វះកាត់សម្រាលកូន
(កំពត)៖ រឿងរ៉ាវដែល ណាត គិតថាពិបាកខ្លាំងសម្រាប់គាត់នៅក្នុងរបបខ្មែរក្រហមនោះ គឺជាការសម្រាលកូនដោយការវះកាត់ ព្រោះពេលនោះគាត់សម្រាលកូនតាមធម្មជាតិមិនបាន ហើយនៅអំឡុងពេលនោះមិនមានថ្នាំពេទ្យគ្រប់គ្រាន់ ព្រមទាំងគ្មានបច្ចេកទេសទំនើបឡើយ។ ខឹម ណាត អាយុ៧៥ឆ្នាំ រស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។
នៅក្នុងរបបខ្មែរក្រហម ណាត ខិតខំធ្វើការងារស្ទើរតែគ្មានពេលសម្រាក ទាំងយប់ទាំងថ្ងៃ និងពេលមានជំងឺ អ្នកទាំងអស់នោះ ត្រូវទ្រាំទៅធ្វើការងារទាំងខ្លួនមានជំងឺ។ ការខិតខំធ្វើការរបស់ប្រជាជនទាំងអស់គឺ ដើម្បីគេចពីការធ្វើទារុណកម្ម និងបង្អត់អាហារ។ សម្រាប់ប្រជាជនណាធ្វើការមិនគ្រប់តាមផែនការដែលអង្គការបានកំណត់មកនោះទេ នឹងត្រូវទទួលរងការធ្វើទារុណកម្ម និងមិនទទួលបានអាហារបរិភោគឡើយ។ ចំពោះការបរិភោគអាហាររបស់ប្រជាជន គឺត្រូវហូបរួមជាសហករណ៍។ ណាត បាននិយាយថា នៅពេលដល់ម៉ោងបរិភោគអាហារ ប្រជាជនត្រូវតែប្រញាប់ទៅឲ្យបានមុនគេ ប្រសិនជាទៅក្រោយនោះនឹងគ្មានអាហារបរិភោគឡើយ។
របបអាហារដែលប្រជាជនទទួលបាន មានការខ្វះខាតច្រើន ព្រោះនៅក្នុងរយៈពេលមួយថ្ងៃទទួលបានត្រឹមតែអាហារពីរពេល ហើយជាបបររាវ ជាមួយនឹងសម្លម្ជូរត្រកួន និងសម្លម្ជូរព្រលឹត។ ដោយសារភាពខ្វះខាត ណាត បានលួចបូតកួរស្រូវយកទៅបុកឲ្យទៅជាអង្ករ យកទៅដាំជាបាយសម្រាប់ហូបបន្ថែម ប៉ុន្តែគាត់មិនទាន់បានបរិភោគនោះទេ អង្គការបានមកទាន់ព្រឹត្តិការណ៍នោះ ហើយបានដកហូតយកឆ្នាំងបាយរបស់គាត់ និងបាននាំខ្លួនគាត់ទៅកសាង។ របបខ្មែរក្រហម មិនមែនខ្វះខាតត្រឹមតែអាហារនោះទេ សូម្បីតែសម្ភារប្រើប្រាស់ក៏មានការខ្វះខាតដែរ។ ជាក់ស្ដែងក្នុងមួយឆ្នាំ ប្រជាជនទទួលបានសម្លៀកបំពាក់ ត្រឹមពីរសម្រាប់ប៉ុណ្ណោះ។
នៅក្នុងរបបខ្មែរក្រហម ការងាររបស់ប្រជាជនបែងចែកចេញជាពីររដូវកាល គឺរដូវវស្សា និងរដូវប្រាំង។ នៅក្នុងរដូវប្រាំង ប្រជាជនទាំងអស់ ត្រូវធ្វើការងារស្រែចម្ការ ដូចជាដក-ស្ទូង រែកជីលាមកទៅដាក់ក្នុងស្រែ និងរែងអង្ករ។ ចំណែករដូវប្រាំង គឺត្រូវផ្ដោតទៅលើការជីកប្រឡាយ លើកទំនប់ លើកប្រព័ន្ធភ្លឺស្រែ និងការងារផ្សេងៗទៀត។
រឿងរ៉ាវដែល ណាត គិតថាពិបាកខ្លាំងសម្រាប់គាត់នោះគឺ ការសម្រាលកូន ព្រោះពេលនោះគាត់សម្រាលកូនតាមធម្មជាតិមិនបាន ដូច្នេះត្រូវតែវះ ហើយនៅអំឡុងពេលនោះមិនមានថ្នាំពេទ្យគ្រប់គ្រាន់ និងមិនមានសម្ភារបច្ចេកទេសទំនើបសម្រាប់តាមដានសុខភាព។ ណាត បានបន្ថែមថា នៅអំឡុងចុងឆ្នាំ១៩៧៨ គាត់ និងគ្រួសារបានរត់ភៀសខ្លួនទៅរស់នៅជំរំមួយកន្លែងនៅក្នុងទឹកដីថៃ។ ទៅដល់ទីនោះដំបូង គ្រួសាររបស់គាត់ មិនមានអង្ករសម្រាប់ដាំបាយហូបនោះទេ ហើយត្រូវទទួលការធ្វើបាបពីសំណាក់អ្នកដែលរស់នៅខេត្តនោះ។ អ្នកចំណូលថ្មីដែលទៅរស់នៅទីនោះ គឺតែងតែត្រូវម្ចាស់ស្រុកធ្វើបាបជានិច្ច។
ខឹម ណាត បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា៖ “ខ្ញុំមិនចង់ឲ្យកូនចៅជំនាន់ក្រោយជួបរបបនោះឡើយ ព្រោះរបបនោះលំបាកវេទនា។ ជីវិតរស់ក្រោមការគាបសង្កត់ ធ្វើការដើម្បីដូរបាយ គ្មានទេសេរីភាព។” ថ្វីត្បិតតែ ណាត មិនចង់ឲ្យកូនចៅរបស់គាត់ជួបព្រឹត្តិការណ៍នៅក្នុងរបបនោះក៏ពិតមែន ប៉ុន្តែគាត់ចង់ឲ្យក្មេងជំនាន់ក្រោយទាំងអស់សិក្សាស្វែងយល់ឲ្យបានដឹងពីទុក្ខលំបាកដែលអ្នករស់រានទាំងអស់ធ្លាប់បានឆ្លងកាត់ពីរបបនោះ៕
សម្ភាសដោយ៖ ជឹម ជូរី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ