អតីតក្រុមសិល្បៈ
(ក្រចេះ)៖ សេង គឹមសឿ អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន គឹមសឿ មានជំងឺប្រចាំកាយដូចជា៖ ឈឺក្រពះ ពោះវៀន លើសឈាម និងលើសជាតិស្ករ។
នៅក្នុងឆ្នាំ១៩៧០ គឹមសឿ មានតួនាទីជាគ្រូបង្រៀននៅសាលាមួយកន្លែងជិតផ្ទះរបស់គាត់។ នៅឆ្នាំ១៩៧៥ ឈានចូលដល់របបខ្មែរក្រហម គឹមសឿ មានអាយុ១៧ឆ្នាំ គាត់ធ្លាប់ចូលរួមជាមួយកងសិល្បៈ ហើយបន្ទាប់មកក៏ត្រូវបញ្ជូនទៅធ្វើការងារនៅក្នុងកងចល័ត ជីកប្រឡាយ លើកទំនប់ និងលើកប្រព័ន្ធភ្លឺស្រែ។ ជារៀងរាល់ព្រឹក នៅម៉ោងបួនទៀបភ្លឺ ប្រជាជនទាំងអស់ត្រូវក្រោកគោរពទង់ជាតិបដិវត្ដន៍ ហើយម៉ោងប្រាំពីរព្រឹកទើបចេញទៅធ្វើការងារតាមកងរៀងៗខ្លួន។
នៅក្នុងរបបខ្មែរក្រហម គឹមសឿ ត្រូវបានអង្គការបង្ខំឲ្យរៀបការជាមួយប្ដីរបស់គាត់ ហើយនៅពេលនោះដែល ការរៀបការធ្វើឡើងត្រឹមតែចំនួនពីរគូប៉ុណ្ណោះ។ នៅអំឡុងពេលនោះ មិនមាននរណាហ៊ានប្រឆាំងនឹងការចាត់តាំងរបស់អង្គការទេ ព្រោះអ្នកដែលប្រឆាំងគឺមិនមានផលល្អឡើយ។ បន្ទាប់ពីរៀបការរួច គឹមសឿ និងប្ដី ត្រូវអង្គការចាត់តាំងឲ្យធ្វើការងារដូចជា៖ ធ្វើស្រែ លើកប្រព័ន្ធភ្លឺស្រែ និងបុកអង្ករ។
គឹមសឿ បាននិយាយថា នៅក្នុងរបខ្មែរក្រហម សមាជិកគ្រួសារនីមួយៗត្រូវស្នាក់នៅបែកគ្នា ព្រោះតែត្រូវធ្វើការងារផ្សេងៗពីគ្នា។ គាត់ត្រូវឃ្លាតពីម្ដាយឪពុក និងបងប្អូន ហើយប្ដីរបស់ គឹមសឿ ត្រូវខ្មែរក្រហម ចាត់តាំងឲ្យធ្វើជាយោធា នៅស្រុកស្នួល ខេត្តក្រចេះ។
តាមការបញ្ជាក់របស់ គឹមសឿ នៅក្នុងរបបខ្មែរក្រហម មានឈ្លបរបស់អង្គការ បានបំពានលើរូបរាងកាយរបស់ក្មេងស្រី និងស្រ្តី បន្ទាប់មកយកស្ត្រីទាំងនោះទៅសម្លាប់បំបិទមាត់ចោល។ ជនរងគ្រោះទាំងអស់នោះភាគច្រើន គឺត្រូវចោទប្រកាន់ថាជាកូនកាត់ ឬជាប់ខ្សែស្រឡាយជាមួយជនជាតិវៀតណាម និងចិន ។ ពាក់ព័ន្ធនឹងការបំផ្លាញរូបបដិមា និងវត្តអារាម ខ្មែរក្រហម បានប្រើឲ្យមនុស្សនៅក្រោមបង្គាប់វាយបំផ្លាញ ចំណែកព្រះសង្ឃត្រូវចាត់តាំងឲ្យធ្វើការងារដូចជាប្រជាជនធម្មតា។ ព្រះសង្ឃមួយចំនួនត្រូវចាប់ផ្សឹក ហើយមួយចំនួនទៀតទៅធ្វើការងារទាំងនៅគ្រងស្បង់ចីពរ។
នៅឆ្នាំ១៩៧៩ គឹមសឿ បានសម្រាលកូននៅភូមិកសាង ឃុំចង្រ្កង ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រោយពីនោះរបបខ្មែរក្រហម ចាប់ផ្ដើមរង្គោះរង្គើ ដោយមានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជា។ គឹមសឿ បានភៀសខ្លួនទៅតំបន់ទួលស្រឡៅ។ គាត់រស់នៅទីនោះរហូតដល់ប្រទេសជាតិមានភាពស្ងប់ស្ងាត់ទើបគាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញ៕
សម្ភាសដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ