កាន់ ឯម៖ អតីតកម្មារិនីនៅមន្ទីរកាត់ដេរ

កាន់ ឯម រស់នៅក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នៅចន្លោះឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩ ខ្ញុំ បានធ្វើការងារនៅមន្ទីរកាត់ដេរសម្លៀកបំពាក់ពណ៌ខ្មៅនៅផ្សារអូរឫស្សី ក្រុងភ្នំពេញ។

ខ្ញុំឈ្មោះ កាន់ ឯម ភេទស្រី[1] អាយុ៦៦ឆ្នាំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិជង្ហុក ឃុំសំបូរមាស(បច្ចុប្បន្នស្ថិតក្នុងឃុំអំពិល) ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំ រស់នៅក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឪពុកឈ្មោះ កាន់ ម៉េត (ស្លាប់) និងម្ដាយឈ្មោះ រស់ ស៊ីម (ស្លាប់)។ ខ្ញុំ មានបងប្អូនបង្កើតចំនួន៥នាក់ នៅរស់រានមានជីវិតចំនួន៤នាក់។ ស្វាមីរបស់ ខ្ញុំ ឈ្មោះ ឈឹម អៀម អាយុ៧២ឆ្នាំ និងមានកូនចំនួន២នាក់(ស្រីម្នាក់)។

កាលនៅវ័យកុមារ ខ្ញុំ បានចូលសិក្សារៀនសូត្របានត្រឹមថ្នាក់ទី១០ (សម័យសង្គមចាស់) នៅក្នុងភូមិជង្ហុក។ នៅឆ្នាំ១៩៧០ ខ្ញុំ បានឈប់រៀនដោយសារកើតមានរដ្ឋប្រហារ ធ្វើឲ្យលោកគ្រូអ្នកគ្រូមិនហ៊ានមកបង្រៀន។ ក្រោយឈប់រៀន ខ្ញុំ បាននៅផ្ទះជាមួយឪពុកម្ដាយ និងជួយមើលថែកូនៗរបស់បង​។ នៅឆ្នាំ១៩៧៣ ខ្ញុំ ឪពុកម្ដាយ និងបងប្អូនទាំងអស់ បានជម្លៀសខ្លួនចេញពីស្រុកកំពង់សៀម ទៅរស់នៅក្នុងភូមិ៣៥ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញដោយជោគជ័យ។ មិនយូរប៉ុន្មាន ខ្ញុំ បានស្ម័គ្រចិត្តចូលរួមជាមួយកងកម្លាំងបដិវត្តន៍ខ្មែរក្រហមនៅក្នុងភូមិ៣៥។ បន្ទាប់មក ខ្ញុំ ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យធ្វើការងារនៅក្នុងមន្ទីរចម្ការកៅស៊ូមួយកន្លែងក្នុងភូមិ៣៥។ ក្នុងមន្ទីរមានយុវនារីប្រហែល២០០នាក់ ដែលមកពីភូមិ៣៥។ ជារៀងរាល់ថ្ងៃ ខ្ញុំ ធ្វើការងារចៀរជ័រកៅស៊ូ ជាមួយយុវនារី និងយុវជនធ្វើការងាររួមក្នុងចម្ការ។ ក្នុងឆ្នាំដដែល ខ្ញុំ ត្រូវបានបងប្រុសជីដូនមួយ (មិនប្រាប់ឈ្មោះ) នាំចេញពីភូមិ៣៥ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅកាន់មន្ទីរទួលគោក រាជធានីភ្នំពេញ។ បងប្រុសជីដូនមួយរបស់ ខ្ញុំ ជាប្រធានផ្នែកសេដ្ឋកិច្ច ហើយបានឲ្យ ខ្ញុំ និងនារីមួយទៀត នៅយាមឃ្លាំងនៅទួលគោក។ នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានឲ្យ ខ្ញុំ ទៅដាំស្ពៃនៅក្បែរកីឡាដ្ឋានចាស់ (ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ)មួយរយៈពេល ហើយ ខ្ញុំ បានបែកជាមួយបងប្រុសជីដូនមួយ មិនបានជួប​ទៀតនោះឡើយ។

នៅឆ្នាំ១៩៧៦ ខ្ញុំ ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីចម្ការដាំស្ពៃឲ្យទៅធ្វើការងារនៅឃ្លាំងរដ្ឋ​។ ខ្ញុំ មានតួនាទីដើរប្រមូលសម្ភារនៅតាមផ្ទះរបស់ប្រជាជននៅទីក្រុងភ្នំពេញមានដូចជា ចាន ឆ្នាំង និងរបស់របរផ្សេងៗយកទៅដាក់ក្នុងឃ្លាំងរដ្ឋ។ ខ្ញុំ បានមិនចងចាំឈ្មោះប្រធានក្រុមគ្រប់គ្រងក្នុងឃ្លាំងរដ្ឋនោះទេ។ បន្ទាប់មក ខ្ញុំ ត្រូវបានបញ្ជូនទៅរស់នៅផ្សារអូរឫស្សីដើម្បីធ្វើការងារនៅក្នុងមន្ទីរកាត់ដេរ។ ខ្ញុំ បានកាត់សម្លៀកបំពាក់ពណ៌ខ្មៅ ហើយសម្លៀកបំពាក់​​ទាំងអស់ត្រូវបាននាំយកទៅចែកជូនប្រជាជន និងកម្មាភិបាលខ្មែរក្រហមនៅតាមកង តាមក្រុមនៅតាមភូមិស្រុកផ្សេងៗ។ ខ្ញុំ មិនបានចាំឈ្មោះប្រធានមន្ទីរកាត់ដេរទេ។ នៅក្នុងមន្ទីរកាត់ដេរមានមនុស្សរាប់ពាន់នាក់ទាំងកម្មារិនី និងកម្មករ។ នៅមន្ទីរកាត់ដេរ ខ្ញុំ បានរបបអាហារហូបចុកគ្រប់គ្រាន់ មិនមានការខ្វះខាតឡើយ។ ក្នុងពេលជាមួយគ្នា ខ្ញុំ ធ្លាប់បានទៅចូលរួមទទួលគណៈប្រតិភូបរទេសដូចជា គណៈប្រតិភូចិន គណៈប្រតិភូកូរ៉េ និងគណៈប្រតិភូមីយ៉ាន់ម៉ា (ភូមា) ដែលបានអញ្ជើញមកទស្សនកិច្ចនៅទីក្រុងភ្នំពេញ។ នៅមុនពេលគណៈប្រតិភូមកដល់ ខ្ញុំ និងកម្មារិនីបានឈរនៅតាមមាត់ទន្លេ(ភ្នំពេញ) ដើម្បីរងចាំទទួល។  ខ្ញុំ បានទៅចូលរួមប្រជុំជាមួយកម្មាភិបាលធំៗរបស់ខ្មែរក្រហម ដូចជា ប៉ុល ពត , អៀង សារី នៅស្តាតអូឡាំពិក។ បន្ទាប់មក ខ្ញុំ បានចូលរួមរៀនសូត្រអំពីការបង្កបង្កើតផលស្រូវ និងផលដំណាំ ជាមួយ ខៀវ សំផន និង អៀង សារី នៅក្រោយស្តាតអូឡាំពិក ហៅថា ក-៦។ នៅចុងឆ្នាំ១៩៧៨ ខ្ញុំ បានសុំអនុញ្ញាតប្រធានមន្ទីរកាត់ដេរ ដើម្បីត្រឡប់ទៅលេងឪពុកម្ដាយនៅស្រុកកំណើតរយៈពេលពីរទៅបីថ្ងៃ ហើយខ្ញុំត្រូវបានអនុញ្ញាត។ នៅពេលទៅដល់ផ្ទះ ខ្ញុំ បានជួបជាមួយឪពុកម្ដាយ កំពុងស្នាក់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប៉ុន្តែខ្ញុំមិនបានដឹងថាឪពុកម្ដាយធ្វើការងារអ្វីនោះទេ។ រយៈពេលបីថ្ងៃក្រោយ ខ្ញុំបានត្រឡប់ទៅមន្ទីរកាត់ដេរនៅផ្សារអូរឫស្សីវិញ។

នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានប្រកាស ខ្ញុំ កម្មារិនី និងកម្មករកាត់ដេរទាំងអស់ជម្លៀសខ្លួនចេញពីភ្នំពេញមួយរយៈពេល។ ខ្ញុំ បានដើរថ្មើរជើងតាមកម្មករ កម្មារិនីទាំងអស់ចេញពីភ្នំពេញទៅតាមផ្លូវពោធិ៍ចិនតុង។ អំឡុងពេលភៀសខ្លួន ខ្ញុំ បានឃើញប្រជាជនបានស្លាប់នៅតាមដងផ្លូវធ្វើដំណើរជាច្រើនបន្តបន្ទាប់ ដោយសារការអត់អាហារ និងកើតជំងឺគ្រុនចាញ់។ បន្ទាប់មក ខ្ញុំ បានចូលរួមជាកងទ័ពនារីខ្មែរក្រហម ហើយបានរត់ភៀសខ្លួនបន្តរហូតដល់ព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រធានកងពលរបស់ ខ្ញុំ គឺ តា កន។ ខ្ញុំ និងនារីមួយចំនួនបាននៅក្នុងកងដឹកជញ្ជូនគ្រាប់ទៅឲ្យកងទ័ពខ្មែរក្រហមនៅសមរភូមិ។ បន្ទាប់មក កងទ័ពវៀតណាមបានវាយកាន់តែខ្លាំង ខ្ញុំ បានរត់ភៀសខ្លួនចេញពីព្រំដែនស្រុកកំរៀង ទៅកាន់ព្រំដែនខេត្តប៉ៃលិន។ កងទ័ពខ្មែរក្រហមបានវាយឈ្នះកងទ័ពវៀតណាមនៅខេត្តប៉ៃលិន ទើប ខ្ញុំ បានរត់បកមករស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ដំបូង កន្លែងដែលខ្ញុំ រស់នៅមានព្រៃក្រាស់ មើលមិនឃើញពន្លឺថ្ងៃនោះទេ។ ក្នុងពេលជាមួយគ្នា មានប្រជាជន និងកងទ័ពខ្មែរក្រហមជាច្រើននាក់ រស់នៅអូរអន្លក់ ស្រុកកំរៀង បានឆ្លងជំងឺគ្រុនចាញ់ស្លាប់ រីមួយចំនួនទៀតគ្រុនចាញ់ខ្លាំងធ្វើជ្រុះសក់ រហូតដល់ស្លាប់។ ចំណែក ខ្ញុំ មិនដែលឆ្លងជំងឺគ្រុនចាញ់នោះទេ។

នៅឆ្នាំ១៩៨១ ខ្ញុំ បានស្ម័គ្រចិត្តរៀបការជាមួយកងទ័ពខ្មែរក្រហមនៅអូរអន្លក់។ ក្នុងពេលជាមួយគ្នា រៀបការចំនួន៣គូ។ បន្ទាប់ពីរៀបការរួច ខ្ញុំ បានឈប់ពីកងដឹកជញ្ជូន ហើយ ប្ដីបានចេញទៅប្រយុទ្ធនៅសមរភូមិជាមួយកងទ័ពវៀតណាម។ នៅឆ្នាំ១៩៩៥ ខ្ញុំ បានប្ដូរចេញពីអូរអន្លក់មកនៅរស់នៅក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ខ្ញុំ និងប្ដីបានកាប់ឆ្ការព្រៃ ដើម្បីសាងសង់ផ្ទះមួយ និងយកដីធ្វើស្រែ និងដាំដំឡូង សណ្ដែក ពោត ដើម្បីចិញ្ចឹមជីវិត។ នៅឆ្នាំ១៩៩៦ ឪពុកម្ដាយរបស់ ខ្ញុំ បានមកតាមរក ខ្ញុំ ដល់ភ្នំព្រឹក ហើយបានស្នាក់នៅផ្ទះរបស់ខ្ញុំ ចំនួន៥ថ្ងៃ ទើបត្រឡប់ទៅភូមិកំណើត នៅខេត្តកំពង់ចាមវិញ។ ក្រោយសមាហរណ៍កម្មឆ្នាំ១៩៩៧ ខ្ញុំ បានត្រឡប់ទៅលេងឪពុកម្ដាយនៅស្រុកកំណើតជារៀងរាល់ឆ្នាំ។

អត្ថបទដោយ មឿន ស្រីណុច


[1] ឯកសារលេខ BBI0094, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សុខ វណ្ណៈ សម្ភាសន៍ជាមួយឈ្មោះ  កាន់ ឯម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin