អ៊ុក សារី៖ ស្ទើរតែបាត់បង់ជីវិតទាំងគ្រួសារ
អ៊ុក សារី[1] ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ សារី មានបងប្អូនចំនួន៥នាក់ឈ្មោះ វ៉ាត, ចាន់ណារី, ស៊ីវន្ថា, ចានរ៉ា និងវ៉េត។ ក្នុងចំណោមប្អូនរបស់សារីទាំងអស់ ឈ្មោះស៊ីវន្ថា និងចាន់រ៉ា បាត់បង់ជីវិតដោយសារតែជំងឺហើម នៅក្នុងសម័យខ្មែរក្រហម។ នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សារី រស់នៅទីក្រុងភ្នំពេញ និងមានជីវភាពធូរធារ ព្រោះឪពុករបស់គាត់ធ្វើការងារជាពេទ្យកាន់ឃ្លាំងថ្នាំ និងជាគិញក្នុងព្រះរាជវាំង។ នៅអំឡុងឆ្នាំ១៩៧២-១៩៧៣ សារី បានទៅលេងផ្ទះអ៊ំនៅម្ដុំថ្នក់បត់ ខេត្តតាកែវ រយៈពេលមួយសប្ដាហ៍។ ពេលទៅស្នាក់នៅផ្ទះអ៊ំ សារី បានឮមនុស្សធ្វើសំឡេងឆ្កែចចកពេលល្ងាច ហើយពេលយប់កើតមានហេតុការទម្លាក់គ្រាប់បែក។
ពេលត្រលប់មកពីតាកែវ គ្រួសាររបស់សារី បានជួបហេតុការណ៍មួយទៀតគឺការទម្លាក់គ្រាប់បែកឆេះព្រលានយន្តហោះពោធិ៍ចិនតុង។ ពេលឃើញហេតុការណ៍ដូច្នេះ ជីតារបស់សារី មានការភ័យខ្លាចយ៉ាងខ្លាំង និងបាននាំគ្រួសារទាំងមូលទៅរស់នៅ ខេត្តប៉ៃលិន។ ពេលទៅដល់ខេត្តប៉ៃលិន ឪពុករបស់សារី មានគម្រោងរស់នៅទីនោះរយៈពេលមួយឆ្នាំ ប៉ុន្តែដោយសារតែគាត់បបួលជីតាត្រលប់មកភ្នំពេញវិញមិនបានទើបនៅបន្តទៀត។ មូលហេតុដែលជីតារបស់សារី មិនព្រមត្រលប់មកភ្នំពេញវិញ ព្រោះគាត់ចង់រស់នៅក្បែរកូនស្រីរបស់គាត់ ដែលមានគ្រួសារធ្វើជាទាហាន លន់ នល់ នៅទីនោះ។
នៅខេត្តប៉ៃលិន ឪពុករបស់ សារី បានទិញផ្ទះ និងទិញដី មួយកន្លែងរស់នៅជួបជុំគ្នា ប៉ុន្តែដោយសារតែផ្ទះដែលគ្រួសារគាត់ទិញនៅមិនបានសុខ ចេះតែមានការរំខានពីពពួកអមនុស្ស ទើបគាត់សម្រេចចិត្តប្ដូរទៅរស់នៅក្បែរបន្ទាយទាហាន លន់ នល់ ជាប់ស្ពានអូតាវ៉ាវ ដែលជាដីរបស់ចៅហ្វាយខេត្តប៉ៃលិនចែកឲ្យ។ នៅក្បែរបន្ទាយទាហាន គ្រួសាររបស់សារី មានក្បាលដីប្រវែង ២០០ម៉ែត្រ បណ្ដោយ៥០០ម៉ែត្រ ហើយឪពុករបស់គាត់បានដាំដំណាំពេញដីទាំងអស់។ ក្រោយមក នៅពេលដែលមានសង្គ្រាមនៅក្នុងប្រទេសកាន់តែខ្លាំង មានគ្រួសារមួយដែលរស់នៅសហរដ្ឋអាមេរិក ចង់ធានាគ្រួសារសារី ឲ្យចេញពីប្រទេស។ មូលហេតុដែលគ្រួសារនៅអាមេរិក ហ៊ានចំណាយការធ្វើដំណើរ និងចិញ្ចឹមគ្រួសារគាត់ទៅអាមេរិក ដោយសារតែគ្រួសារនោះដឹងគុណឪពុករបស់សារី ដែលធ្លាប់ព្យាបាលជំងឺឲ្យកាលពីមុន ដូចជាពេទ្យប្រចាំត្រកូល។ ពេលដឹងដំណឹងនេះ ឪពុករបស់សារី បានបដិសេធព្រោះគាត់មិនចង់ចាកចេញពីឪពុកម្ដាយរបស់គាត់ និងបន្តរស់នៅខេត្តប៉ៃលិន រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង។
បន្ទាប់ពីទទួលបានជ័យជម្នះទាហាន ប៉ុល ពត បានចូលក្នុងក្រុងប៉ៃលិន និងចាប់ផ្ដើមជម្លៀសទាហាន លន់ នល់ តាមរយៈរថយន្ត យកទៅសម្លាប់នៅកន្លែងផ្សេងៗ ដោយបំផ្ទុះគ្រាប់បែក។ ចំណែក ប្រជាជន, ប្រពន្ធ និងកូនៗ របស់ទាហានជាច្រើនគ្រួសារទៀត រួមជាមួយគ្រួសារសារី ត្រូវជម្លៀសដោយថ្មើរជើងចេញពីក្រុងតាមក្រោយ។ ក្នុងអំឡុងពេលជម្លៀស សារី បានឃើញសាកសពទាហាន លន់ នល់ និងគ្រួសាររបស់ទាហានជាច្រើនកន្លែង ហើយពេលខ្លះគ្រួសាររបស់គាត់ត្រូវសម្រាកនៅជិតសាកសពទាំងនោះ ព្រោះពេលយប់មើលមិនឃើញ។ នៅពេលធ្វើដំណើរ អង្គការមិនបានដឹងថា ឪពុករបស់សារី ធ្វើការងារនៅក្នុងសម័យ លន់ នល់ នោះទេ ព្រោះពេលទៅរស់នៅខេត្តប៉ៃលិន គាត់ធ្វើតែចម្ការ។ មួយវិញទៀត ឪពុករបស់សារី កុហកអង្គការថាគាត់មិនចេះអក្សរអ្វីទាំងអស់ ប៉ុន្តែការពិតគាត់ចេះភាសាបារាំង, វៀតណាម និងអង់គ្លេស។
គ្រួសាររបស់សារី បានធ្វើដំណើរទៅដល់សហករណ៍មួយក្បែរភ្នំធិបតី ឬហៅភ្នំតាផ្តេ ប៉ុន្តែមិនទាន់លំបាកប៉ុន្មានទេ ព្រោះមានប្រជាជនចាស់ជួយផ្ដល់ជាអាហារ និងជម្រក។ នៅក្នុងសហករណ៍ សារី មិនបានរស់នៅជួបជុំគ្រួសារនោះទេ ព្រោះអង្គការបានជម្លៀសឪពុករបស់គាត់ឲ្យទៅធ្វើការងារអារឈើនៅកន្លែងផ្សេង ហើយម្ដាយធ្វើការងារនៅក្នុងកងចល័ត និងបងប្អូនផ្សេងទៀតដែលធំល្មមត្រូវចេញទៅធ្វើការងារតាមកងរៀងៗខ្លួន។ ចំពោះ សារី មានអាយុប្រមាណ១០ឆ្នាំ អង្គការបានប្រើឲ្យគាត់ជួយជញ្ជូនកណ្ដាប់សំណាប ឬកណ្ដាប់ស្រូវ, ធ្វើជី និងលើកទំនប់, ប្រឡាយ។
សារី បានបន្តថា នៅរដូវធ្វើស្រែ អង្គការបានរៀបចំក្រុមកុមារឲ្យដើរប្រមូលលាមកក្នុងបង្គន់តាមផ្ទះយកមកលាយជាមួយផេះក្នុងរោងបាយ រួចយកសំណាបទៅជ្រលក់។ បន្ទាប់ពីជ្រលក់រួច កុមារទាំងអស់ត្រូវជញ្ជូនកណ្ដាប់នោះយកទៅឲ្យកងចល័តនារីដើម្បីស្ទូងភ្លាមៗរហូតដល់អស់។ នៅរដូវប្រាំង អង្គការបានចាត់តាំង សារី និងកុមារផ្សេងទៀត ទៅធ្វើការងារលើកទំនប់ទប់ទឹកក្នុងមួយថ្ងៃឲ្យបានបណ្ដោយ១ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្ពស់១ម៉ែត្រ ហើយប្រសិនបើធ្វើមិនគ្រប់តាមការកំណត់នឹងត្រូវកាត់របបអាហារ។
សារី រស់នៅក្នុងសហករណ៍ភ្នំថុក បានរយៈពេលមួយឆ្នាំ គាត់បានឃើញអង្គការចាប់កម្មាភិបាលនៅក្នុងភូមិជាច្រើននាក់ចងស្លាបសេក បណ្ដើរយកទៅសម្លាប់ទម្លាក់ក្នុងរណ្ដៅ។ ចាប់តាំងពីមានការចាប់ប្រជាជនចាស់ បុរសៗនៅក្នុងភូមិស្ទើរតែស្លាប់ទាំងអស់ ហើយការហូបអាហារកាន់តែលំបាកជាងមុខ។ ក្រោយមក ការសម្លាប់មនុស្សកាន់តែឃោរឃៅ និងបើកចំហរជាងមុន។ ជាក់ស្ដែង សារី បានឃើញសាកសពមនុស្សដែលអង្គការវាយសម្លាប់ទម្លាក់ក្នុងត្រពាំងទឹក ក្បែរផ្លូវដែលគាត់ជញ្ជូនកណ្ដាប់សំណាបឲ្យក្រុមកងចល័ស្ទូង។ ចំណែកឯអ្នកទោស ដែលអង្គការយកទៅសម្លាប់ភាគច្រើនគឺគ្មានប្រព្រឹត្តកំហុសធ្ងន់ៗនោះទេ គ្រាន់តែអង្គការចោទថាជាខ្មាំង ឬមានប្តីឬប្រពន្ធជាជនជាតិវៀតណាម ក៏ត្រូវយកទៅសម្លាប់ទាំងគ្រួសារដែរ។
ចំពោះការសម្លាប់មនុស្ស មុនដំបូង កងឈ្លបបានប្រើប្រជាជនដែលត្រូវយកទៅសម្លាប់ឲ្យជីកត្រពាំងមួយ។ ពេលជីករួច អ្នកទោសទាំងអស់ត្រូវទៅអង្គុយនៅមាត់រណ្ដៅ រួចកងឈ្លបយក ដងចប, ភ្លៅរទេះ, គល់ឫស្សី, ដំបង ឬវត្ថុដែលរឹងៗ វាយពីក្រោយទម្លាក់ក្នុងត្រពាំង។ ក្រោយមក នៅពេលដែលអង្គការត្រូវការសម្លាប់អ្នកផ្សេងទៀត កងឈ្លបបានប្រើឲ្យអ្នកទោសនោះកប់សាកសពអ្នកមុនសិន រួចប្រើអ្នកទោសនោះឲ្យកាយត្រពាំងថ្មីក្បែរនោះ ដើម្បីសម្លាប់បន្តទៀត។ ពេលកាយរួចគឺវាយសម្លាប់បន្តទៀត ហើយអ្នកណាដែលមិនទាន់ស្លាប់ អង្គការនឹងយកដីកប់ទាំងរស់។
ចំពោះ សារី ធ្លាប់បានប្រព្រឹត្តកំហុសម្ដង ដោយសារកូនចិនម្នាក់បានហៅគាត់ទៅហូបខ្នុរនៅក្នុងផ្ទះ ព្រោះខ្លួនលួចបេះបន្ទំក្នុងផ្ទះ ហើយហូបអស់ពាក់កណ្ដាល។ សារី បានចូលរួមហូបខ្នុរនោះ ប៉ុន្តែនៅពេលដែលអង្គការចាប់បានកូនចិននោះបានឆ្លើយដាក់ សារី ថាជាអ្នកបេះ។ ពេលដឹងដំណឹងនេះ បងជីដូនមួយដែលធ្វើការងារជាឈ្លបភូមិ មកខ្សឹបប្រាប់ឲ្យ សារី រត់ពីភ្នំថុក ទៅតាមឪពុកនៅភ្នំធិបតី ទើបរួចពីសេចក្ដីស្លាប់។ នៅភ្នំធិបតី សារី គេចទៅធ្វើការងារពីកន្លែងមួយទៅកន្លែងមួយទៀត ហើយរបបអាហារដែលគាត់ទទួលបានគឺយកពីចំណែកខ្លះរបស់ឪពុកដែលជាជាងធ្វើផ្ទះ។
មុនពេលខ្មែរក្រហមដួលរលំ អង្គការបានបញ្ជូនកងឈ្លបទៅសម្លាប់គ្រួសាររបស់សារី ប៉ុន្តែដោយសារតែអ្នកដែលអង្គការបញ្ជូនឲ្យទៅត្រូវជាឪពុកមារបស់គាត់ ទើបរួចខ្លួន។ ក្រោយមក អង្គការជម្លៀសគ្រួសារសារី និងប្រជាជនផ្សេងទៀតនៅជិតភ្នំធិបតី ឡើងលើភ្នំ ប៉ុន្តែ គ្រួសារសារី សុខចិត្តលះបង់រទេះ និងគោ លួចត្រលប់មកក្រោយវិញ។ នៅតាមផ្លូវ ឪពុករបស់ សារី បានធ្វើរទេះរុញសម្ភារមួយ រួចធ្វើដំណើរមកទីក្រុងភ្នំពេញ។ នៅតាមផ្លូវ គ្រួសាររបស់សារី ឆ្លៀតពេលរកបន្លែ ស្លឹកឈើមួយចំនួនធ្វើជាម្ហូប និងរកត្រី ទៅដូរជាមួយអង្ករ រហូតដល់ស្វាយដូនកែវ។ នៅស្វាយដូនកែវ ឪពុករបស់សារី បានទៅរកត្រីចំទឹកត្រពាំងមួយ ដែលមានអ្នកមានបារមីកាន់ ហើយគាត់និយាយខុសមាត់ ទើបគាត់រកត្រីមិនបាន និងធ្វើឲ្យគាត់ឈឺរាក។ បន្ទាប់ពីឈឺអស់រយៈពេល៥ថ្ងៃ ឪពុករបស់សារី បានឲ្យកូនលើកឡើងអង្គុយបែរមុខទៅត្រពាំងត្រីនោះ រួចរៀបរាប់រឿងរ៉ាវរបស់គាត់តាំងពីក្មេងរហូតដល់ពេលនេះ និងស្លាប់ក្នុងពេលនោះតែម្ដង។ បន្ទាប់ពីឪពុកស្លាប់ សារី បានដើរសុំអង្ករ និងបាយពីប្រជាជនតាមផ្លូវ ប៉ុន្តែប្រសិនជាសុំមិនបានគឺត្រូវដើររើសផ្លែត្នោតទុំយកមកដុតហូប។ គ្រួសាររបស់សារី បានធ្វើដំណើរមកផ្ទះនៅទីក្រុងភ្នំពេញ ប៉ុន្តែមានអ្នកមិនឲ្យចូល ទើបគ្រួសាររបស់គាត់ត្រលប់ទៅរស់នៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់ម្ដាយ៕
[1] កិច្ចសម្ភាសជាមួយឈ្មោះ អ៊ុក សារី នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ដោយ ហេង លីដា នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទដោយ ភា រស្មី