សោម យ៉េង៖ កងជញ្ជូនឈើសម្រាប់ដំឡើងកាណូត និងកប៉ាល់ នៅព្រែកព្នៅ

ឈ្មោះ សោម យ៉េង[1] ភេទប្រុស អាយុ៨៨ឆ្នាំ។ យ៉េង មានស្រុកកំណើតនៅក្នុងភូមិពោធិ៍ទន្លេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្ន យ៉េង រស់នៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ យ៉េង មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី២នាក់)ហើយ យ៉េង កូនជាទី២។ ម្ដាយឈ្មោះ ពេជ្រ ការ (ស្លាប់) ក្នុងឆ្នាំ១៩៤៧។ ចំណែកឪពុកឈ្មោះ សោម ទឹម (ស្លាប់) ក្នុងឆ្នាំ១៩៨៦។ ប្រពន្ធឈ្មោះ យ៉េប ម៉េង អាយុ៨៣ឆ្នាំ និងមានកូនចំនួន១០នាក់។ កូនៗបានស្លាប់ដោយសារជំងឺអស់ចំនួន៧នាក់ និងនៅរស់រានមានជីវិត រហូតដល់បច្ចុប្បន្នចំនួន៣នាក់ (ប្រុសទាំង​៣នាក់)។

កាលនៅវ័យកុមារ ឪពុកម្ដាយរបស់ យ៉េង ប្រកបមុខរបរធ្វើស្រែចម្ការ ដាំពោត និងដាំសណ្ដែកនៅក្នុងភូមិពោធិ៍ទន្លេ។ យ៉េង បានចូលរៀនអក្សរអក្ខរកម្មនៅក្នុងភូមិពោធិ៍ទន្លេ អាចអាន និងសរសេ​រ​អក្សរបានបន្តិចបន្តួច។ នៅអាយុ២១ឆ្នាំ យ៉េង បានរៀបការជាមួយប្រពន្ធឈ្មោះ យ៉េប ម៉េង ដែលរស់នៅក្នុងភូមិឃុំជាមួយគ្នា។ បន្ទាប់ពីរៀបការរួច យ៉េង និងប្រពន្ធ បានប្រកបមុខរបរធ្វើចម្ការនៅក្នុងភូមិពោធិ៍ទន្លេ។  បងប្អូនរបស់ យ៉េង ដែលរស់នៅខេត្តព្រៃវែង បានបបួល យ៉េង ទៅធ្វើចម្ការ​នៅលើដី​របស់ខ្លួន ព្រោះនៅសល់ដីទំនេរច្រើនណាស់។ នៅឆ្នាំ១៩៦៥ យ៉េង និងប្រពន្ធ បានផ្លាស់ចេញពីភូមិពោធិ៍ទន្លេ ធ្វើដំណើរទៅរស់នៅស្រុកពាមជរ ខេត្តព្រៃវែងវិញ។ យ៉េង បានសង់ផ្ទះតូចមួយនៅលើដីរបស់បងប្អូន និងបាននាំប្រពន្ធ ប្រកបរបរធ្វើចម្ការ និងដាំថ្នាំ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ។ បន្ទាប់មក កើតមានភាពច្របូកច្របល់ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ យ៉េង និងប្រពន្ធបានចាកចេញពីខេត្តព្រៃវែង ត្រឡប់មករស់នៅក្នុងភូមិកំណើត ក្នុងខេត្តកណ្ដាលវិញ។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំដដែល យ៉េង បានស្ម័គ្រចិត្តចូលរួមតស៊ូក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីជាកម្លាំងទាមទារឯករាជ្យជូនសម្ដេចព្រះនរោត្ដមសីហនុវិញ។  ក្នុងពេលជាមួយគ្នា យ៉េង បានឃើញប្រជាជនជាច្រើននាក់បានស្ម័គ្រចិត្តចូលតស៊ូ ព្រោះប្រជាជនគោរព និងស្រឡាញ់ចង់ឲ្យព្រះបាទនរោត្ដមសីហនុ ឡើងគ្រប់គ្រងប្រទេសវិញ។ យ៉េង នៅតំបន់២៥ ដែលមានគណៈតំបន់ឈ្មោះ តា បាវ រស់នៅឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។​ យ៉េង បានស្គាល់ជាមួយឈ្មោះ ហម រស់នៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល, ឈ្មោះ ឆែប រស់នៅក្នុងស្រុកលើកដែក ខេត្តកណ្ដាល និងឈ្មោះ ហ៊ុយ រស់នៅក្នុងឃុំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ នៅឆ្នាំ១៩៧២ ឈ្មោះ តា នង សួន ហៅ ជ័យ បានឡើងជាគណៈតំបន់២៥វិញ។ ក្នុងក្រុមជាមួយ តា នង សួន មានឈ្មោះ តា ហួយ សេ, តា​ សុខ ប៊ុតចំរើន និង តា សុខ ដែល តា សុខ ជាមេបញ្ជាការកងទ័ពតំបន់២៥ ហើយត្រូវជាបងជីដូនមួយរបស់ យ៉េង។ តា នង សួន មានសប្បុរខ្មៅ រូបរាងខ្ពស់ មុខស្រួច និងមានធ្មេញវែងៗ។ តា នង សួន ជាអតីតជាងកាត់សក់នៅទីក្រុងភ្នំពេញ។ តា នង សួន មានប្រពន្ធឈ្មោះ យាយ ជា មានរាងតូចល្អិត។ រីឯ តា​ សុខ ប៊ុតចំរើន មានសប្បុរខ្មៅ និងមានមាឌធំក្រអាញ។ បន្ទាប់ពីផ្លាស់ប្ដូរប្រធានតំបន់២៥ យ៉េង បានធ្វើជានីរសាររបស់ តា សុខ នៅមន្ទីរតំបន់២៥។ យ៉េង តែងធ្វើដំណើរទៅតាមភូមិភាគជាមួយ តា សុខ ជាញឹកញាប់ ព្រោះ តា សុខ គ្រប់​គ្រងកងទ័ពដោយផ្ទាល់ ហើយ យ៉េង មានតួនាទីកត់ឈ្មោះរបស់កងទ័ព ដើម្បីចែកអាវុធឲ្យកងទ័ពទាំងអស់។  តា សុខ ជាអតីតគ្រូបង្រៀន។

នៅដើមឆ្នាំ១៩៧៣ យ៉េង ត្រូវបានដកឲ្យទៅធ្វើជាងជួសជុល និងបិទទូកចាស់ៗ ទុកសម្រាប់ប្រើប្រាស់ក្នុងខែវស្សា។ យ៉េង ជួសជុលទូកបានប្រហែល៦ទៅ៧ទូក កងទ័ពខ្មែរក្រហមបានវាយចូលដល់បន្ទាយក្អមសំណរ ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល។ រយៈពេល១ខែ ក្រោយមក តា នង សួន បានឡើងធ្វើជាមន្រ្តីក្រសួងកសិកម្ម។ បន្ទាប់មក គណៈតំបន់២៥ ត្រូវបានគ្រប់គ្រងដោយឈ្មោះ ហួត សេ​។ ក្រសួងកសិកម្ម មានទីតាំងស្ថិតក្នុងឃុំបន្ទាយដែក ស្រុកលើកដែក ខេត្តកណ្ដាល។  ក្រោយមក ខ្មែរក្រហមបានបង្កើតការដ្ឋានធ្វើស្រែមួយ ហៅ អង្គរជ័យ ស្ថិតក្នុងឃុំបន្ទាយដែក ស្រុកលើកដែក។ ដោយសារ យ៉េង មានវ័យចំណាស់ ខ្មែរក្រហម បានដកឲ្យទៅកាន់កាប់ក្នុងការដ្ឋានអង្គរជ័យ ដោយគ្រប់គ្រងកម្លាំងកងនារី និងកងយុវជន ក្នុងការដឹកនាំឲ្យធ្វើស្រែ។ ក្រៅពីដឹកនាំប្រជាជនធ្វើស្រែ យ៉េង ធ្វើការងារផ្សេងៗដូចជា ធ្វើនង្គ័ល ធ្វើរនាស់ ធ្វើគប់ភ្លើង និងដើរត្រួតពិនិត្យប្រជាជនភ្ជួរស្រែ។ ក្នុងពេលជាមួយគ្នា ខ្មែរក្រហមបានទៅយកប្រពន្ធកូនរបស់ យ៉េង ដើម្បីរស់នៅជុំគ្នានៅស្រុកលើកដែក ប៉ុន្តែប្រពន្ធខ្លាចមិនព្រមមកនោះទេ ព្រោះឃើញខ្មែរក្រហមនាំយកទៅបាត់ៗ មិនឃើញត្រឡប់មកវិញ។ មិនយូរប៉ុន្មាន យ៉េង បានសុំអនុ​ញ្ញាតត្រឡប់ទៅនាំប្រពន្ធកូនឲ្យទៅរស់នៅការដ្ឋានអង្គរជ័យ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយដណ្ដើមបានទីក្រុងភ្នំពេញដោយជោគជ័យ។ បន្ទាប់មក យ៉េង ត្រូវបានដកចេញពីការដ្ឋានអង្គរជ័យ ឲ្យទៅកាន់ទីក្រុងភ្នំពេញ ដើម្បីជុសជុលផ្ទះនៅបឹងសំយ៉ាប ទុកសម្រាប់ឲ្យកម្មករស្នាក់នៅ។ បន្ទាប់ពីកម្មករត្រូវបានបញ្ជូនទៅដល់ទីក្រុងភ្នំពេញ ខ្មែរក្រហមបានបែងចែកឲ្យកម្មករទៅធ្វើការងារនៅក្នុងរោងចក្រនៅបឹងសំយ៉ាបមួយកន្លែង និងរោងចក្រនៅព្រែកព្នៅមួយកន្លែងទៀត។ ក្រោយរំដោះបានទីក្រុងភ្នំពេញ តា សុខ ត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅបាត់ ដោយចោទប្រកាន់ថាជាប់ខ្សែយួន។ បន្ទាប់មក បងថ្លៃរបស់ យ៉េង ឈ្មោះ ដូង ស្រេង ជាមេកងពលលេខ១១ របស់ខ្មែរក្រហម ត្រូវបានខ្មែរក្រហមចាប់ខ្លួននៅខេត្តកំពង់ឆ្នាំង ដោយចោទប្រកាន់ថា ជាប់ខ្សែជាមួយ សេក សោម ជាប្រធានកងពលធំនៅសមុទ្រ ខេត្តព្រះសីហនុ។

បន្ទាប់មក យ៉េង ត្រូវបានខ្មែរក្រហមដកឲ្យរស់នៅព្រែកព្នៅ ក្នុងក្រសួងជើងទឹក។ ខ្មែរក្រហមបានរូសរើសវត្តព្រែកព្នៅចោលទាំងអស់ រួចសាងសង់រោងសម្រាប់ដំឡើងកាណូត, កប៉ាល់ ដែលអាចផ្ទុកចំណុះបាន៧០តោន ដើម្បីងាយស្រួលដឹកសម្ភារតាមទន្លេមេគង្គចេញពីភ្នំពេញទៅកាន់ស្រុកវើនសៃ ខេត្តក្រចេះ​។ មេកងគ្រប់គ្រងក្នុងរោងដំឡើងកាណូត កប៉ាល់ឈ្មោះ ម៉ន។ បន្ទាប់មកទៀត យ៉េង និងកងកម្លាំងក្រសួងជើងទឹក សរុបប្រហែលជាង២០០០នាក់ ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីព្រែកព្នៅ ដោយឲ្យធ្វើដំណើរតាមកាណូតទៅកាន់ខេត្តក្រចេះ ដើម្បីកាប់ឈើសម្រាប់ដំឡើងកាណូត, កប៉ាល់។ មេកងឈ្មោះ ម៉ន បានដឹកនាំទៅដោយផ្ទាល់។ យ៉េង និងកងកម្លាំងទាំងអស់ បានកាប់ឈើសរុបចំនួន២៥០០ដើម ប៉ុន្តែឈើទាំងអស់មិនបានដឹកមកកាន់ភ្នំពេញនោះទេ ទើបធ្វើឲ្យមានទំនាស់កើតមានរវាង ប៉ុល ពត និង កុយ ធួន​។ បន្ទាប់មក យ៉េង និងកងកម្លាំងទាំងអស់ ត្រូវបានដេញឲ្យចេញពីព្រៃទាំងយប់ ប៉ុន្តែ មេកងឈ្មោះ ម៉ន បានអង្វរថា «ខ្ញុំចេញទៅតើមានអី កាំបិតពូថៅ ចាន ឆ្នាំងអីបានអីហូប សូមអង្វរ ពេលព្រឹកសុំឲ្យឡានដឹកចេញ »។  លុះព្រឹកឡើង យ៉េង និងកងកម្លាំងទាំងអស់ត្រូវបានដឹកតាមឡានចេញពីព្រៃទៅកាន់ខេត្តក្រចេះ។ បន្ទាប់មក យ៉េង បានបន្តដំណើរទៅរស់នៅថ្មគ្រែ ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ អស់​រយៈ​ពេល២សប្ដាហ៍។ បន្ទាប់មក មេ (មិនប្រាប់ឈ្មោះ) បានដឹកអង្ករប្រហែល៥០បាវ ចេញពីភ្នំពេញ យកទៅឲ្យកងកម្លាំងទាំងអស់នៅខេត្តក្រចេះ។ ប៉ុន្តែរយៈពេល៣ថ្ងៃបន្ទាប់ ស្រាប់តែមានកាណូតចំនួន២គ្រឿងមកពីភ្នំពេញមកចតនៅខេត្តក្រចេះ ស្រាប់តែ ម៉ន បានបញ្ជាឲ្យកងកម្លាំងលីអង្ករចុះកាណូតវិញ និងឲ្យកងកម្លាំងទាំងអស់ធ្វើដំណើរចេញពីខេត្តក្រចេះត្រឡប់ទៅកាន់ភ្នំពេញវិញ ហើយ ម៉ន បានហាមថា «បើគេបាញ់គេបោះអីក៏ដោយ កុំរត់ បើកទៅខាងលិចទៅ ទៅដល់ភ្នំពេញចាំបត់ក្បាលចូល កុំឲ្យចូលកន្លែងណាផ្សេង » ។ នៅអំឡុងពេល ដំឡើងកប៉ាល់ យ៉េង មានតួនាទីដឹកឈើ ទៅតាមផ្នែកនីមួយៗ មានផ្នែកឈូស, ផ្នែកអារ, ផ្នែកខ្វៀល និងផ្នែកដំឡើង។ មេជាងដំឡើងឈ្មោះ សែន និងមានប្រពន្ធឈ្មោះ ពុំ។ ក្នុងពេលជាមួយគ្នា ខៀវ សំផន ធ្លាប់បានចុះមកត្រួតពិនិត្យកម្មករខណៈពេលកំពុងឈូសក្ដារ សម្រាប់ដំឡើងកាណូត និងកប៉ាល់។ ខៀវ សំផន បានសួរកូនចៅថា មិត្តការហូបចុកប៉ុណ្ណឹងហូបគ្រប់គ្រាន់ដែរឬ​ទេ? ក្មេងៗមួយចំនួនបានឆ្លើយថា មិនគ្រប់គ្រាន់ទេ តែមួយចំនួនទៀត បានឆ្លើយថា គ្រប់គ្រាន់ហើយ។ យ៉េង ត្រូវហូបនំប៉័ងជំនួសបាយ ដែលនំប៉័ងមួយដើម ត្រូវកាច់ជាពីរកំណាត់ ហូបលាយជាមួយសម្ល។ យ៉េង​ បានហូបសម្លច្រើនណាស់ មិនមានការខ្វះខាតឡើយ។ យ៉េង ធ្លាប់ត្រូវបានហៅឲ្យទៅចូលរួមរៀនសូត្រផ្នែកនយោបាយនៅភ្នំពេញជាមួយ នួន ជា និងមានការចូលរួមដូចជា មេកង មេក្រុម។ ក្រោយមក យ៉េង ត្រូវបានដកចេញពីការងារដំឡើងកាប៉ាល់ ព្រោះមានបញ្ហានិន្នាការ ហើយ យ៉េង ត្រូវបានប្ដូរឲ្យទៅធ្វើកីតម្បាញ។ រីឯប្រពន្ធរបស់ យ៉េង ត្រូវបានខ្មែរក្រហមឲ្យត្បាញក្រមា។ មិនយូរប៉ុន្មាន យ៉េង និងប្រជាជន២នាក់ទៀត ត្រូវបានមេកងដកឲ្យទៅត្រួតពិនិត្យការងារធ្វើស្រែនៅព្រែកព្នៅ ដើម្បីយកអង្ករមកផ្គត់ផ្គង់តាមអង្គភាពមួយៗ នៅព្រែកព្នៅ និងនៅអន្លង់ក្ងាន (បច្ចុប្បន្នស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ) ។

នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានប្រាប់ឲ្យ យ៉េង ជីកត្រង់សេទាបៗ  ប៉ុន្តែមិនបានប្រាប់ពីមូលហេតុថានឹងមានអ្វីកើតឡើងនោះទេ។ បន្ទាប់មក មិត្តក្នុងក្រុមបានប្រាប់ យ៉េង ឲ្យចាកចេញពីព្រែកព្នៅ ដើម្បីធ្វើដំណើរទៅខេត្តកំពង់ឆ្នាំងមួយសប្តាហ៍។ យ៉េង និយាយថា «ឥឡូវឯងទៅៗ អញនៅចាំកន្លែងចាំមើលៗវាយ៉ាងម៉េចអីយ៉ាងម៉េច ចាំអាញ់ជិះកង់ទៅតាមក្រោយ» ។ យ៉េង បានគិតក្នុងចិត្តថា បើខ្លួនរត់ទៅខេត្តកំពង់ឆ្នាំងនឹងបែកជាមួយប្រពន្ធកូនជាក់ជាមិនខាន។ បន្ទាប់មកទៀត យ៉េង បានជូនក្រុមក្មេងៗឲ្យឡើងកាណូតចាកចេញពីព្រែកព្នៅ ប៉ុន្តែក្មេងៗបានចាប់ទាញ យ៉េង ឲ្យឡើងកាណូតទៅកាន់ខេត្តកំពង់ឆ្នាំងជាមួយគ្នា។ យ៉េង បានធ្វើដំណើរទៅដល់ខាងលើព្រែកក្ដាម ស្រាប់តែឃើញយន្តហោះទម្លាក់គ្រាប់មួយមួយគ្រឿង។ នៅម៉ោង៧យប់ យ៉េង បានធ្វើដំណើរទៅដល់ផ្សារក្រោម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំ។ មិនយូរប៉ុន្មាន យ៉េង បានជួបជាមួយប្រពន្ធកូននៅខេត្តកំពង់ឆ្នាំង។ បន្ទាប់មក យ៉េង បាននាំប្រពន្ធកូន ធ្វើដំណើរចេញពីខេត្តកំពង់ឆ្នាំង ជាមួយប្រជាជនផ្សេងទៀត។ ប្រធានអង្គភាព ឈ្មោះ សម បានដឹកនាំរត់ភៀសខ្លួន។ នៅតាមផ្លូវធ្វើដំណើរ យ៉េង បានយកអង្ករ ចាន និងឆ្នាំង ស្ពាយទៅតាមខ្លួនរហូតទៅដល់ស្ថានីយរថភ្លើងខេត្តបាត់ដំបង។ យ៉េង និងប្រពន្ធកូន បានដើរថ្មើរជើងចេញពីស្ថានីយរថភ្លើងទៅកាន់ស្រុកបវេល រហូតទៅដល់បន្ទាយសំឡូត។ យ៉េង និងប្រពន្ធកូន បានស្នាក់នៅបន្ទាយសំឡូត រយៈពេល២ទៅ៣យប់។ បន្ទាប់មក តា ម៉ុក បានយកឡានចូលទៅកៀរប្រជាជនឲ្យទៅស្រុកបវេលវិញ។ យ៉េង និងប្រពន្ធកូន បានដើរកាត់ឃុំអំពិលប្រាំដើម ក្នុងស្រុកបវេល ចូលទៅរស់នៅព្រំដែនខេត្តត្រាំង ប្រទេសថៃ។ បន្ទាប់មក កងទ័ពវៀតណាមបានវាយខ្លាំង ទើប យ៉េង បាននាំប្រពន្ធកូនរត់ចូលទៅនៅជំរំផ្សារក្បាលដំរី។ បន្ទាប់មក អង្គការសហប្រជាជាតិបានចុះមកដឹក យ៉េង ប្រពន្ធកូន និងប្រជាជនដទៃទៀតចេញពីជំរំក្បាលដំរីទៅដាក់នៅជំរំតាង៉ុកអស់រយៈពេល៨ខែ ក្នុងស្រះកែវ ប្រ​ទេស​ថៃ។

នៅឆ្នាំ១៩៨០ យ៉េង និងប្រពន្ធកូនសម្រេចចិត្តទៅរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅស្រុកម៉ាឡៃដំបូង សុទ្ធតែព្រៃធំៗមានដើមសង្កែ ដើមស្រឡៅ ដើមឈើទាល ទំហំពាងទឹក។ យ៉េង បានកាប់ឈើ ដើម្បីយកមកធ្វើជាសរសរសាងសង់ផ្ទះ និងប្រក់ស្បូវសម្រាប់ស្នាក់នៅ។ អង្គការសហប្រជាតិ​បានបើករបបអាហារដូចជា អង្ករ ត្រីខ និងខ្លាញ់ ជូនដល់ប្រជាជនភៀសខ្លួនជានារី និងស្រ្តី ហើយ មិនផ្ដល់ជូនបុរសនោះទេ។ នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាមបានវាយចូលដល់ស្រុកម៉ាឡៃ យ៉េង និងប្រជាជនភៀសខ្លួនទាំងអស់ បានរត់ទៅរស់នៅក្នុងជំរំតាង៉ុកម្ដងទៀត។ នៅឆ្នាំ១៩៨៧ យ៉េង និងប្រពន្ធកូនបានត្រឡប់មករស់នៅក្នុងស្រុកម៉ាឡៃវិញ។ នៅចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០ នៅស្រុកម៉ាឡៃ មានមីនយ៉ាងច្រើនដែលបង្កប់ដោយកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ យ៉េង បានដើរដោះមីន រួចកាប់ដីដាំស្រូវ ដាំពោត ដាំចេក និងដាំអំពៅ។ ក្រោយសមាហរណ៍កម្មឆ្នាំ១៩៩៦ យ៉េង បានត្រឡប់ទៅលេងស្រុកកំណើត  និងបានជួបជុំជាមួយបងប្អូនសាច់ញាតិ៕

[1] ឯកសារលេខ BMI0067, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ឡុង ដានី សម្ភាសន៍ជាមួយឈ្មោះ  សោម យ៉េង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០។


អត្ថបទដោយ មឿន ស្រីណុច

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin