អ៊ុយ វាសនា៖ នៅក្នុងក្រុមសេដ្ឋកិច្ចហូបគ្រប់គ្រាន់ជាងនៅកងចល័ត

អ៊ុយ វាសនា អាយុ៥៨ឆ្នាំ រស់នៅភូមិត្រពាំងខន ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារមុនដំបូងរបស់ វាសនា នៅក្នុងកងកុមារ បន្ទាប់មកចូលទៅក្នុងកងចល័តនារីនៅវត្តនិគ្រោធ។ មូលហេតុដែល អង្គការប្ដូរ វាសនា ទៅក្នុងកងចល័តនារី ដោយសារតែគាត់ ចេះតែលួចរត់មកលេងឪពុកម្ដាយនៅផ្ទះ។ នៅពេលដែល វាសនា ធ្វើការងារនៅក្នុងកងនារីគាត់មិនហ៊ានរត់ត្រលប់មកផ្ទះនោះទេ ព្រោះគាត់ខ្លាចអង្គការចាប់ចង។ នៅក្នុងកងចល័ត វាសនា ធ្វើការងារដូចជា៖ ដកសំណាប, ធ្វើស្រែ និងសែងដីទៅតាមរដូវកាល។ នៅពេលសែងដី អង្គការកំណត់ឲ្យវាសនា និងនារីសែងដីមួយថ្ងៃ៦០បង្គី ដោយពេលព្រឹក៣០ ហើយល្ងាច៣០ ប៉ុន្តែជាក់ស្ដែង វាសនា ធ្វើមិនដែលគ្រប់នោះទេ ព្រោះកន្លែងចាក់ដីនៅឆ្ងាយពេក។

ក្រោយមកដោយសារតែឪពុកម្ដាយរបស់គាត់ឈឺ វាសនា ហ៊ានសុំអង្គការត្រលប់មកមើលឪពុកម្ដាយនៅផ្ទះ។ នៅតាមផ្លូវធ្វើដំណើរ វាសនា មានអារម្មណ៍ភ័យខ្លាច ព្រោះគាត់បានឮសំឡេងចាក់មេក្រូនៅមន្ទីរសន្តិសុខក្រាំតាចាន់។ ការចាក់មេក្រូនេះគឺធ្វើឡើងដើម្បីលុបបំបាត់សម្រែកឈឺចាប់របស់មនុស្សដែលអង្គការវាយសម្លាប់។ ពេលមកដល់ផ្ទះ វាសនា ចាប់ផ្ដើមស្រក់ទឹកភ្នែកអាណិតឪពុកម្ដាយយ៉ាងខ្លាំង ព្រោះគាត់បានឃើញម្ដាយរបស់គាត់កំពុងធ្វើការងារទាំងដែលដៃមានដំបៅឈឺខ្លាំង ដោយសារជ័រល្ហុងស៊ីដៃ ហើយគ្មានថ្នាំព្យាបាល។ ចំពោះឪពុករបស់ វាសនា អង្គការប្រើគាត់ឲ្យធ្វើការងារដាំដំណាំ។

បន្ទាប់មកដោយសារតែ វាសនា រហ័សរហួន ទើបអង្គការចាត់តាំងឲ្យគាត់ចូលទៅធ្វើការងារក្នុងក្រុមសេដ្ឋកិច្ច នៅក្នុងរោងបាយដើម្បីរកបន្លែយកមកស្លក្នុងមួយថ្ងៃចំនួន៨ខ្ទះ។ នៅក្នុងរោងបាយ បន្លែដែល វាសនា រកបានមាន៖ ត្រកួន, គូឆាយ, ត្រប់, ខ្នុល, ល្ហុង, ចេក និងបន្លែផ្សេងៗទៀតាមភូមិ។ ក្រៅពីនេះ ក្នុងរយៈពេលមួយសប្ដាហ៍ម្ដង អង្គការរៀបចំកាប់សត្វគោ ឬជ្រូក ធ្វើម្ហូបឲ្យប្រជាជនហូបម្ដង។ ចំពោះ វាសនា នៅពេលដែលមានការសម្លាប់សត្វ គាត់ត្រូវជួយចិញ្ច្រាំសាច់ ឬកាប់ឆ្អឹងយកទៅស្ងោរ និងរៀបចំទទួលភ្ញៀវ ដែលវិលត្រលប់មកពីធ្វើការងារតាមការដ្ឋានវិញ។

វាសនា ធ្វើការងារនៅវត្តនិគ្រោធ បានមួយរយៈ អង្គការបានបញ្ជូនគាត់ឲ្យទៅស្រុកក្រោម ឬហៅថាស្រុកអង្គរបុរី បន្តទៀត ដើម្បីធ្វើការងារនៅក្នុងក្រុមសេដ្ឋកិច្ចដដែល។ នៅស្រុកអង្គរបុរី វាសនា ត្រូវចែវទូករកបន្លែ ដាក់ក្នុងរោងបាយដដែល ទាំងដែលទឹកឡើងខ្លាំង ប៉ុន្តែការហូបអាហារគឺល្អប្រសើរជាងមុន ព្រោះបានហូបបាយ ហើយការងារមិនធ្ងន់ដូចនៅក្នុងកងចល័ត។ មួយវិញទៀត ពេលធ្វើការងារនៅក្នុងសេដ្ឋកិច្ច វាសនា អាចលួចដំណាំដែលដាំនៅក្នុងភូមិហូបបានបន្ថែមទៀត។

ក្រៅពីការធ្វើការងារ វាសនា ធ្លាប់ជួបតាម៉ុក ផ្ទាល់ ប៉ុន្តែគាត់មិនបានដឹងពីអត្តចរិតរបស់តាម៉ុក យ៉ាងម៉េចទេ ប៉ុន្តែបើតាមមើលរូបរាងខាងក្រៅរបស់តាម៉ុក គាត់ជាមនុស្សល្អ ចាត់តាំងធ្វើការងារជាន់ខ្ពស់ ហើយអ្នកធ្វើបាបប្រជាជនគឺជាអ្នកធ្វើការងារនៅខាងក្រោម។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស វាសនា បានដឹងពីការកាត់ទោសមេដឹកនាំរបបខ្មែរក្រហមតាមរយៈស្ដាប់វិទ្យុ។ វាសនា ពេញចិត្តការកាត់ទោស ព្រោះគាត់មិនចង់ឲ្យរបបខ្មែរក្រហមវិលត្រលប់មកវិញ។ មួយវិញទៀត វាសនា ​ចង់ឲ្យមានការចងក្រងឯកសារ និងបង្រៀនក្មេងៗជំនាន់ក្រោយឲ្យយល់ដឹងពីការលំបាកក្នុងសម័យខ្មែរក្រហម និងចង់ឲ្យប្រជាជនរួបរួមគ្នាធ្វើយ៉ាងណាកុំឲ្យរបបខ្មែរក្រហមវិលត្រលប់មកវិញម្ដងទៀត។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី០៤ ខែកញ្ញា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin