អ្នកទោសនៅកោះគរ

(កណ្ដាល)៖ កន ប្រាក់ ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ប្រាក់ មានទីកន្លែងកំណើតនៅឃុំត្រើយស្លា និងមានបងប្អូនបួននាក់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ប្រាក់ ឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) ដោយសារការទម្លាក់គ្រាប់បែក និងបានផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ ជាមួយឪពុកដែលធ្វើជាទាហាន លន់ នល់។ ក្រោយមក ឪពុកប្រាក់ បានស្លាប់នៅពេលប្រយុទ្ធ។ ចំណែក បងប្រុសទី១របស់គាត់ ដែលធ្វើជាយោធាខ្មែរក្រហមបានបាត់ខ្លួន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារបា្រក់ត្រលប់មកឃុំត្រើយស្លា និងចាត់ទុកជាប្រជាជនថ្មី។ ខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើការនៅអង្គភាពយុវជន ដោយត្រូវរែកដី, លើកទំនប់, ជីកប្រឡាយ និងស្ទូងស្រូវ នៅភូមិទួលក្រសាំង។ ក្នុងមួយថ្ងៃ ប្រាក់ ទទួលបានរបបអាហារពីរពេល ដោយក្នុងមួយពេល មានបាយពីរវែក ឬដំឡូងមួយដុំប៉ុណ្ណោះ។ ប្រាក់ ត្រូវរែកដីឲ្យបានតាមការកំណត់របស់អង្គការ។ ប្រាក់ មិនដឹងថាអង្គការជានរណានោះទេ ប៉ុន្តែគាត់ឮថាអង្គការមានភ្នែកម្នាស់ចាំឃ្លាំមើលប្រជាជនគ្រប់ពេលវេលា។ ប្រសិនបើ ប្រាក់ ធ្វើការមិនបានតាមការកំណត់នោះ គាត់នឹងត្រូវអង្គការចាប់បញ្ជូនទៅឃុំខ្លួននៅកោះគរ ដែលជាមន្ទីរឃុំឃាំងអ្នកទោស។ អ្នកទោសភាគច្រើន ត្រូវបានខ្មែរក្រហមចោទថា ខ្ជិលច្រអូស ឬជាគិញសម្ងាត់សេ.អ៊ី.អា.។
ក្នុងឆ្នាំ១៩៧៧ នៅពេលកំពុងលើកទំនប់នៅការដ្ឋាន ប្រាក់ បានរត់ទៅជួបម្ដាយ។ គាត់ត្រូវបានខ្មែរក្រហមចាប់ខ្លួនបាននិងបញ្ជូនទៅកោះគរ។ នៅទីនោះ គាត់ត្រូវស្ទូងស្រូវ និងឃុំខ្លួននៅពេលយប់។ ប្រាក់ ត្រូវបានដាក់ខ្នោះជាមួយអ្នកទោសដប់នាក់ផ្សេងទៀត។ អ្នកទោសទាំងស្រីទាំងប្រុស ត្រូវងូតទឹកស្រះរួមគ្នា ក្នុងពេលតែមួយ។
ប្រាក់ និយាយថា អ្នកដែលរត់គេចខ្លួនពីគុកនេះ នឹងត្រូវខ្មែរក្រហមបាញ់សម្លាប់។ នៅទីនោះ ប្រាក់ បានឃើញផ្ទាល់ភ្នែក នៅពេលខ្មែរក្រហមវាយមនុស្សទម្លាក់រណ្ដៅ ដោយក្នុងមួយរណ្តៅមានសាកសពពី១០ទៅ២០នាក់។ គាត់បន្តថា ខ្មែរក្រហមសម្លាប់មនុស្ស ដោយប្រើប្រាស់ត្បូងចប, ធាងត្នោត និងចំពុះទុងជាដើម។ អ្នកទោសមួយចំនួនទៀត ត្រូវបានខ្មែរក្រហម ធ្វើទារុណកម្មរហូតដល់ស្លាប់។ ក្រៅពីនេះ ខ្មែរក្រហមបានកុហក និងហៅប្រជាជនថ្មីទៅហូបនំបញ្ចុក និងបំផ្ទុះមីន ដើម្បីសម្លាប់ទៀតផង។
ក្រោយមក ខ្មែរក្រហមបានបញ្ជូន ប្រាក់ និងអ្នកទោសផ្សេងទៀតទៅវាយថ្មនៅភ្នំស្អាង។ បន្ទាប់ពីវាយថ្មអស់រយៈពេលកន្លះខែ ប្រាក់ត្រូវបានខ្មែរក្រហមបញ្ជូន ឲ្យទៅដឹកស្បៀងនៅព្រែកតូច។ នៅយប់នោះ នៅចុងឆ្នាំ១៩៧៨ ប្រាក់ និងអ្នកទោសពីរនាក់ផ្សេងទៀត បានរត់គេចខ្លួននៅក្នុងព្រៃ ។
នៅរបបខ្មែរក្រហម ប្រាក់ ត្រូវព្រាត់ប្រាសពីម្ដាយ និងបងប្អូន, ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ប្រាក់ និយាយថា នៅសហករណ៍សម្បូរទៅដោយស្រូវ ប៉ុន្តែមិនដឹងថាអង្គការយកទៅណានោះទេ។ ចំណែក គណៈឃុំវិញ អាចហូបចុកបានគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្រាក់ បានត្រលប់មករស់នៅក្នុងភូមិកំណើត។ នៅឆ្នាំ១៩៨២ គាត់បានរៀបការ និងមានកូនប្រាំពីរនាក់៕
សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥