ហួន ឆេង អៀង រំឭកពីបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហម

ខ្ញុំឈ្មោះ ហួន ឆេងអៀង[1] ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ខ្ញុំមានស្វាមីឈ្មោះ ហួង​ រុន អាយុ៧៨ឆ្នាំ។ ខ្ញុំមានកូនទាំងអស់ ចំនួន៥នាក់ (ស្រី៣នាក់)។ សព្វថ្ងៃខ្ញុំនៅផ្ទះតែ២នាក់ប្តីប្រពន្ធទេ ហើយខ្ញុំទាំង២នាក់ ជាគ្រូបង្រៀនចូលនិវត្តន៍ដូចគ្នា។ កាលពីមុន ខ្ញុំធ្លាប់បង្រៀននៅវិទ្យាល័យកំពង់កន្ទួត។ បន្ទាប់ពីខ្ញុំបានចូលនិវត្តន៍ ខ្ញុំបានបង្រៀនគណិតវិទ្យាដល់ចៅៗរបស់ខ្ញុំចំនួន៤នាក់ ដូច្នេះ ក្នុងមួយថ្ងៃ ខ្ញុំរវល់បង្រៀនចៅៗចំនួន៤ម៉ោង។ ក្រៅពីនេះ ខ្ញុំអានសៀវភៅធម៌ ធ្វើម្ហូបអាហារ និងពុំសូវទំនេរដូចចាស់ដទៃទេ។

នៅមុនរបបខ្មែរក្រហម ខ្ញុំរៀននៅសាលាគរុកោសល្យឆ្នាំទី២ រាជធានីភ្នំពេញ ជិតវិមានឯករាជ្យ។ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ខ្ញុំត្រូវប្រឡងគ្រូដើម្បីយកក្របខណ្ឌ ប៉ុន្តែនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហម ទទួលបានជ័យជម្នះលើទីក្រុងភ្នំពេញ ហើយខ្មែរក្រហមបានជម្លៀសខ្ញុំ ឲ្យមករស់នៅខេត្តកណ្តាល។ នៅពេលដែលខ្មែរក្រហម បានជម្លៀសខ្ញុំមក ខ្ញុំពុំបានលាក់ប្រវត្តិរូបទេ។ ខ្ញុំបានសរសេរប្រវត្តិរូបតាមត្រង់។ ដំបូងឡើយអង្គការបានបញ្ជូនខ្ញុំឱ្យទៅកង៥១ ដើម្បីស្ទង់សមត្ថភាពខ្ញុំ និងឱ្យខ្ញុំដើរប្រមូលសិស្សដែលពុំទាន់ចេះអក្សរ ចាប់ពីអាយុ១៣ឆ្នាំ រហូតដល់ អាយុ២០ឆ្នាំជាង យកទៅបង្រៀននៅក្រោមដើមឈើ។ ក្រោយពីខ្ញុំបានបង្រៀនសិស្ស អង្គការបានដឹងថាខ្ញុំជាអ្នកចេះដឹងពិតប្រាកដ ក៏ចាត់ទុកខ្ញុំថាជាអនុធន ហើយបានបញ្ជូនខ្ញុំទៅកង៥៣ ដែលជាកងពិសេស និងហួសពីនេះត្រូវយកទៅសម្លាប់។ ប៉ុន្តែជាសំណាងដែលខ្ញុំពុំទាន់ត្រូវបានសម្លាប់។ ចំណែកឯមិត្តភក្តិរបស់ខ្ញុំវិញ បានលាក់ប្រវត្តិរូបរបស់ខ្លួន ហើយអង្គការបានដាក់គាត់ឱ្យនៅក្រុមកសិកររហូត។ ទោះបីជាយ៉ាងនេះក្តី ខ្ញុំមិនតូចចិត្តទេ ព្រោះខ្ញុំបានពន្យល់ក្មេងៗជំនាន់ក្រោយបានចេះដឹងខ្លះ ទោះបីជាអង្គការយកខ្ញុំទៅសម្លាប់ ក៏យកទៅចុះ។ កាលនោះ ក្រៅពីបង្រៀន និងមើលការខុសត្រូវសិស្ស អង្គការបានប្រើខ្ញុំឱ្យធ្វើស្រែ ស្ទូងដក បោកបែន ជីកប្រឡាយ និង លើកប្រព័ន្ធភ្លឺស្រែ។

អំឡុងពេលដែលខ្មែរក្រហមបានជម្លៀសអ្នកនៅទីក្រុងភ្នំពេញមកដំបូង អង្គការបានប្រើឱ្យ អ្នកទាំងនោះធ្វើកិច្ចការនេះដូចគ្នា។ មានអ្នកខ្លះជាកូនអ្នកមាន ជាកូនថៅកែ ធ្លាប់នៅស្រណុកសុខស្រួល  ព្រោះ​មិនអាចទ្រាំទ្រនឹងការងារលំបាកបាន ក៏ត្រូវស្លាប់អស់មួយចំនួន។ ចំណែកឯអ្នកខ្លះទៀត បានរើសចំណីពុំព្រមហូបចុកនូវបាយសម្លដែលអង្គការបានរៀប ក៏ត្រូវអង្គការយកទៅវាយសម្លាប់ទាំងគ្រួសារ។ មាន​តែអ្នកតស៊ូនឹងការងារប៉ុណ្ណោះទើបអាចរស់បាន។ កាលពីមុន ខ្ញុំជាកូនទម្រើស និងជាកូនស្រីទោលម្នាក់នៅក្នុងគ្រួសារ។ ប៉ុន្តែឪពុកម្តាយខ្ញុំ តែងតែប្រើខ្ញុំជារៀងរាល់ព្រឹកឱ្យខ្ញុំចុះទៅរែកទឹកពីអូរចំនួន២០អង្រែក យកទៅស្រោចម្លូ មុននឹងជិះកង់ទៅសាលារៀន។ ដូច្នេះ អាចនិយាយបានថា ខ្ញុំមានសំណាង បានគុណម្តាយរបស់ខ្ញុំប្រើ ទើបនៅក្នុងសម័យខ្មែរក្រហម ខ្ញុំអាចតស៊ូនឹងការងារលំបាកបាន។ បើពេលនោះម្តាយ​ខ្ញុំមិនប្រើម្ល៉េះខ្ញុំស្លាប់នៅក្នុងសម័យខ្មែរក្រហមហើយ។

មានរឿងមួយទៀត ដែលខ្ញុំនៅចងចាំ។ ពេលនោះខ្ញុំធ្វើការរែកដីដល់ពេលយប់។ ពេលចេញមកសម្រាកមួយភ្លែត ខ្ញុំបានមកដេកនៅលើដីទួលមួយ ងើយមើលទៅព្រះច័ន្ទ នឹកឃើញអតីតកាលរបស់ខ្ញុំ ធ្លាប់មានបាយ និងសម្លហូបគ្រប់គ្រាន់ខ្ញុំនៅមិនចង់ហូប។ ខ្ញុំពិតជារើសអាហារណាស់ សូម្បីតែ ឆាត្រឡាច ឆាននោងជាមួយពងទា ក៏ខ្ញុំមិនហូបទេ។ ខ្ញុំមិនចូលចិត្តម្ហូបនេះទេ។ ខ្ញុំសុខចិត្តកាន់ចានមួយដើរ សុំសម្លអ្នកភូមិ ពេញភូមិទាំងអស់ ទោះសម្លអីក៏ខ្ញុំហូប ឱ្យតែសម្លនោះ ខុសពីឆាននោង និងឆាត្រឡាច។ ត្រឡប់មកគិតឡើងវិញ បើបានឆាននោង និង ឆាត្រឡាចនោះមកហូប មិនដឹងជាល្អប៉ុណ្ណាទេ។ មកដល់សម័យខ្មែរក្រហម បានហូបតែមួយរស់ៗ សម្លក៏មិនសូវមានជាតិ ហើយជួនកាលខ្ញុំអត់មានបាយហូបទៀត។

នៅឆ្នាំ១៩៧៨ នៅក្នុងភូមិកាន់តែមានស្ថានភាពតានតឹងទៅៗ។ យុវជន យុវនារីមួយចំនួនរួមទាំងខ្ញុំ បាននាំគ្នារត់ចេញពីភូមិ មកកាន់តំបន់៣៣ ដែលជាតំបន់ធូរស្រាលជាងមុន។ មករស់នៅតំបន់៣៣មិនបានប៉ុន្មាន មេក្រុមឈ្មោះ បង រ៉េត បានរៀបចំឱ្យខ្ញុំមានគ្រួសារ ព្រោះយល់ឃើញថា ខ្ញុំមានអាយុច្រើនជាងគេ នៅក្នុងក្រុម(អាយុ២៣ឆ្នាំ)។  រឿងនេះខ្ញុំចងចាំជាងគេ និងចងចាំពេញមួយជីវិត គឺការ​រៀបការព្រោះខ្ញុំជាអ្នកដើរតួ និងជាអ្នកនៅក្នុងហេតុការណ៍នេះផ្ទាល់។ ខ្ញុំពុំបានឈឺចាប់អ្វីទេ ប៉ុន្តែខ្ញុំពុំដែលដឹងអំពីពិធីរៀបការនៅក្នុងសម័យនោះ ដែលអ្នករៀបការមានចំនួនច្រើនគូ។ កាលនោះខ្ញុំ និង ប្តីខ្ញុំរៀបការជាមួយគូស្វាមីភរិយា សរុបចំនួន៨៣គូ នៅទីតាំងវត្តទីឃវន ហៅវត្ត ព្រៃវែង ផ្លូវទៅភូមិព្រៃសរ។ អង្គការបានធ្វើរោង ប្រក់ធាងដូងយ៉ាងធំមួយ, មានរៀបចំតុមួយ និងមានថូមួយ ដាក់ផ្កាឈូកចំនួន២ដើម ធ្វើជាសាក្សី និងកៅអីចំនួន២ សម្រាប់គូស្វាមី ភរិយា ដែលអង្គការហៅឈ្មោះឱ្យមកអង្គុយទល់មុខគ្នា ធ្វើការប្តេជ្ញា ស្រឡាញ់ និងស្មោះត្រង់នឹងអង្គការរហូតទៅ។ ចប់ពីគូមួយ អង្គការបានហៅឈ្មោះ គូផ្សេងទៀត ឱ្យមកអង្គុយនៅកៅអីដដែល និងប្តេជ្ញាដដែល រហូតដល់គ្រប់ចំនួន៨៣គូ។ ការរៀបការបានចាប់ផ្តើមតាំងពីម៉ោង៣រសៀល រហូតដល់ម៉ោង ៥ល្ងាច ទើបកម្មវិធីបានបញ្ចប់ ហើយអង្គការបានឱ្យអ្នកដែលបានរៀបការនៅហូបបាយជុំគ្នា មានសម្លស្ងោរស៊ុប ល្ហុង ដាក់សាច់មាន់។ ប៉ុន្តែពុំឃើញសាច់មាន់ មានតែបន្លែ និង ទឹក ប៉ុណ្ណោះ។ បន្ទាប់ពីបានហូបបាយរួច នៅម៉ោង៦ល្ងាច មេឃបានចាប់ផ្តើមងងឹត។ អង្គការបានណែនាំឱ្យគូស្វាមីភរិយាដែលបានរៀបការរួច ទៅផ្ទះប្រធានភូមិឈ្មោះ តាសុខ ដើម្បីឱ្យគាត់ជួយរកកន្លែងស្នាក់នៅឱ្យនៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ នៅពេលទៅដល់ផ្ទះប្រធានភូមិ ប្រធានភូមិបានចាត់ចែងឱ្យប្តីប្រពន្ធទៅនៅផ្ទះនីមួយៗ ប៉ុន្តែប្តីប្រពន្ធភាគច្រើន នៅពុំទាន់ចំណាំមុខគ្នាបាននៅឡើយ ប្រធានភូមិក៏សម្រេច បំបែកសមមិត្តប្រុស និង សមមិត្តស្រី ឱ្យនៅដាច់ដោយឡែកគ្នាសិន ដោយស្រីៗ ទៅសម្រាន្តនៅផ្ទះបាយ ចំណែកឯប្រុសៗខ្លះ ទៅសម្រាន្តផ្ទាល់នឹងដី ខ្លះសម្រាន្តនៅលើតុ និង ខ្លះទៀត សម្រាន្តនៅលើកៅ។ ប៉ុន្តែពុំមានទាស់ខុសអ្វីទេ នៅសម័យនោះ។ នៅត្រង់ណា ក៏យើងអាចសម្រាន្តបានដែរ ព្រោះយើងតស៊ូណាស់។ លុះស្អែកឡើងប្រធានភូមិ បានយកក្រដាសបញ្ជីឈ្មោះ ហៅឈ្មោះគូនីមួយៗ រួចរកផ្ទះឱ្យនៅ ដោយរៀបចំឱ្យអ្នកចាស់ទៅនៅកន្លែងផ្សេង ហើយអ្នកថ្មីចូលមករស់នៅកន្លែងនេះម្តង។ ផ្ទះនោះ មានទំហំប្រហែល ៤ម៉ែត្រ ៤ជ្រុង។ តាសុខ បាននិយាយថា ផ្ទះនរណា ក៏ជាផ្ទះរបស់យើង ដីនរណាក៏ជាដីរបស់យើង គោរបស់នរណា ក៏ជាគោរបស់យើងដែរ។ ដូច្នេះអង្គការចែកគោឱ្យប្រុសៗម្នាក់ ១នឹម សម្រាប់ភ្ជួរស្រែ។ លុះពេលបែកសម័យខ្មែរក្រហម យើងបានគោមួយនឹមនេះ សម្រាប់ធ្វើកេរ្តិ៍ដែរ។

ខ្ញុំនៅតែនឹកឃើញអនុស្សាវរីយ៍មួយទៀត នៅពេលដែលខ្ញុំ ត្រូវបញ្ជូនទៅខ្សែត្រៀម ហើយអង្គការប្រើឱ្យជីកអាងនៅខាងទឹកថ្លា។ នៅទីនោះ មានថ្មរឹងជាច្រើន ធ្វើឱ្យកងចល័តពិបាកកាប់គាស់។ មានអ្នកខ្លះបានកាប់គាស់រហូតបានធ្វើឱ្យបាក់ចប ហើយត្រូវអង្គការចោទថាជាខ្មាំង យកទៅរៀនសូត្រ។ នៅទីនោះ ក៏មានអនុស្សាវរីយ៍សម្រាប់មនុស្សច្រើនដែរ។ ដូច្នេះខ្ញុំមិនហ៊ានកាប់នឹងចបទេ។ ខ្ញុំបានយករបស់ម្យ៉ាង សម្រាប់កាប់ថ្ម យកទៅកាប់តិចៗ បាន១ដុំៗ រួចឱ្យអ្នករែក យកទៅចាក់នៅទំនប់។ មុនពេលខ្ញុំ ចូលទៅជីកអាងនៅ ទឹកថ្លា ខ្ញុំពិតជាឃ្លានណាស់។ ពេលនោះ អង្គការបានឱ្យខ្ញុំទៅកាប់បង្គោលឈើនៅក្នុងព្រៃ ដើម្បីយកមកធ្វើរោង។ ប៉ុន្តែចៃដន្យ ខ្ញុំបានឃើញសុទ្ធ តែសំបុកឃ្មុំ ផ្លិតចង្អេរនៅពេសពេញព្រៃ។ ដោយឃ្លានខ្លាំងពេក ខ្ញុំនិង មិត្តនារីម្នាក់ទៀតដាច់ចិត្តសុំម្ចាស់ទឹកម្ចាស់ដី យកឃ្មុំមកហូប។ ខ្ញុំ និងមិត្តនារីម្នាក់ទៀតពិតជាសប្បាយចិត្តខ្លាំងណាស់ ហើយយើងហូបឃ្មុំនោះយ៉ាងមានសេចក្តីសុខ។

ដូច្នេះ រហូតមកដល់បច្ចុប្បន្ននេះ នៅពេលដែលខ្ញុំ ធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ និងពេលដែលខ្ញុំជិះរថយន្តកាត់តាមទឹកថ្លាខ្ញុំតែងតែនឹងឃើញពីទិដ្ឋភាពដែលខ្ញុំធ្វើការជីកអាងនៅទីនោះ និងបានហូបឃ្មុំដែលពេលនោះ ធ្វើឱ្យខ្ញុំមានកម្លាំងរហូតដល់៣ទៅ៤ ថ្ងៃ។

សម្រាប់បទពិសោធន៍នៅសម័យខ្មែរក្រហម បើសិនជាក្មេងជំនាន់ក្រោយបានដឹង គឺពិតជាល្អ ព្រោះបានធ្វើឱ្យក្មេងជំនាន់ក្រោយស្គាល់ពីការលំបាក ស្គាល់ពីសង្គ្រាម និង ចេះតស៊ូក្នុងឆាកជីវិត៕

[1] បទសម្ភាសជាមួយ ហួន ឆេង អៀង ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្ភាសដោយ៖ ហ៊ន ដាវិត អ្នកស្ម័គ្រចិត្តក្នុងគម្រោង «ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អ តាមរយៈភាពជាអ្នកដឹកនាំរបស់យុវជនស្ម័គ្រចិត្តនៅក្នុងសកម្មភាពសង្គម»។ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥


អត្ថបទដោយ ថុន ស្រីពេជ្រ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin