ស៊ុត ពិល៖ យើងអាចរកយុត្ដិធម៌បានលុះត្រាតែប្រទេសយើងមានសន្ដិភាព

ស៊ុត ពិល[1] កើតក្នុងឆ្នាំ១៩៤៩ ក្នុងភូមិរំដេង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្នរស់នៅក្នុងភូមិទួលសាលា ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
ស៊ុត ពិល និយាយថា៖ “នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបានឃើញស្ថានភាពរស់នៅមួយដ៏សែនលំបាក។ នៅចន្លោះឆ្នាំ១៩៧២-១៩៧៣ ខ្មែរក្រហមដាក់ឲ្យខ្ញុំរស់នៅក្នុងកងចល័ត។ បន្ទាប់មកនៅចន្លោះឆ្នាំ១៩៧៤-១៩៧៥ ខ្ញុំផ្លាស់ពីកងចល័តទៅធ្វើជាអ្នកឡើងត្នោត ដើម្បីផលិតស្ករក្នុងសហករណ៍។ ខ្ញុំបានធ្វើការងារនេះរហូតដល់កងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជា ហើយសហករណ៍ខ្មែរក្រហមត្រូវបានរំសាយនៅឆ្នាំ១៩៧៩។ បន្ទាប់មក ខ្ញុំបានបន្ដរស់នៅក្នុងភូមិកំណើតក្រោមការគ្រប់គ្រងរបស់កងទ័ពវៀតណាម។ នៅជំនាន់ខ្មែរក្រហម ខ្ញុំមិនទទួលបានអាហារហូបចុកគ្រប់គ្រាន់ទេ ហើយជារៀងរាល់ថ្ងៃយើងតែងតែបន់ស្រន់ព្រះ និងគុណឪពុកម្ដាយដែលមាននៅក្នុងចិត្ដឲ្យជួយស្រោចស្រង់ជីវិតរួចផុតពីស្ថានភាពភ័យព្រួយទាំងអស់នេះ។
មកទល់សព្វថ្ងៃនេះ ខ្ញុំលែងមានបំណងប្រាថ្នាអ្វីផ្សេងទៀតក្រៅពីការរស់រានមានជីវិតដូចបច្ចុប្បន្ននេះ។ ការបង្កើតឲ្យមានសាលាក្ដីខ្មែរក្រហម គឺជាដំណើរការដ៏ត្រឹមត្រូវមួយទៀតដែលខ្ញុំចង់បាន ដើម្បីទទួលបានយុត្ដិធម៌ វែកញែកពីភាពខុសភាពត្រូវ អំពើល្អ-អាក្រក់ និងស-ខ្មៅ និងដាក់ទោសទៅលើឧក្រិដ្ឋជនដែលប្រព្រឹត្ដអំពើឃោរឃៅ។ ខ្ញុំមានការត្រេកអរណាស់ ចំពោះការបង្កើតតុលាការខ្មែរក្រហម ហើយចង់ឲ្យប្រព័ន្ធយុត្ដិធម៌នេះនឹងនៅតែបន្ដសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ពាក្យថា “យុត្ដិធម៌” បានន័យថា ជាភាពត្រឹមត្រូវ មិនលម្អៀង មិនល្អក់កករ និងមិនពុករលួយ។ ប្រសិនបើសង្គមមួយពុំមានការផ្ដល់យុត្ដិធម៌ទេ អ្នកដែលរងគ្រោះ គឺជនក្រីក្រ។ សម្រាប់ការបង្កើតឲ្យមានការស្វែងរកយុត្ដិធម៌តាមផ្លូវតុលាការ គឺមានសារសំខាន់សម្រាប់កូនចៅជំនាន់ក្រោយ។ ខ្ញុំយល់ថា ទោះបីរឿងរ៉ាវប្រវត្ដិសាស្រ្ដបានកន្លងផុតទៅប្រមាណជាង៤០ឆ្នាំហើយយ៉ាងណាក្ដី រឿងរ៉ាវទាំងនោះនឹងនៅតែមានសារសំខាន់ ដោយមូលហេតុថា យើងមិនអាចស្វែងរកយុត្ដិធម៌បានទេ ដរាបណាមិនមានការចាំច្បាស់លាស់ និងអ្នករស់រានមានជីវិតពីសម័យនោះ។ យើងអាចរកយុត្ដិធម៌បាន លុះត្រាតែប្រទេសរបស់យើងមានសុខសន្ដិភាពដូចពេលបច្ចុប្បន្ននេះ។ ខ្ញុំមានការត្រេកអរបន្ទាប់ពីធ្វើ សមាហរណកម្មចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា ដោយសារតែយើងលែងនាំគ្នារត់លូន និងបាញ់សម្លាប់គ្នាទៀត។ ជាពិសេសទៅទៀតនោះ គឺការរៀបចំឲ្យមានប្រព័ន្ធតុលាការត្រឹមត្រូវនៅក្នុងពេលសុខសន្ដិភាពដែលបានមកនេះ។
ការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម គឺជារឿងធម្មតាទេ ពីព្រោះក្នុងនាមជាថ្នាក់ដឹកនាំកំពូលត្រូវមានការទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ដក្នុងរបបដឹកនាំមួយ។ ការកាត់ទោសនេះជាគំរូសម្រាប់មនុស្សជំនាន់ក្រោយ កុំឲ្យមានការប្រព្រឹត្ដកំហុសនិងទង្វើអាក្រក់តទៅមុខដូចសម័យខ្មែរក្រហមទៀត។ ប្រសិនបើតុលាការ មិនបានកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទេ អំពើអយុត្ដិធម៌វានៅតែដក់ជាប់ក្នុងចិត្ដយើងជានិច្ច។
ការរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហម យើងទទួលរងនូវអំពើអយុត្ដិធម៌ច្រើន ពីព្រោះនៅពេលនរណាម្នាក់ប្រព្រឹត្ដកំហុសនឹងត្រូវយកទៅសម្លាប់ចោលភ្លាមៗ មិនមានតុលាការកាត់ទោសបានត្រឹមត្រូវឡើយ។ ប្រជាជនជំនាន់នោះរស់នៅពុំមានតម្លៃទេ ហើយងាយរងគ្រោះបំផុតដល់អាយុជីវិត ប្រសិនបើអង្គការខ្មែរក្រហមចោទប្រកាន់ថា មិនមានភាពស្អាតស្អំនឹងបដិវត្ដន៍។ វាមិនខុសអ្វីពីសត្វឆ្កែមួយក្បាល ដែលត្រូវបានគេចោទថា ជាឆ្កែឆ្កួតដើម្បីយកទៅសម្លាប់ចោលនោះទេ។ ទោះបីយើងដឹងថាខ្មែរក្រហមពុំបានផ្ដល់យុត្ដិធម៌ ឬការវិនិច្ឆ័យត្រឹមត្រូវ យើងសុខចិត្ដស៊ូទ្រាំ និងក្រាញននៀលត្រដររស់ ព្រោះមិនដឹងស្វែងរកយុត្ដិធម៌នៅទីណាបាន។ ប្រជាជនគ្រប់រូបប្រៀបបានទៅនឹងត្រីនៅក្នុងសំណាញ់ខ្មែរក្រហម។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងស្រុកអន្លង់វែងមើលឃើញថា ខ្មែរក្រហម និងប្រជាជន ប្រៀបបានទៅនឹងដំរីនិងស្មៅ។ ខ្ញុំបានមកដលតំបន់អន្លង់វែងអំឡុងឆ្នាំ១៩៨២-១៩៨៣ នៅពេលកងទ័ពវៀតណាមបានចោទប្រកាន់ខ្ញុំថាមានជាប់ពាក់ព័ន្ធនឹងនិន្នការខ្មែរក្រហម។ នៅពេលមកដល់អន្លង់វែង ខ្ញុំបានរួមដំណើរជាមួយចលនាខ្មែរក្រហមបន្ដទៀតរហូតដល់ឆ្នាំ១៩៩៨។ នៅពេលចលនានេះឈានដល់ទីបញ្ចប់ ខ្ញុំចងចាំអំពីការកាត់ទោស ប៉ុល ពត ដែលជាមេដឹកនាំកំពូលរបស់ខ្មែរក្រហម។ ប៉ុល ពត ត្រូវបានកាត់ទោសដោយតុលារការប្រជាជននៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីមានព្រឹត្ដិការណ៍បញ្ជាឲ្យសម្លាប់សុន សេន នៅលើខ្នងភ្នំដងរែក។ ដំណើរការកាត់ទោស ប៉ុល ពត គឺជាដំណើរការមួយនៃការស្វែងរកយុត្ដិធម៌ឲ្យជនរងគ្រោះ ជាពិសេសឲ្យក្រុមគ្រួសាររបស់ សុន សេន។ ខ្ញុំយល់ថា យើងមិនអាចកាត់ទោសចំពោះអ្នកមានតួនាទីតូចតាចនៅក្នុងជំនាន់ខ្មែរក្រហមទាំងអស់បានទេ ពីព្រោះអ្នកទាំងនោះធ្វើតែតាមការបញ្ជារបស់ថ្នាក់លើខ្លួនប៉ុណ្ណោះ។
ការសាមគ្គីគ្នាក្រោយពេលសង្គ្រាមបានបញ្ចប់ទៅ គឺមានសារសំខាន់ ដើម្បីការផ្សះផ្សាជាតិ។ មកទល់ពេលនេះ ខ្ញុំលែងគិតគូរអ្វីក្រៅតែពីសេចក្ដីសុខរៀងៗខ្លួន នៅក្នុងពេលដែលយើងចាស់ទៅនេះ។ សង្គមជាតិរបស់យើងមិនត្រូវការការបែកបាក់ទៀតទេ”៕
អត្ថបទដោយ សួត វិចិត្រ
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ ស៊ុត ពិល នៅក្នុងភូមិទួលសាលា ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅក្នុងឆ្នាំ២០២០។