យាន សួន៖ ខ្មាំងរបស់អង្គការ
យាន សួន អាយុ៧៦ឆ្នាំ រស់នៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅពេលដែលយោធាខ្មែរក្រហមទទួលបានជ័យជម្នះ សួន បានជម្លៀសចេញពីទីក្រុងភ្នំពេញទៅខេត្តតាកែវ។ នៅតាកែវ អង្គការបានចាត់ទុកគ្រួសារសួន និងប្រជាជនដែលជម្លៀសចេញពីទីក្រុងភ្នំពេញទាំងអស់ ជាប្រជាជនថ្មី ហើយបង្ខំឲ្យធ្វើការងារហួសម្លាំង និងហូបអាហារមិនគ្រប់គ្រាន់។
ចំពោះការហូបអាហារវិញ ប្រជាជនទទួលបានបបរស្ទើរគ្រប់ពេល លើកលែងតែនៅខែប្រមូលផល ទើបប្រជាជនបានទទួលបាយបន្តិចបន្តួច។ ចំពោះការងារ ប្រសិនបើមានអ្នកនិយាយប្រឆាំង ឬបដិសេធមិនព្រមធ្វើការងារ អ្នកនោះនឹងត្រូវសម្លាប់។ ក្រៅពីការធ្វើបាបខាងលើ អង្គការបានចោទប្រកាន់ប្រជាជនថ្មីជាច្រើននាក់ ក្នុងនោះមានគ្រួសារសួន ថាជាខ្មាំងរបស់អង្គការដោយគ្រាន់តែប្រព្រឹត្តិកំហុសបន្តិចបន្តួច។ នៅពេលដែលអង្គការចោទប្រកាន់ថាជាខ្មាំង ប្រជាជនតែងត្រូវកងឈ្លបមកចាប់ចង រួចវាយធ្វើបាប និងយកទៅសម្លាប់ចោល។
ជាក់ស្ដែង សួន ផ្ទាល់ធ្លាប់ត្រូវបានអង្គការចាប់ចង និងយកទៅធ្វើទារុណកម្ម ប៉ុន្តែអង្គការមិនទាន់បានសម្លាប់គាត់នោះទេ ព្រោះចង់ទុកគាត់ឲ្យធ្វើការងារសិន។ ការងាររបស់ សួន មានដូចជា រែកដី និងជីកព្រែក ចាប់ពីភ្នំដំរីរមៀល រហូតដល់ស្រុកក្រោម។ សួន មានសំណាងដែលអង្គការមិនទាន់សម្លាប់ ប៉ុន្តែបងប្អូនរបស់គាត់ ត្រូវអង្គការចោទថាខ្មាំងនិងយកទៅសម្លាប់ចោលតែម្ដង។ ក្រោយមកទៀត អង្គការបានរៀបចំឲ្យ សួន ប្ដេជ្ញាជាមួយយុវជនម្នាក់ រួមជាមួយនឹងយុវជន-យុវនារី១០គូផ្សេងទៀត។ សួន រៀបការរួចមិនបានប៉ុន្មាន ខ្មែរក្រហមបានចាញ់សង្គ្រាម ហើយប្រជាជនមានសិទ្ធសេរីភាព។
បន្ទាប់មក សួន បានចូលទៅធ្វើការងារនៅក្នុងក្រុមប្រតិបត្តិការឃោសនា រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍។ សួន យល់ថាតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺល្អណាស់ ព្រោះខ្មែរក្រហមបានធ្វើបាប និងសម្លាប់ប្រជាជន។ ការកាត់ទោសមេដឹកនាំខ្មែរក្រហមបានផ្ដល់យុត្តិធម៌ និងផ្ដល់សេរីភាពដល់ប្រជាជន។
អត្ថបទដោយ៖ ភា រស្មី
សម្ភាសដោយ៖ មឿន ហាច ថ្ងៃទី២២ ខែសីហា ២០២១