សម្លាប់មនុស្សដោយគ្មានញញើតដៃ

ម៉ី យ៉ុន និងស្វាមី

(កំពត)៖ ម៉ី យ៉ុន បានចែករំលែកថា ខ្មែរក្រហម បានសម្លាប់មនុស្សដោយគ្មានញញើតដៃ សម្លាប់មនុស្សស្លូតត្រង់គ្មានកំហុស មិនលើកលែងសូម្បីតែកុមារតូចៗ។ ការសម្លាប់មនុស្សគ្មានការវិច្ឆ័យទោសកំហុស គឺសម្រេចទៅតាមការចោទប្រកាន់របស់ខ្លួន។  ម៉ី យ៉ុន អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត និងមានទីលំនៅ នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។

នៅក្នុងរបបខ្មែរក្រហម យ៉ុន មានអាយុ២៥ឆ្នាំ មានគ្រួសារ និងមានកូនចំនួនបីនាក់។ គាត់បាននិយាយថា នៅថ្ងៃទី១ ខែមករា ខ្មែរក្រហមបានចាប់ផ្ដើមរៀបចំឲ្យប្រជាជនរស់នៅរួមជាសមូហភាព។

នៅអំឡុងពេលនោះ យ៉ុន ទើបតែសម្រាកកូនរួច អង្គការបានចាត់តាំងឲ្យគាត់នៅមើលថែទាំកុមារតូចៗ ជាមួយនឹងស្រ្តីវ័យចំណាស់ផ្សេងៗទៀត។ ជារៀងរាល់ថ្ងៃ គាត់ត្រូវក្រោកពីដំណេកលឿន ដើម្បីចេញទៅកន្លែងធ្វើការ។ កុមារនៅក្នុងកងដែល យ៉ុន ត្រូវមើលថែ មានចំនួន១២០នាក់។ ក្រោយមក ខ្មែរក្រហមបានផ្លាស់ប្ដូរឲ្យ យ៉ុន ទៅធ្វើការងារនៅក្នុងកងដក-ស្ទូង និងរែកជីចាក់ក្នុងស្រែ។ ការងារទាំងអស់នោះ គឺសុទ្ធតែការងារដែលត្រូវប្រើកម្លាំង។  ពេលខ្លះគាត់ស្ទើរតែមិនអាចទ្រាំទ្របាន ព្រោះតែគាត់ជាស្រ្តីដែលទើបតែសម្រាលកូនហើយបានរយៈពេលប្រមាណជាងបីខែ។

យ៉ុន បានលើកឡើងថា គ្មានអ្វីពិបាកជាងជីវិតដែលរស់នៅក្នុងរបបខ្មែរក្រហមឡើយ។ គ្មានសម្ភារប្រើប្រាស់ គ្មានសម្លៀកបំពាក់ គ្មានអាហារហូបគ្រប់គ្រាន់ និងរស់នៅគ្មានសេរីភាព។ ចំពោះរបបអាហារដែលប្រជាជនទទួលបាន គឺមួយថ្ងៃត្រឹមពីរពេលប៉ុណ្ណោះ រួមមានពេលថ្ងៃត្រង់ និងពេលល្ងាច។ នៅតំបន់របស់គាត់ អង្គការផ្ដល់ឲ្យតែបបរ លាយជាមួយនឹងសម្លបន្តិចបន្តួចប៉ុណ្ណោះ។

នៅពេលមានជំងឺ ប្រជាជនមិនដែលសម្រាកបានស្រួលចិត្តឡើយ ព្រោះអង្គការតែងតែចាត់តាំងឲ្យឈ្លបតាមដានជាប់ជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលអ្នកដែលរែកអាហារតាមផ្ទះរបស់អ្នកជំងឺ ហើយប្រសិនជាមានអ្នកជំងឺណាបានបរិភោគអាហារដែលអ្នករែកផ្ដល់ឲ្យ អ្នកជំងឺនោះនឹងត្រូវបញ្ចូនឲ្យទៅធ្វើការងារវិញ ព្រោះអង្គការគិតថាអ្នកជំងឺដែលនៅបរិភោគបាន ក៏អាចធ្វើការងារបានដូចគ្នា។

នៅអំឡុងរបបខ្មែរក្រហម សមាជិកគ្រួសាររបស់គាត់ត្រូវបានជម្លៀសទៅកាន់ខេត្តបាត់ដំបង។ គាត់បានប្រាប់ថា ប្រជាជននៅទីនោះ គឺចិត្តអាក្រក់ចំពោះអ្នកចំណូលថ្មីខ្លាំងណាស់។ ប្រជាជនម្ចាស់ស្រុក តែងតែធ្វើទុក្ខបុកម្នេញអ្នកចំណូលថ្មី។ ប្រជាជនដែលជម្លៀសទៅទាំងប៉ុន្មាន គ្មានទីជម្រកត្រឹមត្រូវ និងពុំមានអាហារបរិភោគបានគ្រប់គ្រាន់នោះទេ។ គាត់បានបញ្ជាក់ថា ប្រសិនជាគាត់ស្លាប់ចាប់ជាតិជាសត្វក្អែក ក៏សូមមិននៅទឹកដីខេត្តបាត់ដំបងដែរ ព្រោះតែនៅក្នុងរបបខ្មែរក្រហម ប្រជាជននៅទីនោះគ្មាននរណាមានចិត្តអាណិតដល់ប្រជាជនចំណូលថ្មីឡើយ។

របបខ្មែរក្រហម ជារបបមួយដែលព្រៃផ្សៃ បានសម្លាប់ប្រជាជនស្លូតត្រង់អសស់ជាច្រើននាក់។ នៅអំឡុងពេលនោះ គ្រួសារមួយមានសមាជិកចំនួនបួននាក់ ក្នុងនោះមានឪពុកម្ដាយ និងកូនប្រុស-ស្រីចំនួនពីរនាក់ ត្រូវបានមេភូមិយកទៅសម្លាប់។ យ៉ុន បាននិយាយថា មុនពេលនឹងសម្លាប់ ឈ្លបទាំងអស់នោះបានចាប់បុរសជាប្ដីចង ហើយបានចាប់ប្រពន្ធរបស់បុរសនោះរំលោភនៅនឹងមុខរបស់គាត់ ចំណែកកូនៗត្រូវអារកទម្លាក់ក្នុងរណ្ដៅ។ រឿងនេះគឺបង្ហាញពីភាពឃោរឃៅ និងភាពគ្មានមេត្តារបស់ខ្មែរក្រហម ក្នុងការសម្លាប់មនុស្សដោយគ្មានញញើតដៃ៕

សម្ភាសដោយ៖ ជឹម ជូរី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin