កូនឈឺគេមិនឲ្យទៅមើល

តុប អ៊ក រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ តុប អ៊ក ភេទប្រុស កើតក្នុងឆ្នាំ១៩៤៤ មានអាយុ ៧៨ឆ្នាំ​ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ អ៊ក មានឪពុកឈ្មោះ តុប ឃុត, ម្ដាយឈ្មោះ ហែម ព្រីង និងមានបងប្អូនប្រាំបីនាក់។ គាត់មានប្រពន្ធឈ្មោះ សោម សន និងកូនចំនួន១០នាក់ ក្នុងនោះស្លាប់បីនាក់។ នៅរបបខ្មែរក្រហម កូនប្រុសរបស់គាត់ម្នាក់ស្លាប់ ដោយសារខ្មែរក្រហមចាប់បញ្ជូនទៅធ្វើជាកងទ័ព។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ អ៊ក បានបួស និងរៀនត្រឹមថ្នាក់ទី៥ នៅសាលាវត្តព្រៃត្រសក់ អស់រយៈពេលបីឆ្នាំ។ ក្រោយមក អ៊ក បានសឹក និងឈប់រៀន និងប្រកបរបរជាកសិករវិញ។ ពីរឆ្នាំក្រោយមក អ៊ក បានរៀបការជាមួយប្រពន្ធរបស់គាត់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អ៊ក ឃើញវត្តមានកងទ័ពវៀតណាមចូលមកភូមិ និងប្រមូលសម្ភារផ្សេងៗ។ អ៊ក និយាយថា មានរថក្រោះមកពីទិសខាងត្បូង និងមានការទម្លាក់គ្រាប់បែក បណ្ដាលឲ្យផ្ទះប្រជាជនរងការខូចខាតជាច្រើនខ្នង។ អ៊ក និងប្រពន្ធដែលកំពុងមានផ្ទៃពោះ បានរត់គេចខ្លួនចូលលេណដ្ឋាន និងទៅរស់នៅភូមិដំបូកខ្ពស់។ មួយឆ្នាំក្រោយមក អ៊ក ផ្លាស់ទៅរស់នៅភូមិទូកមាស។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលទើបឡើងកាន់អំណាចបានចាត់ទុក អ៊ក ជាប្រជាជនចាស់ និងជាប្រជាជនមិនពេញសិទ្ធិ ដោយសារតែគាត់​មានបងប្អូនធ្លាប់ធ្វើទាហាន លន់ នល់។ អ៊ក ត្រូវបានបំបែកចេញពីប្រពន្ធកូនដោយត្រូវទៅធ្វើការរួម និងហូបរួមនៅតំបន់ផ្សេង។ អ៊ក ត្រូវលើកភ្លឺស្រែ, រែកដីដំបូក និងជីកប្រឡាយ ដោយមានសមាជិកប្រហែល១០នាក់។ អ៊ក ត្រូវធ្វើការពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបទទួលបានរបបអាហារ និងបន្តធ្វើការពីម៉ោង១ថ្ងៃរហូតដល់ល្ងាច។

អ៊ក និយាយថា គាត់មិនដែលបានហូបចុកគ្រប់គ្រាន់នោះទេ ដោយគាត់​ទទួលបានតែបបរលាយជាមួយព្រលិត ដែលធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺ និងមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលប៉ុណ្ណោះ។ ក្រោយមក អ៊ក ត្រូវខ្មែរក្រហមបញ្ជូនទៅដកស្ទូង និងដឹកសំណាបនៅភូមិបន្ទាយមាស។ អ៊ក និយាយថា ប្រជាជនថ្មីមួយចំនួន ដែលលួចហូបដូង, ល្ហុង ឬសូម្បីតែម្ទេសមួយគ្រាប់ ត្រូវបានខ្មែរក្រហមហៅទៅកសាងនៅសាលាឃុំ។

នៅពេលដែលឮដំណឹងថាកូនឈឺ អ៊ក បានស្នើសុំប្រធានកងទៅមើលកូន ប៉ុន្តែត្រូវបានបដិសេធ។ អ៊ក និយាយថា កូនរបស់គាត់ត្រូវខ្មែរក្រហមបញ្ជាឲ្យទៅប្រមូលលាមកគោ។

នៅយប់មួយ ប្រពន្ធរបស់ អ៊ក ត្រូវបានខ្មែរក្រហមហៅទៅរៀនសូត្រ ដោយសារកងឈ្លបឃើញគាត់លួចអង្ករដាំបាយក្នុងកំសៀវទឹកឲ្យកូនៗហូប។ ប្រពន្ធរបស់គាត់ បានស្នើ​ឲ្យ ចាំកូនរបស់គាត់ដេកលក់សិន ចាំយកគាត់ទៅ ដូច្នេះប្រពន្ធរបស់គាត់មិនត្រូវបានទៅរៀនសូត្រនោះទេ។

អ៊ក និយាយថា ប្រជាជនក្នុងភូមិ ត្រូវបានខ្មែរក្រហមហៅទៅរៀនសូត្រតែពេលយប់ប៉ុណ្ណោះ និងភាគច្រើនប្រជាជនថ្មីត្រូវបានសម្លាប់ ដោយសារនិយាយថាហូបមិនឆ្ងាញ់ ឬត្អូញត្អែរជាដើម។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អ៊ក បានទទួលដំណឹងថាប្អូនរបស់គាត់ម្នាក់ និងកូនប្រុសរបស់ម្នាក់ត្រូវបានបាត់បង់ជីវិត៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin