ប្រពន្ធឈ្លើយសឹក

(កំពត)៖ អ៊ុន កៅ ភេទស្រី មានអាយុ ៨០ឆ្នាំ និងជាកសិករ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅរបបខ្មែរក្រហម កៅ ត្រូវបានខ្មែរក្រហមហៅថា “ប្រពន្ធឈ្លើយសឹក” ដោយសារប្តីរបស់គាត់ជាអតីតទាហាន លន់ នល់។
អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ កៅ បានរៀបការ។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ គ្រួសារកៅ បានរត់គេចពីទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងភូមិ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ខ្លួនប្តីរបស់គាត់ ហើយគាត់ត្រូវធ្វើពលកម្មហួសកម្លាំង និងបង្អត់អាហារ ឬហូបតែកន្ទក់ប៉ុណ្ណោះ។ ក្រោយមក ខ្មែរក្រហមបានជម្លៀសគាត់ និងកូនពីរនាក់ឈ្មោះ វៀង និងវេត ទៅរស់នៅស្រុកបានៀវ និងបន្តទៅស្រុកព្រៃវែង។
នៅទីនោះ ប្រជាជនមូលដ្ឋាន ហៅគាត់ថា ជាប្រពន្ធឈ្លើយសឹក ឬប្រជាជនថ្មី។ នៅរោងសហករណ៍បានៀវ ខ្មែរក្រហមឲ្យគាត់រៀនជំនាញកសិកម្ម អស់រយៈពេលកន្លះខែ។ ចំណែក កូនទាំងពីររបស់គាត់ ត្រូវបានខ្មែរក្រហមធ្វើបាប និងបង្ខំឲ្យធ្វើពលកម្មហួសកម្លាំង ដូចជារែកដី និងប្រមូលលាមកគោនៅកងចល័ត។ កូនម្នាក់ទៀតរបស់គាត់ ត្រូវផ្ញើនៅរោងកុមារ។
ជារៀងរាល់ព្រឹក នៅពេលឮស្នូរជួង កៅ ត្រូវក្រោកទៅធ្វើការ ដូចជាប្រមូលលាមកមនុស្ស និងលាមកគោ ដាក់ចូលពាងសម្រាប់ធ្វើជីលេខមួយ។ ក្រៅពីនោះ គាត់ត្រូវឃ្វាលគោ, មើលទា, រែកដី និងដាំបន្លែ។
ក្នុងរបបខ្មែរក្រហម ក្រៅពីការធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ កៅ និងកូនៗត្រូវបានខ្មែរក្រហមប្រមាថថា «ក្បាលយួន ខ្លួនខ្មែរ»។ កៅ មិនហ៊ានប្រកែកនឹងអ្វីដែលខ្មែរក្រហមបាននិយាយនោះទេ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ កៅ បានជួបជុំជាមួយប្តី និងត្រលប់មករស់នៅភូមិកំណើតវិញ។ កៅ មានកូនប្រាំពីរនាក់ និងសព្វថ្ងៃមានជំងឺលើសឈាម៕
សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥