យ៉ុន ថុន៖ សេនាជនឃុំព្រៃក្រឡោង

ខ្ញុំឈ្មោះ យ៉ុន ថុន[1] ភេទប្រុស អាយុ៦៤ឆ្នាំ។ ខ្ញុំរស់នៅភូមិជើងទឹកខ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ ចិន យ៉ុន ហើយម្ដាយឈ្មោះ ប៉ាន សៅ និងមានបងប្អូនប្រុស២នាក់។ កាលពីក្មេងខ្ញុំបានចូលរៀនដំបូងនៅក្នុងវត្តរោងដំរីរយៈពេលមួយឆ្នាំ។
នៅឆ្នាំ១៩៧០ គ្រួសាររបស់ខ្ញុំបានជម្លៀសទៅរស់នៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដោយសារតែមានសង្គ្រាម។ ពេលជម្លៀសទៅខ្ញុំបានទៅរៀនបន្តនៅក្រោមផ្ទះរបស់ប្រជាជនរហូតដល់ថ្នាក់ទី៥។ នៅខាងភូមិព្រៃព្នៅ ខ្ញុំបានចូលរៀនបណ្ដើរ និងជួយមើលក្របី ម្ដាយឪពុករបស់ខ្ញុំបណ្ដើរ។ គ្រួសាររបស់ខ្ញុំមានការលំបាកខ្លាំងព្រោះមិនបានយកសម្ភារមកពីខាងភូមិជើងទឹកខ មកច្រើនព្រោះគិតថានឹងត្រឡប់ទៅវិញឆាប់ៗ។ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ម្ដាយឪពុករបស់ខ្ញុំគាត់ធ្វើល្អី ធ្វើកញ្ច្រែង ដើម្បីប្ដូរយកស្រូវអង្ករ មកផ្គត់ផ្គង់ក្នុងគ្រួសារ។
នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះទៅលើរបប លន់ នល់ ហើយគ្រួសាររបស់ខ្ញុំបានផ្លាស់ប្ដូរទីលំនៅពីព្រៃព្នៅ ទៅសហករណ៍ព្រៃក្រឡោង។ ពេលទៅដល់ព្រៃក្រឡោង ការងារដំបូងរបស់ខ្ញុំមានស្ទូងដក ភ្ជួរ ដឹកជីដាក់ស្រែ និងលើកប្រព័ន្ធប្រឡាយ។ ពេលធ្វើការនៅក្នុងសហករណ៍ ខ្ញុំធ្លាប់ធ្វើឲ្យបាក់រទេះរបស់អង្គការ ប៉ុន្តែមិនទទួលបានការពិន័យនោះទេ ត្រឹមតែប្រធានក្រុមស្ដីបន្ទោសឲ្យម្ដង។ នៅក្នុងសហករណ៍ ការហូបអាហារមិនសូវសម្បូរហូបប៉ុន្មានទេ តែបើទៅប្រព័ន្ធប្រឡាយឆ្ងាយៗទើបបានហូបឆ្អែត។ ខ្ញុំធ្វើការងារនៅប្រព័ន្ធប្រឡាយបានរយៈពេល៣ខែ ប្រធានរោងបាយបានស្នើឈ្មោះរបស់ខ្ញុំឲ្យមកធ្វើការបុកស្រូវនៅក្នុងសហករណ៍វិញ។ នៅក្នុងក្រុមបុកស្រូវ ក្រុមរបស់ខ្ញុំមានសមាជិកចំនួន១០នាក់ ក្នុងនោះមានស្រី៤នាក់ ធ្វើការងារបុកស្រូក និងជាន់ស្រូវ រាល់ថ្ងៃដើម្បីយកអង្ករដាក់ក្នុងរោងបាយ។ ពេលធ្វើការងារបុកអង្ករខ្ញុំហូបអាហារបានគ្រប់គ្រាន់ ហើយមានទឹកត្នោត និងស្ករត្នោតហូបបន្ថែមទៀត។ ពីរខែក្រោយមក មេឃុំបានជ្រើសរើសឈ្មោះរបស់ខ្ញុំឲ្យទៅធ្វើជាសេនាជនឃុំ ព្រោះលោកមេឃុំបានស្គាល់គ្នាច្បាស់ជាមួយឪពុករបស់ខ្ញុំដែលជាអ្នកសាងសង់មន្ទីរឃុំ។
នៅក្នុងមន្ទីរឃុំព្រៃក្រឡោង មានក្រុមសេនាជនប្រមាណ២០នាក់ ត្រូវទទួលខុសត្រូវសន្តិសុខក្នុងឃុំ និងដើរយកការពេលយប់តាមផ្ទះប្រជាជន ដើម្បីឲ្យដឹងថាមានអ្នកណាក្បត់អង្គការដូចជាលួចស្ងោរមាន់ លួចហូបបន្លែ ផ្លែឈើ ដែលដាំនៅក្នុងផ្ទះ និងខុសសីលធម៌ជាដើម។ ជារៀងរាល់ថ្ងៃ អង្គការបានរៀបចំឈ្លបភូមិ២នាក់ដើម្បីដើរក្នុងមួយភូមិ ហើយបើមានអ្នកធ្វើខុសត្រូវចាប់យកមកឃុំឃាំងនៅមន្ទីរឃុំ។ នៅកន្លែងឃុំឃាំងមានអ្នកទោសជាច្រើននាក់ ហើយអង្គការបានដាក់ទោសឲ្យរែកដីមួយថ្ងៃឲ្យបាន៥គូប ហើយបើអ្នកខុសសីលធម៌ដាក់ពិន័យឲ្យមូសខាំបន្ថែមទៀត។ ខ្ញុំរស់នៅមន្ទីរឃុំ បានសុខស្រួល ព្រោះមេធំៗដែលធ្វើការនៅក្នុងឃុំពេញចិត្តខ្ញុំ និងមិនដែលបញ្ជូនខ្ញុំទៅធ្វើការងារតាមព្រំដែននោះទេ។ ក្រៅពីកម្មាភិបាលឃុំ ប្រជាជននៅក្នុងភូមិក៏ស្រឡាញ់ខ្ញុំដែរ ព្រោះខ្ញុំមិនដែលរាយការណ៍រឿងរ៉ាវរបស់ប្រជាជនមិនដូចសេនាជនផ្សេងទៀត ដើម្បីចង់បានមុខមាត់។ មួយវិញទៀត ខ្ញុំបានប្រាប់មិត្តរបស់ខ្ញុំម្នាក់ដែលធ្វើការនៅក្នុងរោងចុងភៅ ឲ្យអ្នកទោសទាំងអស់ហូបឆ្អែត។
នៅក្នុងមន្ទីរឃុំ មានចុងភៅពីរប្រភេទគឺ ចុងភៅមួយសម្រាប់ដាំស្លជូនអ្នកទោស និងអ្នកធ្វើការដូចជាសេនាជន ឬក៏ពេទ្យ។ ចុងភៅមួយប្រភេទទៀតធ្វើម្ហូបសម្រាប់តែថ្នាក់ដឹកនាំធំៗ៥នាក់។ ចុងភៅដែលធ្វើម្ហូបឲ្យថ្នាក់ដឹកនាំត្រូវរៀបចំអាហារចំនួន ៥ទៅ៦មុខ ក្នុងមួយថ្ងៃ ហើយអាហារដែលនៅសល់ខ្ញុំតែងតែបានហូបតាមក្រោយ។ អាហារដែលថ្នាក់ដឹកនាំហូបជាប្រចាំតែងតែមានសាច់ត្រី, សាច់ជ្រូក, សាច់មាន់ សាច់ទា គោ កង្កែប ពស់ អណ្ដើក អន្ទង់ បន្លែ ផ្សេងៗទៅតាមការចង់បាន ហើយអង្ករត្រូវតែរែងយកតែដើមៗប៉ុណ្ណោះ។
ក្រោយមកបន្ទាប់ពីមានរដ្ឋប្រហារ សោ ភឹម អង្គការបានកុហកក្រុមខ្ញុំថាត្រូវកែនទ័ពយកទៅវាយជាមួយយួន ប៉ុន្តែជាក់ស្ដែងគឺយកទៅវាយជាមួយទាហានខ្មែរក្រហមមកពីខាងភូមិភាគនិរតី។ ក្រុមរបស់ខ្ញុំបានធ្វើដំណើរទៅដល់វត្តមួយទាំងយប់ (មិនស្គាល់ឈ្មោះ) ដើម្បីត្រៀមវាយជាមួយយោធាខ្មែរក្រហម ប៉ុន្តែមិនបានប៉ុន្មានផងស្រាប់តែយោធារបស់ សោ ភឹម បានបាក់ទ័ពមក ហើយក្រុមខ្ញុំបានធ្វើដំណើរត្រឡប់មកផ្ទះវិញ។ មកដល់ក្នុងភូមិកម្មាភិបាលខ្មែរក្រហមដែលមកពីខាងនិរតីបានចាត់តាំងមេឃុំព្រៃក្រឡោងថ្មី និងចាប់ក្រុមរបស់ខ្ញុំទាំងអស់ ដោយលើកហេតុផលថាឲ្យចូលធ្វើការក្នុងតួនាទីដដែល ប៉ុន្តែតាមពិតយកទៅសម្លាប់នៅក្នុងវត្តរោងដំរី។
អង្គការបានចាប់អ្នកធ្វើការក្នុងសម័យ សោ ភឹម ទាំងអស់ ដោយរាប់ចាប់ពីមេឃុំ មេភូមិ សេនាជន និងយោធាទាំងអស់ លើកលែងតែខ្ញុំមួយនាក់ ព្រោះបានប្រជាជនក្នុងស្រុកភូមិឲ្យលុបឈ្មោះរបស់ខ្ញុំចេញវិញ ព្រោះខ្ញុំមិនដែលធ្វើបាបប្រជាជន។
ពេលរួចពីស្លាប់ខ្ញុំបានស្នើអង្គការដើម្បីរៀបការជាមួយប្រពន្ធរបស់ខ្ញុំឈ្មោះ ចាន់ ថុន រស់នៅក្នុងសហករណ៍ជាមួយគ្នា ប៉ុន្តែដោយសារខ្ញុំជាប់ឈ្មោះជាអ្នកធ្វើការចាស់ទើបគូរបស់ខ្ញុំ និង២គូផ្សេងទៀតតម្រូវឲ្យរៀបការនៅពេលក្រោយ។ ខ្ញុំរៀបការហើយបានប្រមាណ៥ថ្ងៃ អង្គការបានជម្លៀសម្ដាយឪពុករបស់ខ្ញុំទៅខេត្តពោធិ៍សាត់ ហើយខ្ញុំបម្រុងទៅជាមួយប៉ុន្តែបានម្ដាយឪពុកក្មេកឃាត់។ បន្ទាប់ពីម្ដាយឪពុកខ្ញុំជម្លៀសទៅបានមួយរយៈ វៀតណាមបានចូលមករំដោះប្រទេសហើយគ្រួសាររបស់ខ្ញុំមានសេរីភាព និងប្រកបរបរធ្វើស្រែ និងរកត្រីដើម្បីចិញ្ចឹមជិវិត។ ចំណែកឪពុកម្ដាយ, បងមួយ និងប្អូនមួយនាក់ ដែលបានជម្លៀសទៅដីខា្លញ់បានបាត់បង់ជីវិតពីរនាក់គឺឪពុក និងបងមួយនាក់។ ម្ដាយរបស់ខ្ញុំបាននិយាយថានៅសហករណ៍ដែលគាត់ទៅដល់បានយកអ្នកដែលមានកម្លាំងសម្លាប់ចោលទាំងអស់ ដោយទុកតែចាស់ៗ និងក្មេងដែលមិនសូវមានកម្លាំង។
នៅឆ្នាំ១៩៨០ ខ្ញុំបានត្រឡប់មករស់នៅភូមិជើងទឹកខវិញ ដើម្បីមកមើលម្ដាយមេម៉ាយ។ នៅក្នុងភូមិខ្ញុំបានឮរឿងរ៉ាវរបស់ខ្មែរក្រហមដែលមកពីខាងភូមិភាគនិរតីសម្លាប់ កម្មាភិបាលសម័យ សោ ភឹម នៅម្ដុំតុលាការ និងវត្តរោងដំរី ខេត្តព្រៃវែង។ ឆ្នាំ២០០៦ ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាមេភូមិជើងទឹកខ រហូតមកដល់បច្ចុចប្បន្ន។ សព្វថ្ងៃនេះខ្ញុំមានកូន៥នាក់ (ស្រីមួយនាក់) ហើយជីវភាពរបស់ខ្ញុំគឺធូរធារ។
អត្ថបទដោយ ភា រស្មី
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, កិច្ចសម្ភាសជាមួយឈ្មោះ យ៉ុន ថុន អាយុ៦៤ឆ្នាំ នៅខែមេសា ឆ្នាំ២០២៣ ដោយភា រស្មី នៅក្នុងគម្រោង ប្រវត្តិសាស្រ្ដគ្រួសារ។