កែវ សារុំ៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន
ខ្ញុំឈ្មោះ កែវ សារុំ ភេទប្រុស អាយុ ៧២ ឆ្នាំ ទីកន្លែងកំណើតនៅភូមិខ្ពប ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិបាកនឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនចំនួន ៥នាក់សុទ្ធតែធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ចាប់ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដែលជាបទពិសោធន៍ឈឺចាប់ និងលំបាកនៅក្នុងជីវិត ដែលមិនអាចបំភ្លេចបាន។
នៅឆ្នាំ ១៩៧៥ ខ្ញុំត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅតាមកងចល័ត ដោយត្រូវធ្វើការងារធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ដូចជា ការធ្វើស្រែចម្ការ ជីកទំនប់ លើកប្រឡាយ និងការងារផ្សេងៗទៀត គ្មានថ្ងៃសម្រាក។ ខ្ញុំត្រូវប្រឹងធ្វើការរហូតដល់យប់ជ្រៅរៀងរាល់ថ្ងៃ។ ការរស់នៅពេលនោះពិតជាពិបាក គ្មានសេរីភាព និងគ្មានអាហារគ្រប់គ្រាន់ ដោយទទួលបានតែបបររាវ មួយថ្ងៃត្រឹមពីរដង។
បន្ទាប់ពីខ្ញុំធ្វើការនៅកងចល័តមួយរយៈ ខ្ញុំត្រូវបានក្រុមអង្គការចាត់ឲ្យទៅធ្វើជាកងទ័ព គឺជាការងារពោរពេញដោយហានិភ័យ និងទុក្ខលំបាក។ ខ្ញុំបាត់បង់ប្អូនប្រុសមួយរូបឈ្មោះ កែវ ចឹក ដែលស្លាប់ពេលធ្វើការនៅកងចល័ត ដោយសារធ្វើការងារធ្ងន់ហួសកម្លាំង និងខ្វះខាតអាហារហូបចុក។ មិនត្រឹមតែបាត់បង់ប្អូនប្រុសម្នាក់ប៉ុណ្ណោះទេ មានសាច់ញាតិជាច្រើនរូបទៀតរបស់ខ្ញុំ ត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហម។ របបខ្មែរក្រហមបានធ្វើបាទប្រជាជន ទាំងបុរស ស្រី ក្មេង និងមនុស្សចាស់។ ការកាប់សម្លាប់ដោយចោទថាជាជនក្បត់ នឹងអង្គការកើតឡើងគ្រប់ទីកន្លែង។ ក្រុមគ្រួសាររស់នៅព្រាត់ប្រាស់ពីគ្នា។ រយៈពេលប្រមាណជាងបីឆ្នាំជីវិតខ្ញុំ បានបន្សល់ទុកនូវស្នាមរបួសក្នុងចិត្តរហូតមកដល់សព្វថ្ងៃ។ ខ្ញុំមិនចង់ឃើញសង្គ្រាម ឬរបបព្រៃផ្សៃបែបនោះកើតឡើងលើប្រទេសកម្ពុជាទៀតនោះទេ។
បច្ចុប្បន្ន ខ្ញុំមានជំងឺប្រចាំកាយមួយចំនួនដូចជា ជំងឺអាឡែកស៊ីស្បែក, លើសជាតិអាស៊ីត, និងលើសឈាម។ ខ្ញុំជឿថាមូលហេតុនេះបណ្តាលមកពីការងារធ្ងន់លើសកម្លាំង កង្វះអាហារពេលវ័យក្មេង និងផលប៉ះពាល់ដែលបន្សល់តាំងពីរបបខ្មែរក្រហម។ បច្ចុប្បន្នខ្ញុំព្យាបាលដោយទៅពិនិត្យតាមដានសុខភាពជារៀងរាល់ខែ និងលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ឆ្នាំ២០២៣ ខ្ញុំត្រូវបានក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា អញ្ជើញឲ្យចូលរួមពិនិត្យសុខភាព ឥតគិតថ្លៃ ហើយបានទទួលសៀវភៅណែនាំសុខភាពតូចមួយក្បាល ជួយឲ្យខ្ញុំយល់ដឹងច្បាស់អំពីការថែរក្សាសុខភាពផ្ទាល់ខ្លួន។ ក្នុងនាមជាពលរដ្ឋ និងជាអតីតទាហាន ដោយមើលឃើញស្ថានការណ៍ប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំមានការព្រួយបារម្ភខ្លាំង ព្រោះខ្ញុំមិនចង់ឲ្យប្រទេសកម្ពុជាកើតមានសង្គ្រាម ឬការបាត់បង់ជីវិតមនុស្សម្តងទៀតឡើយ។ ខ្ញុំចង់បានសន្តិភាព និងការឯកភាពជាតិដើម្បីការអភិវឌ្ឍន៍ដល់យុវជនជំនាន់ក្រោយ។[1]
[1] កែវ សារុំ ៖សម្ភាសន៍ផ្ទាល់មាត់«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន»សម្ភាសន៍ដោយ៖ ផាត ពន្លក នៅ ខែតុលា ឆ្នាំ២០២៥, មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត
អត្ថបទដោយ ផាត ពន្លក