មិត្តឯងត្រូវដូរទីលំនៅ

ហោល ទូច រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ហោល ទូច ភេទស្រី​ ជាកសិករវ័យ៥៨ឆ្នាំ​ មានភូមិកំណើត និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ទូច មានបងប្អូនប្រាំបីនាក់។

នៅឆ្នាំ១៩៧០ ទូច ចងចាំថា បន្ទាប់ពីមានរដ្ឋប្រហារ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោង ក្នុង​មូលដ្ឋានរបស់គាត់។ ដូច្នេះ គ្រួសារទូច បានគេចខ្លួនទៅរស់នៅឃុំតាលន់។ នៅទីនោះ ឪពុកម្ដាយទូច ដាំចម្ការដំឡូង។

នៅឆ្នាំ១៩៧៥ គ្រួសាររបស់គាត់បានត្រលប់មកភូមិកំណើត បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច។ ខ្មែរក្រហមបានចាត់ទុកគ្រួសារទូច ជាប្រជាជនចាស់ និងបញ្ជូន ទូច ឲ្យទៅធ្វើការនៅកងអង្គភាពនារីនៅកោះឃ្លោក។ ក្រោយមក ទូច បន្តធ្វើការក្នុងកងចល័ត ដោយត្រូវរែកដី, ស្ទូងស្រូវ, លើកទំនប់ និងលើកភ្លឺស្រែ នៅឃុំតាលន់, ឃុំត្រើយស្លា និងឃុំព្រែកអំបិល។ របបអាហារដែលគាត់ទទួលបាន គឺមានតែបបរលាយជាមួយត្រកួននិងទឹកប្រហុក ជួនកាលមានពោតមួយផ្លែ ឬដំឡូងមួយដុំ។

ទូច និយាយថា គាត់ត្រូវផ្លាស់ទីធ្វើការពីមួយកន្លែងទៅមួយកន្លែង ដោយគ្មានទីកន្លែងសម្រាកត្រឹមត្រូវនោះទេ។ នៅពេល ទូច មានជំងឺ គាត់ទទួលបាន​តែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។ ទូច បន្តថា អ្នកដែលមានជំងឺ ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការរហូតដល់ឈឺធ្ងន់ ទើបឲ្យសម្រាក។ ចំណែក អ្នកដែលធ្វើពុតជាឈឺ នឹងតូ្រវយកទៅសម្លាប់។ នៅរបបខ្មែរក្រហម ប្អូនជីដូនមួយរបស់ទូច ត្រូវបានខ្មែរក្រហមហៅទៅ ដោយនិយាយថា «មិត្តឯងត្រូវដូរទីលំនៅ»។ តាំងពីពេលនោះមក ប្អូនជីដូនមួយរបស់គាត់​បានបាត់ខ្លួន។

នៅឆ្នាំ១៩៧៩ ទូច បានត្រលប់មករស់នៅភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ។ ក្រោយរបបខ្មែរក្រហមដួលរលំ ទូច មិនបានរៀនសូត្រនោះទេ។ ក្រោយមក គាត់បានរៀបការ និងមានកូនចំនួនប្រាំនាក់។ ជាចុងក្រោយ ទូច នៅតែចងចាំមិនភ្លេចពីការបាត់បង់ប្អូនជីដូនមួយ, ការធ្វើពលកម្មហួសកម្លាំង និងការហូបចុកមិនគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម៕

សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin