នៅ។ គ្រូពេទ្យនៅតាមភូមិបានចាក់ថ្នាំ និងផ្សំថ្នាំលេបដល់ខ្ញុំ។[1]
[1] ឌុច វុធ៖ សម្ភាសន៍ផ្ទាល់មាត់«ប្រជាជនរស់នៅតំបន់បាក់នឹមស្តីពីការ ការប៉ះទង្គិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថានភាពសុខភាពបច្ចុប្បន្ន»សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅខែសីហា ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត