នួន រឿន យុទ្ធជនកងទ័ពខ្មែរក្រហម រំឭកអំពីមូលហេតុចូលធ្វើជាកងទ័ពខ្មែរក្រហម និងបទពិសោធន៍នៅក្នុងកងចល័តបុរសក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ នួន រឿន[1] កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធជាមួយឈ្មោះ ម៉េង ហ៊ាង និងមានកូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ឪពុករបស់ខ្ញុំឈ្មោះ សួង នួន និងម្ដាយឈ្មោះ អ៊ុង ឈឹម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅពេលដែលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំរៀននៅសាលាបឋមសិក្សានាងអង។ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ចាស់។ ក្រោយមកទៀត ខ្ញុំបានបួសរៀននៅវត្តព្រះគ្រូ អ៊ុក បាន៤វស្សា។ ខ្ញុំលាចាកសិក្ខាបទនៅអាយុ១៦ឆ្នាំ។
ខ្ញុំទៅរៀនធ្វើជាងមាសនៅភ្នំពេញ ដោយបានស្នាក់នៅម្ដុំផ្សារអូឡាំពិក រហូតដល់ឆ្នាំ១៩៦៨។ នៅឆ្នាំ១៩៦៩ ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ និងបើកមុខរបរធ្វើជាជាងមាសនៅផ្ទះតែម្ដង។ ខ្ញុំធ្វើមាសយកទៅលក់នៅទីរួមខេត្តកំពង់ចាម ដើម្បីសម្រួលដល់ជីវភាពគ្រួសារ។ នៅឆ្នាំ១៩៧០ ខ្ញុំបានឃើញ អ្នកភូមិជាច្រើនបានចូលរួមធ្វើបាតុកម្ម ដង្ហែតាមដងផ្លូវមកពីទិសខាងលិច។ នៅពេលនោះ ខ្ញុំក៏បានចូលរួមដង្ហែក្បួនជាមួយបាតុករផ្សេងទៅដល់សាលាដំបូងខេត្តកំពង់ចាម។ នៅពេលទីដល់ទីកន្លែងប្រមូលផ្ដុំបាតុករនៅទីរួមខេត្ត ខ្ញុំមិនបានឡើងឡានបន្តជាមួយអ្នកផ្សេងទៀតដង្ហែទៅភ្នំពេញនោះទេ។ ខ្ញុំសម្រេចចិត្តវិលត្រឡប់មកភូមិវិញ។ នៅឆ្នាំ១៩៧០ មានការចុះមកប្រមូលយុវជនចូលបម្រើជាទាហាន លន់ នល់។ នៅពេលនោះ ខ្ញុំមិនចង់ចូលធ្វើជាទាហាន និងបានរត់ចេញពីភូមិទៅខាងកោះសូទិន។ នៅពេលនោះ ខ្ញុំស្នាក់នៅពកស្នែងជាមួយបងប្អូនរបស់ខ្ញុំ។ ស្នាក់នៅមិនទាន់បានប៉ុន្មានផង ខ្ញុំឃើញការចូលមកដល់របស់កងទ័ពខ្មែរក្រហមនៅក្នុងភូមិ។ ខ្ញុំទទួលបានការបញ្ចុះបញ្ចូលឲ្យស្ម័គ្រចិត្តចូលធ្វើជាកងទ័ពខ្មែរក្រហម។ ដោយមិនមានជម្រើសអ្វី និងមិនអាចរត់មកភូមិវិញដោយសារវត្តមានទាហាន លន់ នល់ ខ្ញុំបានចូលធ្វើជាកងទ័ពរំដោះខ្មែរក្រហម។ នៅពេលនោះ មានយុវជនប្រហែល១០០នាក់ រួមទាំងរូបខ្ញុំផ្ទាល់ ត្រូវបានបញ្ជូនទៅខាងជីហែដែលជាតំបន់រំដោះខ្មែរក្រហម។ បន្ទាប់ពីបានមកដល់ជីហែ យុវជនប្រហែល១០០នាក់ ត្រូវបានប្រគល់ឲ្យកងទ័ពកម្លាំងយៀកកុង ដើម្បីបង្ហាត់បង្រៀនពីក្បួនទ័ពនៅខេត្តព្រៃវែង។ នៅឆ្នាំ១៩៧២ ខ្ញុំត្រូវបានបញ្ជូនទៅហ្វឹកហ្វឺនក្បួនទ័ពនៅភូមិឆ្កែកូន ក្នុងខេត្តព្រៃវែង។ ខ្ញុំរៀនក្បួនទ័ព រួមមាន៖ ប្រយុទ្ធរបៀបទប់ទល់ ប្រយុទ្ធរបៀបប្រដេញ និងការប្រើប្រាស់កាំភ្លើងគ្រប់ប្រភេទ។
នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិម្ដុំកំពង់ត្របែក។ ខ្ញុំត្រូវបានបញ្ជូនទៅវាយនៅសមរភូមិជាបន្តបន្ទាប់ទៀត។ នៅឆ្នាំ១៩៧៥ ខ្ញុំបានសុំឈប់ធ្វើជាកងទ័ព ដើម្បីមកមើលម្ដាយនៅភូមិវិញ។ បន្ទាប់ពីមកដល់ភូមិវិញ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅការដ្ឋានភូមិកៀនជ្រៃ។ នៅឆ្នាំ១៩៧៦ ខ្ញុំរៀបការប្រពន្ធ និងធ្វើការនៅកងចល័តសហករណ៍។ ខ្ញុំគឺជាប្រធាន និងមិត្តនារី សៅ គឺជាអនុប្រធាន។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានចូលមកគ្រប់គ្រងភូមិឃុំគគរ។ ដោយឃើញសភាពការណ៍ល្អ ខ្ញុំសុំឲ្យមិត្តនារី សៅ ធ្វើជាប្រធានជំនួសវិញម្ដង។ ខ្ញុំត្រូវទៅធ្វើការជាប្រធានកងចល័តវ័យកណ្ដាលវិញម្ដង ដោយមើលលើការងារភ្ជួររាស់ ដាំពោត និងដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់មូលដ្ឋាន។ បើទោះបីជាមានការដាំដុះដំណាំកសិកម្មបានច្រើនយ៉ាងណាក៏ដោយ ប្រជាជន រួមទាំងរូបខ្ញុំផង គឺមិនមានអាហារហូបចុកគ្រប់គ្រាន់ទេ។ នៅពេលនោះដែល កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតី បានចាប់អ្នកភូមិ ជនជាតិភាគតិចចាម និងកម្មាភិបាលមូលដ្ឋានយកទៅសម្លាប់កាន់តែច្រើនឡើង។
នៅឆ្នាំ១៩៧៨ ប្រពន្ធខ្ញុំបង្កើតបានកូនម្នាក់។ ខ្ញុំព្យាយាមដើរលួចជីកដំឡូងយកមកស្ងោរដើម្បីឲ្យប្រពន្ធកូនហូប។ ប៉ុន្តែថ្ងៃមួយ កងឈ្លបបានឃើញ និងចាប់ខ្ញុំយកមកសួរចម្លើយ។ ខ្ញុំខំឆ្លើយថា ខ្ញុំជីកដំឡូងព្រៃទេ មិនមែនដំឡូងដាំទេ។ បន្ទាប់មក ខ្ញុំត្រូវបានដោះលែង។ យ៉ាងណាក៏ដោយ ខ្ញុំត្រូវបានខ្មែរក្រហមឃ្លាំមើលគ្រប់ពេលវេលា។ នៅដើមឆ្នាំ១៩៧៩ ខ្ញុំ និងប្រពន្ធកូន បានរួចផុតពីសេចក្ដីអត់ឃ្លាន និងស្លាប់។ ខ្ញុំ និងគ្រួសារប្រកបរបរជាកសិករ រហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទដោយ ស៊ាង ចិន្តា
[1] បទសម្ភាសន៍ជាមួយ នួន រឿន នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅខែឧសភា ឆ្នាំ២០២២; បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា