ភ្ជុំបិណ្ឌគ្រួសារខ្ញុំ

ជារៀងរាល់ឆ្នាំ ខែវស្សានៃរដូវបុណ្យភ្ជុំបិណ្ឌ បានឈានចូលមកដល់ ខ្ញុំតែងតែរឭកនូវរឿងរ៉ាវអនុស្សាវរីយ៍ជាច្រើនរវាងគ្រួសារខ្ញុំ និងទន្លេមេគង្គ ដែលបានចាក់ឫសយ៉ាងជ្រៅតាំងពីកុមារភាពរបស់ខ្ញុំរហូតមកដល់បច្ចុប្បន្ន។ មុននឹងចូលដល់សាច់រឿងនៃការចងចាំរបស់ខ្ញុំ ខ្ញុំសូមរំឭកពីជីវប្រវត្តិរបស់ឪពុកខ្ញុំជាមុនសិន ដើម្បីយល់កាន់តែច្បាស់ថា ហេតុអ្វីបានជាគ្រួសារយើងមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយត្រើយម្ខាងនៃទន្លេមេគង្គ? ឪពុករបស់ខ្ញុំឈ្មោះ ស្រេង ទិត្យ បច្ចុប្បន្នមានអាយុ ៥៥ ឆ្នាំ។ តាមការរៀបរាប់របស់ឪពុកខ្ញុំដើមឡើយ គាត់ជាអ្នករស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ដែលស្ថិតនៅត្រើយម្ខាងភូមិអូររុន ឃុំអូរស្វាយ នៃដងទន្លេមេគង្គ។ នៅពេលឪពុកខ្ញុំមានអាយុ ២៣ ឆ្នាំ ក្នុងដំណើរអ៊ុំទូកមកលេងភូមិអូររុន វាសនាក៏បាននាំឱ្យគាត់បានជួប និងចាប់ចិត្តស្រឡាញ់ម្ដាយរបស់ខ្ញុំ ដែលមានឈ្មោះថា នុត ស៊ីថុន។
មួយឆ្នាំក្រោយមក យើងទាំងពីរក៏បានរៀបចំពិធីសែនព្រេន ហើយចាប់ផ្ដើមកសាងជីវិតគ្រួសារនៅភូមិអូររុននេះឯង។ ប៉ុន្មានឆ្នាំក្រោយមក ម្ដាយខ្ញុំក៏សម្រាលបានបងប្រុសរបស់ខ្ញុំ ដែលមានឈ្មោះថា ស្រេង លីសៀន។ ប៉ុន្តែកម្មអកុសល ប្រាំឆ្នាំបន្ទាប់ បងប្រុសរបស់ខ្ញុំក៏ធ្លាក់ខ្លួនឈឺដោយសារជំងឺស្វិតដៃជើង ហើយក៏បានបាត់បង់ជីវិតទៅ ពេលនោះខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំឡើយ។ពេលខ្ញុំធំដឹងក្ដី ខ្ញុំនៅចាំបានយ៉ាងច្បាស់នូវទិដ្ឋភាពមួយកាលពីខ្ញុំមានអាយុប្រហែល៤ ទៅ ៥ ឆ្នាំ។ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឪពុកម្ដាយខ្ញុំបានរៀបចំម្ហូបអាហារ និងផ្លែឈើដើម្បីយកទៅជូនយាយ (ម្ដាយរបស់ឪពុកខ្ញុំឈ្មោះ ញៀន ខាំមុន្នី) ដែលរស់នៅភូមិក្រឡាពាស ត្រើយម្ខាងនៃទន្លេ។ ពេលនោះ គ្មានអ្វីក្រៅពីទូកចែវតូចមួយ ដែលជាមធ្យោបាយធ្វើដំណើររបស់យើងឡើយ។ ឪពុកខ្ញុំបានអ៊ុំទូកឆ្លងកាត់ផ្ទៃទន្លេមេគង្គដ៏ធំល្វឹងល្វើយ។ នោះជាលើកដំបូងហើយ ដែលភ្នែករបស់ខ្ញុំបានឃើញនូវផ្ទៃទឹកដ៏ធំធេង, ព្រៃឈើលិចទឹក, ឆ្នេរខ្សាច់ពណ៍ស, សត្វស្លាបជាច្រើន ដែលហើរទាំងហ្វូងៗបែបនេះ។ ខ្ញុំរំភើបខ្លាំងណាស់ ហើយក៏យកដៃទៅរាទឹកលេង។ ពេលនោះ ឪពុកខ្ញុំក៏ពោលឡើងថា៖ «បើមិនជួយចូកជួយចែវ កុំយកដៃរាទឹក!»។ ខ្ញុំក៏ឈប់លេង តែមួយភ្លែតក្រោយមក ដោយសារភាពក្មេងខ្ចី ខ្ញុំក៏លេងទឹកម្តងទៀត ទើបម្ដាយខ្ញុំវាយដៃខ្ញុំតិចៗ។
ខ្ញុំអង្គុយទាំងអន្ទះសា ក្នុងចិត្តពោរពេញដោយភាពមិនអស់ចិត្ត។ នៅពេលឪពុកខ្ញុំចែវទូកទៅដល់កន្ទុយកោះឈើទាលតូច ស្រាប់តែយើងប្រទះឃើញសត្វស្រកាកែវមួយក្បាល កំពុងហើរត្រដរខ្យល់ ជាប់នឹងមងរហែក។ ឪពុកខ្ញុំក៏បានស្រាយចំណងចេញពីជើងសត្វស្រកាកែវដ៏កំសត់នោះ។ ម្ដាយខ្ញុំបាននិយាយទៅកាន់ឪពុកថា «ខែបុណ្យខែទាន ដោះលែងវាទៅ កុំធ្វើបាបវាអី»។ ប៉ុន្តែឪពុកខ្ញុំមិនទាន់ព្រលែងវាភ្លាមទេ គាត់ក៏បានប្រគល់សត្វស្រកាកែវនោះមកឱ្យខ្ញុំ។ ខ្ញុំចាប់លេងវាទាំងរំភើបរីករាយជាខ្លាំង។ មួយសន្ទុះក្រោយមក សត្វស្លាបនោះក៏រើចេញពីដៃខ្ញុំ ហើយហោះចេញទៅ ដែលធ្វើឱ្យខ្ញុំសើចផង យំផងក្នុងពេលតែមួយ។
ពេលទៅដល់ភូមិក្រឡាពាស យើងបានរៀបចំបាយសម្លជូនយាយរួចរាល់ ហើយបានសម្រាកនៅទីនោះពីរថ្ងៃ។ ពេលត្រឡប់មកវិញ ឪពុកម្ដាយខ្ញុំមិនបានឱ្យខ្ញុំមកជាមួយទេ ដោយតម្រូវឱ្យខ្ញុំរស់នៅជាមួយយាយ។ ប្រហែលជាប្រាំខែក្រោយមក មីងវិត, មីងថុល និងពូឡេ ក៏បានមកយកខ្ញុំត្រឡប់ទៅផ្ទះវិញព្រោះតែការនឹករឭក។ ពេលនោះគឺរដូវប្រាំង ទឹកទន្លេក៏រីងស្ងួត អាចឱ្យយើងដើរឆ្លងកាត់បាន។ ចំពោះកន្លែងដែលមានទឹកជ្រៅ មីង និងពូរបស់ខ្ញុំ បានយកដូងទុំពីរផ្លែចងជាប់គ្នា ហើយដាក់ខ្ញុំពីលើ រួចក៏ហែលឆ្លងទៅផ្ទះ។ ប៉ុន្មានឆ្នាំបន្តបន្ទាប់ ឪពុកខ្ញុំក៏បានទិញម៉ាស៊ីនកាណូតថ្មីមួយគ្រឿង។ ការធ្វើដំណើរទៅសួរសុខទុក្ខយាយក៏ផ្លាស់ប្តូរ។ ខ្ញុំនៅចាំបានថាពេលនោះខ្ញុំមានអាយុប្រហែល៧ឆ្នាំ។ លើកនេះ យាយរបស់ខ្ញុំមិនបានរស់នៅក្នុងភូមិដូចកាលពីមុនទេ គាត់បានទៅរស់នៅលើកោះខាំ ដើម្បីដាំដំណាំស្រូវនៅទីនោះ។ នៅពេលដែលឪពុកម្ដាយខ្ញុំយកបាយសម្ល ជូនយាយរួចរាល់ យាយក៏បបួលខ្ញុំទៅបេះផ្លែត្រសក់ទុំ។ ខ្ញុំក៏ដើរទៅតាមយាយយ៉ាងសប្បាយចិត្ត។ ទៅមិនបានប៉ុន្មាននាទីផង ស្រាប់តែខ្ញុំឮសំឡេងម៉ាស៊ីនកាណូតបើកចេញពីកំពង់។ ខ្ញុំដឹងច្បាស់ណាស់ នេះជាសំឡេងម៉ាស៊ីនកាណូតរបស់ប៉ា! ខ្ញុំក៏រត់ចេញមកមើល តែអ្វីៗហួសពេលទៅហើយ ទូកម៉ាស៊ីនបានចេញទៅបាត់ស្រមោល។ ភ្លាមៗនោះ ខ្ញុំក៏ស្រែកយំយ៉ាងខ្លាំង។ ខ្ញុំបានរស់នៅជាមួយយាយមួយខែ ទើបឃើញប៉ា បើកកាណូតទៅទទួលយកខ្ញុំត្រឡប់មកវិញ ព្រោះតែខ្ញុំត្រូវចូលរៀន។
ចាប់ពីពេលនោះមក គ្រួសារយើងតែងតែយកបាយសម្ល ទៅជូនយាយជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅឆ្នាំ២០១៦ សមាជិកដ៏សំខាន់ម្នាក់ក្នុងដំណើរនេះបានបាត់វត្តមាន។ គឺអ្នកម្ដាយរបស់ខ្ញុំបានចាកឆ្ងាយពីពួកយើងទាំងអស់គ្នាជារៀងរហូតហើយ។ ចាប់តាំងពីពេលនោះមក ឆ្នាំខ្លះខ្ញុំបានទៅជាមួយឪពុក ឆ្នាំខ្លះទៀតក៏អត់បានទៅ។ ប៉ុន្តែសម្រាប់ឪពុកខ្ញុំ គាត់មិនដែលខកខានសូម្បីតែមួយឆ្នាំឡើយ។
នៅឆ្នាំ២០២៥នេះ ទោះបីជាខ្ញុំមានការងាររវល់យ៉ាងណាក៏ដោយ ក្តីនឹករឭកចំពោះយាយនៅតែមានពេញក្នុងចិត្ត។ ការធ្វើដំណើរទៅលេងយាយនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងកាលខ្ញុំនៅកុមារឆ្ងាយណាស់។ កាលនោះ ឱ្យតែមកម្ដងៗ គឺហត់នឿយខ្លាំងណាស់ ព្រោះគ្មានកាណូតម៉ាស៊ីនទំនើបនោះទេ។ ប៉ុន្តែពេលនេះ ដោយមានទូករបស់មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង ការធ្វើដំណើរបានក្លាយទៅជាងាយស្រួល និងឆាប់រហ័ស។ ខ្ញុំអាចមកសួរសុខទុក្ខយាយនៅពេលណាក៏បាន ហើយភាពងាយស្រួលនេះ មិនមែនសម្រាប់តែបុគ្គលិកដូចជាខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ភាពងាយស្រួលដល់ប្រជាជនទូទៅដែលរស់នៅក្នុងតំបន់នេះទាំងមូល។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌដ៏ប្រពៃនេះ ដែលជាពេលវេលាដ៏មានតម្លៃសម្រាប់ការជួបជុំគ្រួសារ, ការធ្វើបុណ្យទាន និងការបង្ហាញការដឹងគុណចំពោះអ្នកមានគុណ ខ្ញុំតំណាងឲ្យប្រជាជននៅក្នុងស្រុកបុរីអូរស្វាយទាំងមូល ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ ទូកចម្លងដែលលោកពូ បានផ្តល់ជូនបានក្លាយជាមធ្យោបាយដ៏មានតម្លៃសម្រាប់ប្រជាជនក្នុងរដូវកាលដ៏សំខាន់នេះ។ ទូកចម្លងបានធ្វើឱ្យបំណងប្រាថ្នារបស់កូនចៅក្នុងការវិលត្រឡប់ទៅស្រុកកំណើត ដើម្បីនាំចង្ហាន់ និងទេយ្យទានទៅជូនឪពុកម្តាយ ជីដូនជីតា បានក្លាយជាការពិតយ៉ាងងាយស្រួល និងមានសុវត្ថិភាពជាងមុន។ ក្នុងនាមជាប្រជាពលរដ្ឋក្នុងសហគមន៍ ខ្ញុំសូមឧទ្ទិសនូវអានិសង្សដែលកើតចេញពីអំណោយដ៏ថ្លៃថ្លានេះ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់លោកពូ និងបុគ្គលិកគ្រប់រូបនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សូមឱ្យបានប្រកបតែសេចក្ដីសុខ និងសេចក្ដីចម្រើនតរៀងទៅ។ សូមអនុមោទនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។[1]
[1] ដោយស្រេង លីដា, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។