ស៊ីវ អេង៖ ខ្មែរក្រហមបម្រុងយកខ្ញុំទៅវាយចោលចំនួនពីរលើក

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ស៊ី​វ អេង[1] ភេទ​ស្រី​ អាយុ​​៧០​ឆ្នាំ ​​មានទីកន្លែង​កំណើត​នៅ​ភូមិ​ស្ដុក​ជ្រៃ ឃុំ​តាំង​សំរោង ស្រុក​​ត្រពាំង​ក្រឡឹង ខេត្ដ​កំពង់​ស្ពឺ​។​ បច្ចុប្បន្ន​រស់នៅ​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមាន​ជ័យ។

ស៊ី​វ អេង បាន​និយាយ​ថា៖ «​នៅពេលនឹកឃើញពី​របប​ខ្មែរក្រហម ខ្ញុំដឹង​ត្រឹម​ថា​វាមាន​​ការ​​លំបាក ​និងជួបប្រទះ​​​ការ​អត់​ឃ្លានខ្លាំង​។ ​ទ្រព្យ​សម្បត្ដិ​​ក្រុម​គ្រួសា​រ​របស់​ខ្ញុំ​ដែល​ខិត​ខំ​​កសាង​តាំង​ពី​ជំនាន់​សង្គម    ​រាស្រ្ដ​​និយម​​ ត្រូវ​បាន​​រឹប​អូស​ទាំង​​ស្រុង​ដាក់​ក្នុង​សហករណ៍​​ខ្មែរក្រហម​​ ហើយ​អ្វី​ដែល​ខ្ញុំ​​ទទួល​បាន​ ​គឺ​កម្លាំង​ដើម្បី​ធ្វើ​ការងារ​រួម។ ​នៅ​ក្នុង​ជំនាន់​ខ្មែរក្រហម​ខ្ញុំនៅ​សល់​តែ​បាត​ដៃ​ទទេ​​ប៉ុណ្ណោះ​​ ហើយ​ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​សោក​ស្ដាយ​ ឬ​ខឹង​នឹង​ខ្មែរក្រហម​​ដែរ។

កាលពី​កុមារ​ភាព​ខ្ញុំ​ធ្វើស្រែ​ចម្ការ​ជាមួយ​ឪពុក​ម្ដាយ​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​២នាក់ (ស្រី១នាក់ និងប្រុស១នាក់)។​ លុះដល់​ឆ្នាំ​១៩៧០ យើង​បាន​បែក​គ្នា​ដោយ​សារ​ខ្មែរក្រហម​​បាន​បង្កើត​សហករណ៍​​បង​ប្អូន​ខ្ញុំ​ត្រូវ​រស់​នៅ​ធ្វើ​ការ​ងារ​កន្លែង​ផ្សេងៗ​ពី​គ្នា​។ ឪពុកម្ដាយ និងប្អូន​ប្រុស​​របស់​ខ្ញុំ​រស់នៅផ្សេង ចំណែកឯ​ខ្ញុំ​​រស់នៅ​ក្នុង​កងចល័ត​​។ នៅ​ពេល​នោះ​ ខ្ញុំ​មាន​អាយុជាង​​២០ឆ្នាំ​ហើយ​។ ការ​រស់​នៅក្នុងកង​ចល័ត​ ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​​ខ្ញុំ​​​លើក​ទំនប់​ជីក​ប្រឡាយ​​ទាំង​កណ្ដាល​ថ្ងៃក្ដៅ​។​ ​ មនុស្ស​គ្រប់​គ្នា​មើល​ឃើញថា យើង​រស់​នៅ​​មួយ​ថ្ងៃ​ពឹង​មួយ​ថ្ងៃពុំ​មាន​សេរី​ភាព​អ្វី​ឡើយ​​។ ​​កង​ចល័ត​របស់ខ្ញុំ​ស្ថិតនៅ​មិនឆ្ងាយ​ពី​សហករណ៍​​ម្ដាយ​ខ្ញុំ​នោះទេ ប៉ុន្ដែ​ខ្ញុំ​មិនមាន​ឱ​កាស​បានទៅលេង​​គាត់សូម្បី​តែ​ម្ដង​។​

ជារឿយ​ៗ មនុស្ស​នៅក្នុង​កង​ចល័ត​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្ដូរ ជួន​កាល​មានការ​ផ្លាស់ប្ដូរ​ប្រធាន​កង​ចល័ត ជួនកាលដក​សមាជិក​នៅក្នុង​ក្រុម​ទៅ​តំបន់ផ្សេងទៀត​។ យើងមិនស្គាល់​អ្នកណាឲ្យ​​​​​​ច្បាស់​​លាស់​នោះទេ​។ ចំណែក​ឯ​ការហូប​ចុក​របស់យើង​វិញ​ទទួល​បាន​បបរ​ម្នាក់​មួយ​វែក​ក្នុង​មួយ​ពេល​។​ ប្រសិន​បើ​​អង្គ​ការ​ខ្មែរក្រហមចុះ​មក​សួរម្ដង​ៗ​ទាក់ទងនឹង​ការ​ហូបចុក នោះយើងត្រូវ​បាន​បង្គាប់​ឲ្យឆ្លើយ​ថាបាន​ហូប​ចុក​គ្រប់គ្រាន់ បើទោះបី​ជាយើងជួប​ប្រទះការអត់​ឃ្លាន​ក៏​ដោយ​។​ ស្ថាន​ភាព​ហូបចុក​របស់យើងមិនល្អ​ប្រសើរទេ​ ជួនកាល​បបរលាយគល់ល្ហុង​ក៏មាន។ ការហូប​ចុក​​បែប​នេះ ធ្វើឲ្យមនុស្ស​គ្រប់​គ្នា​​មិនមានកម្លាំង​ធ្វើការងារ​ប្រចាំថ្ងៃ​នោះទេ។ ថ្ងៃ​មួយ​ អង្គការ​ខ្មែរក្រហមបាន​មក​សួរ​ខ្ញុំ​ថា បានអ្វី​ហូប? ខ្ញុំបានឆ្លើយ​ថា បានបបររលក​។​ ប៉ុន្ដែ​ខ្មែរក្រហម​នឹក​ស្មាន​ថាខ្ញុំបាន​បបរសត្វលលក ហើយ​​​បម្រុង​នឹង​យក​ខ្ញុំ​ទៅ​វាយ​ចោល​។ បបររលក​ខ្ញុំ​ចង់មាន​ន័យថា បបរ​​រាវ​សុទ្ធតែទឹក ហើយ​នៅពេល​យើងដើរ​​កាន់​ទៅ ទឹក​បបរ​រលក​ឃ្លីង​ឃ្លោង​​នៅក្នុង​ចាន​។​ នៅពេល​នោះ ខ្មែរក្រហម​ក៏បាន​សម្លុតខ្ញុំ​។ នៅពេលនោះ ខ្ញុំ​បាន​​និយាយ​សុំទោស​នឹង​លែង​ឲ្យមាន​ការ​និយាយ​លេងសើច​លើក​ក្រោយ​ទៀត។​ មួយទៀត ​ខ្ញុំ​ធ្លាប់​និយាយ​​ពាក្យ​មួយ​ឃ្លា​ទៅ​កាន់​​កម្មាភិបាល​​ខ្មែរក្រហម​ថា​ «អែលៗ ​បាយ​មួយ​កាម៉ែល​ស៊ី​ម្នាក់​ឯង»។ ​ខ្មែរក្រហម​បម្រុង​ចាប់​ចង​​ខ្ញុំ​ ប៉ុន្ដែ​ខ្ញុំ​​គិត​ក្នុង​ចិត្ដ​ថា ​ចង​ក៏​ចង​ចុះ​ ខ្ញុំ​ហត់​ពេក​ហើយ។​​

នៅក្នុង​កង​ចល័ត​ ខ្មែរក្រហមបាន​រៀបចំ​ឲ្យ​មានការ​ប្រជុំ​ជាញឹកញាប់ដែលនិយាយ​អំពី​ការ​មិន​ឲ្យ​ឈ្លោះ​​ទាស់​ទែង​គ្នា និង​ចេះ​ស្រឡាញ់​គ្នា «នៅផ្ទះ​ម្ដាយ​ទីទៃ នៅ​ព្រៃ​ម្ដាយ​តែ​មួយ​»។ នៅក្នុង​ព្រៃ​ ខ្ញុំ​បាន​និយាយ​​ដោយ​ត្រង់ដែរទៅកាន់​ខ្មែរក្រហមថា ប្រសិន​បើយកខ្ញុំ​មកក្នុងព្រៃ ហើយយក​មកតស៊ូ​ សូមកុំធ្វើបាបខ្ញុំ​ និង​ធ្វើអំពើ​ខុស​សីលធម៌​ជាមួយខ្ញុំ​។ បើ​មិន​ដូច្នោះ​ទេ ខ្ញុំសូម​ឲ្យបាបកម្ម​នៅនឹង​កណ្ដាល​ព្រៃ វិនាសដោយសារជាន់មីន និងមិន​ឲ្យទៅណា​រួចនៅក្នុងព្រៃ​នោះ។​ ក្រោយមក ខ្មែរក្រហម​បាន​​រៀបចំ​ឲ្យ​ខ្ញុំ​មាន​គ្រួសារ​ ​ក្នុង​ចំណោម​៥គូ។​ ខ្ញុំបាន​រៀបការ​ដោយ​ស្ម័គ្រចិត្ដ។ ខ្មែរក្រហម​បាន​ឲ្យយើង​ប្ដេជ្ញា​យកគ្នា​ជាប្ដី​ប្រពន្ធលុះ​ត្រា​ណា​​ទាល់តែ​ចាស់​ស្លាប់រៀងៗ​ខ្លួន​។ អាហារ​ហូបចុក​បន្ដិច​នៅពេលនោះ គឺត្រីខ​។ មកទល់ពេល​នេះ ខ្ញុំរស់នៅម្នាក់ឯង មិនមានកូនទេ។ ប្ដីរបស់ខ្ញុំ​បានស្លាប់ដោយ​សារ​ជំងឺ។ បន្ទាប់​ពី​រៀប​ការ​ហើយ​ ខ្ញុំ​ដាំ​បន្លែ ថ្នាំ​ជក់ និងអំពៅផ្គត់​ផ្គង់​អង្គភាព​ទ័ព​ខ្មែរក្រហម។​ ​

ក្រោយ​មក កង​ទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ​សហការ​ជាមួយ​កង​ទ័​ព​ស្ម័គ្រ​ចិត្ត​វៀត  ណាម​ បាន​វាយ​រំដោះ​ប្រទេស​កម្ពុជា​ពី​ទិស​ខាង​កើត​ និង​សង្គ្រោះ​ប្រជាជន​បាន​ជា​បន្ត​បន្ទាប់។ ​នៅ​ថ្ងៃ​ទី៧ ​ខែមករា ​ឆ្នាំ១៩៧៩ ​កង​ទ័ព​បាន​វាយ​រំដោះ​ទី​ក្រុង​ភ្នំពេញ ​​ថ្ងៃ​នេះ​ហើយ​បា​ន​ក្លាយ​ជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​នៃ​ការរំដោះ​ជាតិ។​ រណសិរ្ស​នេះ​ បាន​បង្កើត​របប​ថ្មី​ឈ្មោះ​ថា​ «សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា»[2]។ ខ្ញុំបាន​វិលត្រឡប់​ទៅ​ភូមិកំណើត ហើយបាន​ជួប​នូវ​ភាពសោក​សៅដែលឪពុកម្ដាយ​របស់​ខ្ញុំ​បាន​ស្លាប់​អស់​ទៅ​ហើយ​​។ ក្រោយ​មក​ទៀត ខ្ញុំ​​បាន​ទទួល​ដំណឹង​ថាប្អូនប្រុស​របស់ខ្ញុំ​នៅ​រស់រាន​មានជីវិត ហើយយើ​ង​បានជួប​គ្នា​សារជា​ថ្មី​បន្ទាប់ពី​បែក​គ្នា​រយៈពេល​ខ្ទង់៣៣ឆ្នាំ (១៩៧០-២០០៣)។ ប្អូន​របស់​ខ្ញុំ​មាន​ពិការ​ជើង ដោយ​សារសង្គ្រាម​។ យើង​ជួប​គ្នា​​តែ​ប៉ុន្មាន​​ឆ្នាំ​​ប៉ុណ្ណោះ ប្អូន​របស់​ខ្ញុំក៏​​បាន​​ស្លាប់​ចោល​​ខ្ញុំ​​ដោយ​សារ​​​មេរោគ​នៅក្នុងឆ្អឹងជើងដែលបាក់​​។ បច្ចុប្បន្ន​ ខ្ញុំរស់នៅ​ក្នុង​ស្ថានភាព​ឯកោ ជា​ស្ដ្រី​មេម៉ាយ និងគ្មានកូន។

​នៅពេ​លរំឭកដល់​សម័យ​ខ្មែរក្រហម ខ្ញុំ​សុំ​ទម្លាក់​ចោល​រឿង​រ៉ាវ​​ទាំង​អស់​នៅ​ត្រឹម​​ពេល​នេះ ហើយ​​និយាយ​ថា ​«បិតា​លា​បុត្រ​ហើយ»។ ​ប្រសិន​បើ​​ថ្ងៃ​ស្អែក​ មានមនុស្សម្នា​ជាច្រើន​​រត់​ចូល​ជា​មួយ​ ប៉ុល ពត ទៀត​ ខ្ញុំក៏រត់ចូលជាមួយ​អ្នកដទៃ​ដែរ ដោយសារ​ ​យើង​មិន​ដឹង​​រស់​នៅ​ជា​មួយ​អ្នក​ណា។ មនុស្សទូទៅ​រស់នៅ​យ៉ាង​វេទនា​ក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​ ហើយ​រឿង​រ៉ាវដែល​យើងបាន​ជួប​ប្រទះ​ស្ទើរ​តែមិន​អាច​និយាយចេញ​មកក្រៅបាន​។ ដូច្នេះហើយ​មនុស្សម្នារចង់ស្លាប់ ប្រសើ​រជាងរស់នៅ។​ ​ខ្ញុំ​យល់​ថា​​ដើម្បី​កុំ​ឲ្យ​របប​​ខ្មែរក្រហម​វិល​ត្រឡប់​មក​វិញ​ គឺ​យើង​មិន​ត្រូវ​រំឭក​រឿងរ៉ាវ​ទាំង​នោះ​​មក​វិញ​ទេ​ ហើយ​បើ​អាច​បំភ្លេច​​បាន​រឹត​​តែល្អ​»។​​​

អត្ថបទដោយ មេក វីន


[1] សួត វិចិត្រ សម្ភាសន៍ ស៊ីវ អេង នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅក្នុងខែ​កញ្ញាឆ្នាំ​២០២២។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin